ព័ត៌មានជាតិ
ហេតុអ្វីកម្ពុជា មិនធ្វើសមយុទ្ធលើប្រធានបទសង្គ្រាម ធ្វើតែលើប្រធានបទប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌?
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ប្រាប់ក្រុមអ្នកយកព័ត៌មានថា មូលហេតុដែលកម្ពុជា និងចិន ធ្វើសមយុទ្ធនាគមាសលើប្រធានបទប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ព្រោះតែកម្ពុជា មើលឃើញថា បញ្ហាភេវរកម្ម ជាបញ្ហាប្រឈមនាពេលសព្វថ្ងៃនេះ ដែលវាងាយកើតឡើងនៅលើដែនគោក និងដែនសមុទ្រ។ ចំណែកការធ្វើសមយុទ្ធលើប្រធានបទសង្គ្រោះមនុស្សធម៌ គឺព្រោះតែបច្ចុប្បន្ននេះ បញ្ហាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ងាយនឹងកើតមានឡើង ដូច្នេះត្រូវកំណត់ប្រធានបទនេះ ដើម្បីពង្រឹងសមត្ថភាពលើការងារសង្គ្រោះគ្រោះមហន្តរាយ។

លោក ឥត សារ៉ាត់ ពន្យល់ដូច្នេះ៖« អ្វីដែលវាជាបញ្ហាប្រឈមយើងសព្វថ្ងៃនេះ ទី១ គឺបញ្ហាភេរវកម្មហ្នឹងឯង។ ចឹងបញ្ហាភេវរកម្មវាមានច្រើនណាស់ទាំងនៅលើគោក នៅលើសមុទ្រ។ អ៊ីចឹងបានជាភាគីទាំងពីរឯកភាពគ្នាយកប្រធានបទបញ្ហាប្រតិបត្តិការប្រឆាំងភេរវកម្ម(…)។ បញ្ហាមួយទៀត ខ្លឹមសារសង្គ្រោះគ្រោះមហន្តរាយ នេះជាបញ្ហាដែលកើតឡើងដោយគ្រោះមហន្តរាយគឺជាយថាហេតុ ហើយគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយវាមានច្រើនខុសគ្នា ខ្លះក៏ដោយសារខ្យល់ព្យុះ ខ្លះដោយលិចកប៉ាល់ ខ្លះដោយទឹកជំនន់ ខ្លះដោយគ្រោះរញ្ជួយដី ខ្លះដោយភ្លើងឆេះ(…)។ អ៊ីចឹង យើងរៀបចំប្រធានបទហ្នឹងដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយដែលកើតមានឡើងនៅកម្ពុជា។ »។

តាមលោក ឥត សារ៉ាត់ សមយុទ្ធនាគមាសកម្ពុជាចិន នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងពីរផ្សេងគ្នា។ ទី១. សមយុទ្ធដែនគោក គឺធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធលើផ្ទៃសមុទ្រ នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។

សមយុទ្ធនាគឆ្នាំ២០២៥ នេះ ធ្វើឡើង ក្នុងទំហំកាន់តែធំជាងឆ្នាំមុនៗ ដោយតែចំនួនកងទ័ពកម្ពុជា-ចិន ចូលរួមសរុបនៅឆ្នាំនេះ២ ១៧៦នាក់ ខណៈឆ្នាំមុនកងទ័ពចូលរួមត្រឹមចំនួន ២ ០៧៥នាក់។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានឱ្យដឹងថា ដើម្បីធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ ដែលមានកងទ័ពចូលរួមជាង២ពាន់នាក់នេះ ភាគីចិន នាំយកនាវា៣គ្រឿង ឧទ្ធម្ភាគចក្រជំនាន់ថ្មី Z-20 ២គ្រឿង ដ្រូន២០គ្រឿង រ៉ូបូត ឆ្កែយន្ត រថយន្តគ្មានមនុស្សបើក រថយន្តបញ្ជា ចំណែកភាគីកម្ពុជា នឹងប្រើឧទ្ធម្ភាគចក្រ រថក្រោះ និងអាវុធជាច្រើនផ្សេងទៀត។

តាមរយៈសព្វាវុធបំពាក់បច្ចេកវិទ្យាទំនើប ដែលប្រើក្នុងសមយុទ្ធនេះ លោក ឥត សារ៉ាត់ បញ្ជាក់ថា នឹងបង្កើនកងការទំនាក់ទំនងរវាងទ័ពប្រទេសទាំងពីរ ភាគីទាំងពីរអាចរៀនសូត្រពីគ្នាទៅវិញទៅមក និងអាចជួយឱ្យកងទ័ពកម្ពុជាទទួលបានចំណេះដឹងបន្ថែមទៀតពីគ្រឿងបំពាក់ និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងសង្គ្រាមបច្ចេកវិទ្យា ងាយស្រួលទប់ស្កាត់សង្គ្រាមបច្ចេកវិទ្យា។
លោក ឥត សារ៉ាត់ អះអាងថា សមយុទ្ធនាគមាសឆ្នាំ២០២៥ លើប្រធានបទប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ មិនបង្កការការគំរាមកំហែងប្រទេសណាមួយឡើយ។

គួរជ្រាបថា នេះជាលើកទី៧ ហើយ កម្ពុជា-ចិន ចាប់ដៃគ្នាធ្វើសមយុទ្ធនាគមាស។ កម្ពុជា-ចិន ចាប់ផ្ដើមធ្វើសមយុទ្ធនាគមាស ជាលើកដំបូងនៅលើទឹកដីកម្ពុជា នៅឆ្នាំ២០១៦ លើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩ លើកទី៤ នៅឆ្នាំ២០២០ លើកទី៥ ឆ្នាំ២០២៣ និងលើកទី៦នៅឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២១ និង២០២២ ភាគីទាំងពីរ មិនអាចធ្វើសមយុទ្ធរួមគ្នាបានឡើយ ដោយសារតែវិបត្តិកូវីដ១៩៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


