ព័ត៌មានជាតិ
សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន៣ដង ថ្លែងរម្លឹកថា សម្ដេច មិនត្រឹមតែចាប់ផ្ដើមកសាងប្រទេសកម្ពុជាទាំងបាតដៃទទេ គ្មានអ្វីសោះឡើយប៉ុណ្ណោះទេ សូម្បីតែរឿងរ៉ាវដែលកម្ពុជាចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ក៏សម្ដេចដឹកនាំកម្ពុជាចូលចាប់ពីចំណុចសូន្យមកដែរ ហើយទម្រាំក្លាយកម្ពុជាជាសមាជិកអាស៊ាន សម្ដេចប្រឹងជម្នះឧបសគ្គខ្លាំងណាស់។ សម្ដេចតេជោ ថ្លែងបែបនេះ ក្នុងពេលធ្វើបាកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងរម្លឹកដូច្នេះ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន ហើយធ្វើប្រធានអាស៊ាន៣ដង»។
គួរជ្រាបថា កម្ពុជាក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន(ASEAN)នៅថ្ងៃទី៣០ មេសា ១៩៩៩។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្ដេចតេជោ ហ៊ុន សែន បន្តរម្លឹកថា បន្ទាប់ពីកម្ពុជាចូលជាសមាជិកនៅឆ្នាំ១៩៩៩ រយៈពេល៣ឆ្នាំក្រោយមក គឺនៅឆ្នាំ២០០២ កម្ពុជា ត្រូវបើកទ្វារធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រទេស ខណៈនោះប្រទេសជាមិត្តបានស្នើឱ្យសម្ដេចផ្ទាល់ យកក្រុមជំនួយការ ដើម្បីជួយរៀបចំកិច្ចប្រជុំ ប៉ុន្តែសម្ដេចបានអរគុណ និងស្នើសុំទៅវិញថា កម្ពុជា នឹងខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំដោយខ្លួនឯង។
តាមសម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំអាស៊ានកាលពីឆ្នាំ២០០២ កម្ពុជា បានផ្ដួចផ្ដើមលើគំនិតជាច្រើន ក្នុងនោះក៏មានចំណុចពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង និងការនាំឥណ្ឌាឱ្យចូលប្រជុំជាលើកដំបូង ដែលជាច្រកទ្វារដ៏សំខាន់ជួយឱ្យឥណ្ឌា មានទំនាក់ទំនងល្អជាមួយអាស៊ានរហូតមកទល់សព្វថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាបន្តថា បច្ចុប្បន្នអាស៊ានកំពុងដើរតួនាទីយ៉ាងសំខាន់ ពោលប្រែខ្លួនពីស្ថាប័នក្នុងតំបន់ ទៅជាស្ថាប័នពិភពលោកមួយ ដែលទទួលបានការទទួលស្គាល់ពីស្ថាប័នសកលផ្សេងទៀត។
សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះ៖« អាស៊ានលែងជាតួអង្គ ស្ថាប័នក្នុងតំបន់ទៀតហើយ អាស៊ាន បាននិងកំពុងក្លាយទៅជាតួអង្គសកលដែលមានភាពសកម្ម និងរស់រវើក ព្រមទាំងមានការទទួលស្គាល់ពីតួអង្គសកលផ្សេងទៀត »។
សម្ដេចតេជោ ហ៊ុន សែន មើលឃើញថា អា៊សាន និងក្លាយទៅប៉ូលនយោបាយ សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងពិភពលោក។ សម្ដេចបន្ថែមថា ជាមួយនឹងប្រជាជនជាង៦៧០លាននាក់ដែលជាទំហំបំផុតទី៣នៅលើពិភពលោក និងទំហំសេដ្ឋកិច្ចធំទី៥ តួនាទីអាស៊ានក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកលពិតជាមិនអាចមើលរំលងបានឡើយ សណ្ដាប់ធ្នាប់ពិភពលោកកំពុងតែវិវត្តឈានទៅរកពហុប៉ូល ដែលមានតួអង្គកាន់តែច្រើនឡើង ដែលបានបង្កើន ទាំងទំហំសេដ្ឋកិច្ចអំណាចការទូត និងយោធា ដែលធ្វើឲ្យតួអង្គទាំងនោះខិតខំទាមទាប្រព័ន្ធអភិបាលកិច្ច ដែលមានអនុលោមភាពទៅនឹងតថភាពថ្មី នៃស្ថានភាពតុល្យភាពអំណាចនៅលើពិភពលោក។

សម្ដេច ហ៊ុន សែន បន្ថែមថា តួអង្គដែលលេចឡើងថ្មីចង់មានតួនាទីកាន់តែធំឡើង នៅក្នុងការសម្រេចរបៀបវារៈនៃអភិបាលកិច្ចពិភពលោក លក្ខណៈប្រជាធិបតេយ្យជាងមុន យុត្តិធម៌ជាងមុន ដូច្នេះការប្រទាញប្រទង់អំណាចបានរុញច្រាន ឱ្យមហាអំណាចមួយចំនួន ដើរប្រាសចាកពីវិធាននៃអភិបាលកិច្ចសកល ដែលខ្លួនបានខិតខំបង្កើតឡើងក្រោយសង្គ្រាមលោកលើកទីពីរ ដែលបាននិងកំពុងធ្វើឲ្យសណ្តាប់ធ្នាប់អន្តរជាតិមានការរង្គោះរង្គើជាពិសេសយន្តការពហុភាគីនិយម ដែលផ្អែកលើច្បាប់ ។
«ក្នុងកាលៈទេសៈបែបនេះ អាស៊ាន ពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្ដាប់ធ្នាប់ពិភពលោក ដែលផ្អែកលើវិធានការច្បាប់ផង និងកាន់តែមានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង។ ទៅថ្ងៃអនាគតទៀត អាស៊ាន នឹងអាចផ្លាស់ប្ដូរតួនាទី ការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលលទ្ធភាពជួយរៀបចំពិភពលោក»។ សម្ដេច តេជោ ហ៊ុន សែន បន្ថែមបែបនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា