ព័ត៌មានជាតិ
ជំនួយរាប់លានដុល្លារពីអឺរ៉ុបលើវិស័យជលផលកម្ពុជាដោយសារចម្លាក់រូបត្រីនៅជញ្ជាំងប្រាសាទខ្មែរ
សហភាពអឺរ៉ុបបានបន្តជួយគាំទ្រដល់វិស័យជលផលកម្ពុជាជាង២០ឆ្នាំមកហើយ និងប្ដេជ្ញាបន្តជួយទៅមុខទៀតផងដែរ។ តាមរយៈវេទិកាសាធារណៈមួយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាមួយពលរដ្ឋនៅសហគមន៍ស្រីចឹក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ តំណាងសហភាពអឺរ៉ុបបានឱ្យដឹងថាការបន្តជួយឥតឈប់ឈរនេះគឺដោយសារបានមើលឃើញពីផ្ទាំងចម្លាក់នៅលើប្រាសាទបុរាណកម្ពុជាដែលបង្ហាញពីការផ្សារភ្ជាប់របស់ត្រីទៅនឹងអរិយធម៌ និងការរីកចម្រើនរបស់កម្ពុជាតាំងពីបុរាណមកនោះ។

តំណាងអនុប្រធានសហប្រតិបត្តិប្រចាំសហភាពអឺរ៉ុបនៃកម្ពុជាលោក Koen Everaert បានថ្លែងយ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុបបានបន្តគាំទ្រវិស័យជលផលកម្ពុជាច្រើនជាង២០ឆ្នាំមកហើយ។ ព្រោះតែយើងគិតថាការនេសាទគឺជាវិស័យសំខាន់សម្រាប់ប្រជាជនកម្ពុជា ជាចង្វាក់បេះដូងនៃវប្បធម៌ នៃបេតិកភណ្ឌរបស់អ្នក។ បើសិនអ្នកទៅប្រាសាទអង្គរវត្ត ខ្ញុំបានឃើញត្រីនោះលើចម្លាក់នៃប្រាសាទ និងសកម្មភាពជាច្រើននៃទន្លេសាប ដូច្នេះពួកយើងគិតថាវា(ត្រី)គឺសំខាន់ណាស់សម្រាប់បេតិភណ្ឌរបស់អ្នក ការធ្វើកសិកម្មរបស់អ្នក ដែលត្រូវការពារ និងអភិរក្ស។ វាមានសារៈសំខាន់ណាស់ចំពោះប្រជាជនកម្ពុជា»។
បើតាមលោក Eoen ជំនួយរបស់អឺរ៉ុបមិនក្រោម១ពាន់លានដុល្លារអ៉ូរូទេដែលបានជួយដល់កិច្ចការពារ ស្ថារ និងអភិរក្សត្រីនៅកម្ពុជា។

គម្រោងមួយសំខាន់ក្នុងការអភិរក្សត្រីនៅបឹងទន្លេសាបដែលអឺរ៉ុបបានជួយថវិការមកកម្ពុជា និងទទួលអនុវត្តន៍ដោយអង្គការស្បៀងនិងកសិកម្ម FAO ជាមួយរដ្ឋបាលជលផលកម្ពុជាគឺកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ (CAPFISH-Capture) ចាប់ពីឆ្នាំ២០១៩ និងបញ្ចប់នៅក្នុងឆ្នាំ២០២៥ បានជួយពង្រឹងសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាបឱ្យមានសមត្ថភាពការពារ និងអភិរក្ស ពង្រឹងសមត្ថភាពសហគមន៍កាន់តែរឹងមាំខ្លាំងឡើង។
ប្រធានសហគមន៍មួយនៅជាប់បឹងទន្លេសាបគឺសហគមន៍នេសាទស្រីចឹកឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់លោក ឌុក សុខា បានថ្លែងថាតាមរយៈជំនួយដែលបានជួយ សហគមន៍លោកបានពង្រឹងខ្លួនបន្តិចម្ដងៗ រហូតរឹងមាំ និងអាចជួយខ្លួនឯងបានដល់បច្ចុប្បន្ន។ លោកបន្ថែមថាអ្វីជាការកត់សម្គាល់នោះគឺតាមរយៈជំនួយនេះហើយបានជួយអប់រំប្រជាសហគមន៍យល់ដឹងពីសារៈសំខាន់របស់ត្រីនិងចូលរួមក្នុងកិច្ចការពារផងដែរ។

លោកថា៖ «ត្រីសំខាន់! ទី១គឺជាអាហាររបស់គាត់ប្រចាំថ្ងៃ ទី២គាត់អាចលក់ទៅទីផ្សារបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ឱ្យកូនរៀន គាត់អាចទិញសម្ភារៈអីសម្រាប់ខ្លួនគាត់។ ធនធានត្រីនេះគឺសំខាន់ណាស់»។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានលើកឡើងថាតាមរយៈជំនួយពីអឺរ៉ុប និងការគាំទ្របច្ចេកទេសពីអង្គការ FAO បច្ចុប្បន្នទិន្នផលត្រីបឹងទន្លេសាបបានកើនឡើងវិញ ព្រៃឈើលិចទឹកបានការពារ។ កញ្ញាលើកទឹកចិត្តសហគមន៍ឱ្យបន្តការងារបន្តទៀតទោះបីជាគម្រោងនេះនឹងចប់នៅពេលខាងមុខក្ដី។
កញ្ញា អ៊ឹម រចនា៖ «យើងសង្ឃឹមថានាថ្ងៃអនាគតពីឆ្នាំក្រោយៗទៅនឹងមានគម្រោងថ្មីៗទៀតដែលសហភាពអឺរ៉ុបនឹងពិចារណាគាំទ្រដល់ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ជាពិសេសសហគមន៍មូលដ្ឋានឱ្យមានសមត្ថភាពកាន់តែរីកចម្រើនឡើងនិងមានភាពធន់មិនត្រឹមតែអាចជួយបណ្ដុះបណ្ដាលគាត់ឱ្យអាចរស់បានដោយខ្លួនឯងទេ ប៉ុន្ដែឱ្យគាត់ជួយសហគមន៍ខ្លួនឯងឱ្យរីកចម្រើនទៅមុខថែមទៀតដែរ»។

នាយកប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) លោកស្រី Rebekah Bell មានប្រសាសន៍ថាលទ្ធផលនៃភាពជោគជ័យនៃវិស័យជលផលនៅកម្ពុជាកើតចេញពីកិច្ចសហការល្អរវាងម្ចាស់ជំនួយ អង្គការ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីសង្ឃឺមថាភាពជាដៃគូរនេះនៅតែបន្តមានជាបន្តទៀត។
គួរឱ្យដឹងដែរថា គម្រោង CAPFISH-Capture ដាក់អនុវត្តន៍នៅកម្ពុជាតាំងពីឆ្នាំ២០១៩ ដោយកម្មវិធីនេះបានធ្វើឱ្យមានការកើនឡើងនៃប្រភេទត្រីកម្រ បានការពារទីជម្រករបស់ត្រី រៀបចំច្បាប់ជលផលថ្មី ទប់ស្កាត់ភ្លើងឆេះព្រៃលិចទិក បង្កើនការផ្សព្វផ្សាយពីការងារជលផល ផ្ដល់ថវិកាគាំទ្រដល់សហគមន៍នេសាទ សហគ្រាសកែច្នៃផលផលជលផល និងគាំទ្រដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាអាហារផងដែរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


