ព័ត៌មានជាតិ
ក្រសួង គ្រោងចងក្រងសាលក្រមទុកទោះកាត់ក្ដីផ្ដល់យុត្តិធម៌ ឬអយុត្តិធម៌ ដើម្បីទុករៀនធ្វើតាម និងចៀសវាង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យដឹងថា លោកកំពុងរៀបចំក្រុមការងារ ចងក្រងរាល់សាលក្រម និងសាលដីកាទុក មិនថាសាលក្រមនោះកាត់ក្ដីផ្ដល់ភាពយុត្តិធម៌ ឬអយុត្តិធម៌ ត្រូវ ឬខុស ដើម្បីទុកជាមេរៀនសម្រាប់សូត្រ និងអនុវត្តតាមនូវអ្វីដែលល្អ និងរៀនសូត្រពីអ្វីដែលមិនល្អ ហើយចៀសវាង។ លោក កើត រិទ្ធ ឱ្យដឹងដូច្នេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ រៀបចំឡើងនារសៀលថ្ងៃទី១២ ខែមីនា។

លោក កើត រិទ្ធ ថ្នាក់ដឹកនាំវិស័យយុត្តិធម៌ ថ្លែងដូច្នេះ៖«ឥឡូវខ្ញុំកំពុងតែរៀបចំក្រុមការងារចងក្រងសាលក្រម សាលដីកាទុក។ សាលក្រម សាលដីកាដែលល្អក៏ត្រូវចងក្រងទុក,សាលដីកា សាលក្រមដែលមិនល្អក៏ត្រូវចងក្រងទុក ទុកធ្វើជាមេរៀន។ មួយជាមេរៀនដែលល្អ ជាគំរូសម្រាប់គេរៀនសូត្រតាម ឯមួយទៀតនៅសាលា ពេលដែលបង្រៀន ត្រូវបង្ហាញថាសាលក្រមកុំសរសេរអញ្ចឹង ក៏ជាមេរៀនដែរ មេរៀនមួយសម្រាប់ជៀសវាង មេរៀនមួយសម្រាប់ប្រកាន់យក »។

ជុំវិញបញ្ហាសាលក្រម សាលដីកា នេះ លោក កើត រិទ្ធ អះអាងថា លោក បានសម្គាល់ឃើញថា សាលដីការបស់សាលាឧទ្ធរណ៍មួយចំនួន សរសេរឡើងដោយគ្មានសម្អាងហេតុផ្ទាល់ខ្លួន បែជាពឹងផ្អែកទាំងស្រុងទៅលើសំអាងហេតុរបស់សាលាដំបូងទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ លោក កើត រិទ្ធ គ្រោងជជែកពិភាក្សាអំពីបញ្ហាសាលក្រម សាលដីកា ទាំងល្អ និងអាក្រក់ នៅក្នុងសន្និបាតក្រសួងយុត្តិធម៌ នាពេលក្រោយ ជាមួយភាគីពាក់ព័ន្ធ ដោយត្រូវដកចេញរាល់ឈ្មោះចៅក្រម និងក្រឡាបញ្ជីចេញ។

ប្រមុខវិស័យយុត្តធម៌រូបនេះ ក្រើនរំលឹកឱ្យសាលាឧទ្ធរណ៍ប្រុងប្រយ័ត្នចំពោះការបំពេញការងារ ត្រូវមានភាពហ្មត់ចត់ ឈរលើទិដ្ឋភាពច្បាប់ មានសម្អាងហេតុច្បាស់លាស់ ក្នុងការសរសេរសេចក្ដីសម្រេច។
លោក កើត រិទ្ធ ណែនាំឱ្យមន្ត្រីជំនាញត្រូវសរសេរសាលក្រមប្រកបដោយការប្រុងប្រយ័ត្ន ភាពហ្មត់ចត់ ឈរលើទិដ្ឋភាពច្បាប់ មានសំអាងហេតុច្បាស់លាស់ ព្រោះបើក្រុមប្រឹក្សាវិន័យ ក្រុមការងារអធិការកិច្ច ចុះទៅពិនិត្យការងារនោះ នឹងពិនិត្យលើសាលក្រមមុនគេបង្អស់។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកទឹកចិត្តឱ្យមន្ត្រីក្នុងវិស័យយុត្តិធម៌ ចងក្រងស្នាដៃ ដើម្បីជាគុណប្រយោជន៍សម្រាប់ការស្រាវជ្រាវ និងលើកកម្ពស់សមត្ថភាពនៅក្នុងវិស័យយុត្តិធម៌។
ទន្ទឹមនឹងការគ្រោងចងក្រងសាលក្រម សាលដីកាទុក លោក កើត រិទ្ធ លោក កើត រិទ្ធ អំពាវនាវឱ្យអ្នកដែលគិតថាខ្លួនឯងសរសេរសាលដីកាបានល្អ ត្រូវដាក់ពាក្យប្រគល់សាលដីកា ដើម្បីគណៈកម្មការត្រួតពិនិត្យ ដកឈ្មោះភាគីពាក់ព័ន្ធក្នុងរឿងក្ដីចេញ ហើយបោះពុម្ពផ្សាយ ឬធ្វើជាវិញ្ញាសាសម្រាប់ការប្រឡង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


