ព័ត៌មានជាតិ
កសិករក្នុងស្រុកត្បូងឃ្មុំ ងាកមកចិញ្ចឹមសត្វកណ្តូបលក់ ព្រោះការដាំដុះមិនសូវបានផល
កសិករពីរភូមិ គឺភូមិជៀសទី១ និងភូមិជៀសទី២ ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានងាកមកចិញ្ចឹមកណ្តូបលក់វិញម្តង ព្រោះកណ្តូបស្រួលចិញ្ចឹមមានតម្លៃទីផ្សារល្អ ស្រួលលក់ ដោយគ្រាន់តែប្រើពេលតែ៤៥ថ្ងៃ អាចចាប់ប្រមូលផលបាន ជាមួយនឹងតម្លៃសមរម្យ ១គីឡូក្រាមកណ្តូបរស់ តម្លៃជិត៣ម៉ឺនរៀល។

ការប្រមូលផលទៅតាមបរិមាណនៃទ្រុងដែលកសិករមានលទ្ធភាពផលិតទ្រុង ក្នុង១ទ្រុងទំហំ២ម៉ែត្រកន្លះ គុណ៨ម៉ែត្រ អាចដាក់បានចំនួន២គីឡូពង ពេលកណ្តូបគ្រប់អាយុវាឲ្យផលបានពី៦០ ទៅ៧០គីឡូក្រាម។ ក្នុង១ឆ្នាំកសិករអាចចិញ្ចឹមកណ្ដូបបានរហូត៨ដង គិតក្នុង១ទ្រុង កសិករប្រមូលផលបានជិត៥០០គីឡូក្រាម។ កសិករសប្បាយចិត្តក្នុងការចិញ្ចឹមកណ្តូប ព្រោះវាជាមុខរបររួមផ្សំបន្ថែមដែលអាចរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង។

អ្នកស្រី កុក គ្រីម៉ាស អាយុ៤៨ឆ្នាំ ជាខ្មែរឥស្លាមរស់នៅភូមិ ឃុំខាងលើ បានបញ្ជាក់ឲ្យដឹងថា គាត់បានចិញ្ចឹមកណ្តូបរយៈជិត១ឆ្នាំហើយ។ ការចិញ្ចឹមមិនពិបាកទេ វាស៉ីរុក្ខជាតិបៃតងជាអាហារ រួមមាន ស្លឹកពោត ស្លឹកអំពៅ ស្លឹកចេក និងស្មៅគ្រប់ប្រភេទ។ វាស៉ីមិនប្រកាន់ពេលវេលាទេ ពេលអស់ចំណីយើងដាក់ឲ្យវាស៉ីរហូត ទាំងយប់ ទាំងថ្ងៃ។ កណ្តូបវាធន់នឹងអាកាសធាតុណាស់ មិនថា ក្តៅ ឬត្រជាក់ទេ។ វាឆាប់ឲ្យផលណាស់ យើងប្រើតែ៤០ ទៅ៤៥ថ្ងៃ កសិករអាចចាប់លក់បានហើយ។ ទ្រុងទំហំ២ម៉ែត្រកន្លះ ប្រវែង៨ម៉ែត្រ កំពស់២ម៉ែត្រ អាចដាក់ពូជកូនកណ្ដូបបាន២គីឡូក្រាម ពេលវាធំអាចបាន៧០គីឡូក្រាម។ បើកសិករមានលទ្ធភាពធ្វើទ្រុងច្រើន ផលគុណទៅតាមនោះ។ ចំពោះទីផ្សារមិនពិបាកលក់ទេ មានម៉ូយចុះទិញដល់ផ្ទះតែម្តង សព្វថ្ងៃលក់បានតម្លៃ២ម៉ឺន៧ពាន់រៀលក្នុង១គីឡូក្រាម គ្រាន់តែតម្លៃធ្លាក់ជាងមុនបន្តិច មុនលក់បាន៣ម៉ឺន៥រយរៀល តែកណ្តូបមានប៉ុន្មានក៏ម៉ូយទិញដែរ មិនពិបាកលក់ទេ បើធៀបទៅនឹងកាដាំដំណាំផ្សេងៗ វិញ ការចិញ្ចឹមកណ្ដូបល្អជាង។

