ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃឱ្យអាជ្ញាធរជាប់ព្រំដែនជាមួយថៃជួយសម្រួលការត្រឡប់មកវិញរបស់ពលរដ្ឋតាមច្រកព្រំដែន
ស្របពេលប្រជាពលរដ្ឋខ្មែរកំពុងសម្រុកធ្វើដំណើរត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយថៃ ត្រូវជួយសម្រួលការត្រឡប់មកវិញរបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលតាមច្រកទ្វារព្រំដែន សំដៅបញ្ចៀសការកកស្ទះនៅទីស្នាក់ការត្រួតពិនិត្យ។

ការណែនាំរបស់ក្រសួងមហាផ្ទៃដូច្នេះ ក្រោយកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើនដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ តែងតែធ្វើដំណើរឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ ដើម្បីទៅកាន់ស្រុកកំណើតរបស់ខ្លួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអាចត្រឡប់ទៅថៃវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំ។ ស្ថានភាពនេះអាចនឹងបង្កឱ្យមានការកកស្ទះនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ឬមានការរង់ចាំយូរក្នុងការបំពេញបែបបទនិងនីតិវិធីសម្រាប់ការឆ្លងដែន។

ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការនេះឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់វិធានការឱ្យបានសមស្រប ដើម្បីធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមច្រកទ្វារព្រំដែននីមួយៗ ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការត្រួតពិនិត្យ ដោយអាចបង្កើនចំនួនមន្ត្រីប្រថាប់ត្រាផ្តល់ទិដ្ឋាការចេញចូលឆ្លងដែន ឬពិភាក្សាជាមួយភាគីថៃដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែនទៅតាមស្ថានភាពជាក់ស្តែង។

ចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើង ឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អាជ្ញាធរឱ្យត្រៀមកម្លាំងមានសមត្ថកិច្ចជួយអន្តរាគមន៍ ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយតាមករណីជាបន្ទាន់ ជាពិសេសគឺត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការពីពលរដ្ឋ រួមទាំងសហការ និងសម្របសម្រួលជាមួយភាគីថៃសម្រាប់ការលើកលែងថ្លៃទិដ្ឋាការចេញចូលផងដែរ។
ការណែនាំតាមរយៈលិខិតផ្ញើជូនអភិបាលខេត្តជាប់ព្រំដែនជាមួយថៃ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឱ្យនៅដដែល ដោយពុំឱ្យមានការដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


