ព័ត៌មានជាតិ
វឌ្ឍនភាពគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៖ អាជ្ញាធរខេត្តស្វាយរៀង ចុះជួបពលរដ្ឋ ដើម្បីដោះស្រាយផលប៉ះពាល់
គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតជាប់ព្រំដែនវៀតណាម ឈានដល់ដំណាក់កាលអាជ្ញាធរខេត្តស្វាយរៀងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយផលប៉ះពាល់ និងស្តាប់នូវសំណូមពររបស់ពលរដ្ឋ។ នៅថ្ងៃអង្គារ ម្សិលមិញនេះ លោក ម៉ែន អេង អភិបាលរង តំណាងអភិបាលខេត្តស្វាយរៀង និងនិងក្រុមការងារថ្នាក់ជាតិដោះស្រាយបញ្ហាផ្លូវល្បឿនលឿន បានចុះជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ និងសំណូមពរជូនប្រជាពលរដ្ឋលើការសាងសង់ផ្លូវល្បឿនលឿនក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

នៅចំពោះមុខប្រជាពលរដ្ឋ លោក ម៉ែន អេង បានលើកឡើងថា ការអភិវឌ្ឍ គឺជារឿងចាំបាច់ណាស់ ប៉ុន្តែ រឿងដែលចាំបាច់ទៀតនោះ គឺនៅពេលដែលប្រជាពលរដ្ឋជួបជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ត្រូវរកដំណោះស្រាយ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាដោយរលូន និងដោយសន្តិវិធីទាំងអស់គ្នា។ លោកបានបន្ថែមថា នៅពេលដែលប្រជាពលរដ្ឋបានជួបនូវបញ្ហាប្រឈម ខាងរដ្ឋបាលខេត្ត ក៏ដូចជា រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ មិនឱបដៃឈរមើលទេ ពោល គឺជួយពលរដ្ឋតាមជាក់ស្តែងតែម្តង។ បើតាមលោក ម៉ែន អេង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេស ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននឹងកំពុងបន្តនៅក្នុងអាណត្តិទី៧នេះដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំថែរក្សានូវសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិទាំងមូល។

នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋនោះ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានដោះស្រាយជូន ដូចជា ទី១.ប្រជាពលរដ្ឋដែលចុះកិច្ចសន្យាទទួលសំណងផលប៉ៈពាល់ តែមិនទាន់បានធ្វើការទូទាត់បើកថវិកាសំណង អនុញ្ញាតឱ្យបង្កបង្កើនផលកសិកម្មនៅទីតាំងដីនោះ។ ក្នុងករណីប្រជាពលរដ្ឋបានទូទាត់ថវិកាហើយ ក្រុមការងារទុកពេលវេលាសមសម្រប ដើម្បីឱ្យប្រជាពលរដ្ឋប្រមូលផលកសិកម្ម។ ទី២. ក្រុមហ៊ុនCRBC ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន នឹងបន្តចុះកិច្ចសន្យាជួលដីពីប្រជាពលរដ្ឋនៅទីតាំងចាស់ក្នុងតម្លៃក្នុងតម្លៃ១,៥០០,០០០រៀល ក្នុងមួយហិកតារយៈពេល០១ឆ្នាំ (ក្នុងករណីប្រសិនបើប្រជាពលរដ្ឋទទួលបានថវិកាសំណងពីផលប៉ៈពាល់ក្នុងរយៈពេលចុះកិច្ចសន្យា ថវិកាដែលក្រុមហ៊ុនបានជួលនោះ មិនធ្វើការសងត្រឡប់មកក្រុមហ៊ុនវិញឡើយ)។ ទី៣. ក្រុមការងារដោះស្រាយផលប៉ៈពាល់គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ-បាវិត នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីដាក់ស្រុកស្វាយជ្រំ ជាស្រុកអាទិភាពដែលត្រូវធ្វើការដោះស្រាយថវិកាជាបន្ទាន់។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ហើយនៅក្នុងប្រទេសកម្ពុជា។ គម្រោងផ្លូវល្បឿនលឿនត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕

ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