លោក វី ហ្សះ អាយុ៣៨ឆ្នាំ ជាខ្មែរឥស្លាមដែរ បញ្ជាក់ឲ្យដឹងបន្ថែមថា គាត់ចិញ្ចឹមសត្វកណ្ដូប៧ទ្រុង ក្នុង១ទ្រុង ប្រើដើមអស់ជាង១លានរៀល ចាប់លក់បណ្តាក់គ្នា ហើយលក់ពងពូជផងដែរ ពង១គីឡូតម្លៃពី៣០ ទៅ៤០ម៉ឺនរៀល ក្នុង១ខែ អាចលក់បាន១០គីឡូក្រាមជាមធ្យម។ អាចលក់បានជិត៥០០គីឡូក្រាម ដោយប្រើពេលតែ៤៥ថ្ងៃប៉ុណ្ណោះ។ និយាយជារួម កណ្តូបងាយចិញ្ចឹម ឆាប់បានលក់ កសិករអាចដាំស្មៅឲ្យវាស៉ីជាអាហារ ល្អបំផុត។

លោកបន្ថែមថា ភាពប្រឈមរបស់កណ្តូប វាអាចពុលដោយសារការបាញ់ថ្នាំសម្លាប់សត្វល្អិត នៅពេលដែលអ្នកចិញ្ចឹមដើរច្រូតស្មៅ ស្លឹកពោត ខណៈគេបាញ់ថ្នាំសម្លាប់សត្វល្អិត មិនទាន់សាបថ្នាំ ហើយយកមកឲ្យវាស៉ី ពេលនោះវាសន្លប់ងាប់តែម្តង។ ដូច្នេះ កសិករចិញ្ចឹមត្រូវប្រយ័ត្នលើករណីនេះ មុននឹងឲ្យចំណីវាស៉ី ត្រូវពិនិត្យឲ្យបានច្បាស់លាស់ នោះទើបការចិញ្ចឹមបានផលល្អ។

លោក ហ្សះ បានឲ្យដឹងទៀតថា នៅក្នុងឃុំថ្មពេជ្រនេះ បងប្អូនកសិករបានចិញ្ចឹមរាប់រយគ្រួសារ គិតតែភូមិជៀសទី១ និងភូមិជៀសទី២នេះ មានការចិញ្ចឹមជាង១០០គ្រួសារទៅហើយ ។ គ្រួសារគាត់ ជាឈ្មួញកណ្តាលដើរប្រមូលទិញ ក្នុង១ថ្ងៃចាប់ពី១០០ ទៅ២០០គីឡូក្រាម ក្នុង១ខែមិនក្រោម៤តោននោះទេ។ ចំពោះទីផ្សារ គឺចិនទទួលទិញយកទាំងអស់ ឲ្យតែកសិករចិញ្ចឹមបាន គ្រាន់តែតម្លៃឡើងចុះតាមហាងឆេងទីផ្សារ។ ការងារចិញ្ចឹមកណ្ដូបនេះ ជាក់ស្តែងឃើញកសិករចាប់អារម្មណ៍យ៉ាងផុសផុល បាននាំគ្នាចិញ្ចឹមយ៉ាងច្រើនគ្រួសារក្នុងឃុំថ្មពេជ្រនេះ ដោយគាត់បានបោះបង់ការដាំណាំផ្សេងៗ ងាកមកចិញ្ចឹមកណ្តូបវិញម្តងព្រោះវាឆាប់បានផលជាង៕
អត្ថបទ៖ សាន វិឡែម







-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់