ព័ត៌មានជាតិ
កូនស្វាដ៏កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវពលរដ្ឋសង្រ្គោះរួចប្រគល់ជូនជំនាញមន្ទីរបរិស្ថាន
នៅភាគឦសានប្រទេសកម្ពុជា គឺសម្បូរទៅដោយធនធានធម្មជាតិ និង សត្វព្រៃជាច្រើនប្រភេទនៅក្នុងដែនជម្រកសត្វព្រៃទាំង៥ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

កាលសម្បូរធនធានធម្មជាតិនេះ អ្នកឧស្សាហ៍ឆ្លងកាត់ តាមដងផ្លូវជាតិលេខ៧៦ តែងតែប្រទះឃើញនោះហ្វូងជាច្រើនប្រភេទ ជាពិសេសហ្វូងសត្វស្វាជាច្រើនតែងតែដើររកចំណី អមនៅតាមសងខាងផ្លូវ និងឆ្លងកាត់ផ្លូវនោះស្ទើរជារៀងរាល់ថ្ងៃ។
នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥ សត្វស្វាចំនួន៣ក្បាល ដែលជាប្រភេទសត្វកម្រស្ទើរផុតពូជ ដែលប្រជាពលរដ្ឋសង្រ្គោះហើយប្រគល់ជូនសមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
លោក មាស ចាន្នី ជាប្រជាពលរដ្ឋមួយរូបរស់នៅក្រុងសែនមនោរម្យបានប្រាប់កម្ពុជាថ្មីថា កាលពីប៉ុន្មានថ្ងៃមុនលោកបានទទួល សត្វស្វាព្រៃចំនួន៣ក្បាលពីបងប្អូនជនជាតិដើមភាគតិចនៅតាមមូលដ្ឋាន ដោយការឃើញពីសភាពស្វានេះ អាណិតនិងគួរឱ្យស្រឡាញ់ទៀតនោះ លោកបានទទួលយកមកមើលការថែទាំ រកចំណីឱ្យវាបៅទឹកដោះគោ ហើយនិងគ្រោងនិងទុកចិញ្ចឹមផងដែរ។
លោកបន្តថា ដោយការយល់ថានេះសត្វដែលមានរូបរាងពណ៌ខុសគេបែបនេះគិតថា វាជាអម្បូរសត្វស្វាព្រៃដ៏កម្រមិនអាចទុកចិញ្ចឹមបាន ព្រោះយើងគ្មានជំនាញបច្ចេកទេសក្នុងការចិញ្ចឹមសត្វទាំងនេះនោះទេ ហើយខ្លាចប៉ះពាល់ទៅដល់សុខភាពរបស់វា ក៏សម្រេចចិត្តប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីតែម្តង។ លោកបន្ថែមថា កូនសត្វស្វាព្រៃ ដ៏កម្រគួរឱ្យស្រឡាញ់ទាំង៣ក្បាលនេះ ស្ថិតក្នុងការបំបៅទឹកដោះគោនៅឡើយ វាប្រាសចាកបែកពីមេរបស់វាធ្វើឱ្យវាគ្មានទីពឹងបើដូច្នេះមានតែប្រគល់ឱ្យជំនាញប៉ុណ្ណោះ។
បន្ថែមលើសពីនេះ ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូប រស់នៅខេត្តមណ្ឌលគិរី សំណូមពរទៅដល់អ្នកដែល ព្យាយាមបរបាញ់ និងបរិភោគសត្វព្រៃ គួរងាកមកចូលរួម នាំគ្នាថែរក្សាអភិរក្សសត្វព្រៃ និងបញ្ឈប់បរិភោគនិងចាប់សត្វព្រៃ ចាប់ពីពេលនេះតទៅ។ ព្រោះថានៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីរបស់យើង គឺសម្បូរទៅដោយធនធានធម្មជាតិ និងសត្វកម្រជាច្រើនប្រភេទស្ទើរផុតពូជ បើសិនជាវាមានការបាត់បង់ ខេត្តរបស់យើងមិនអាចទាក់ភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅក្នុងខេត្តបានទេ។

ហើយយើងក៏ចង់ឱ្យឃើញមានការអភិរក្សសត្វព្រៃដ៏យូរអង្វែងទៅដល់ក្មេងជំនាន់ក្រោយៗទៀតផងដែរ។ បន្ទាប់ពីការផ្តល់ជូនកូនសត្វស្វាព្រៃចំនួន៣ក្បាលនេះ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏បានប្រាប់ «កម្ពុជាថ្មី»ផងដែរថា ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពិតជាសប្បាយចិត្ត ដោយសារមានប្រជាពលរដ្ឋ ទូទាំងខេត្តមណ្ឌលគិរីមានការយល់ដឹងកាន់តែច្រើនអំពីការអភិរក្សសត្វព្រៃ និងមិនបរិភោគសត្វព្រៃ ហើយព្យាយាមសង្គ្រោះសត្វព្រៃផងដែរ។
លោកបានអះអាងថា ជាក់ស្ដែងនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋមួយរូបរស់នៅក្រុងសែនមនោរម្យ បានយកកូនសត្វស្វាព្រៃចំនួន៣ក្បាល មកប្រដល់ជូនមន្ទីរបរិស្ថានដើម្បីមើលការថែទាំ។ ព្រោះក្នុងនាមមន្ទីរមានជំនាញក្នុងការថែទាំសត្វព្រៃនិង សង្រ្គោះសត្វព្រៃហើយបើពិនិត្យមើលថា មិនមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការមើលថែនោះទេក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នឹងបញ្ជូនសត្វព្រៃនេះទៅសង្គ្រោះនៅឯសួនសត្វភ្នំតាម៉ៅភ្លាមៗ។

ព្រោះថានៅទីនោះសម្បូរទៅដោយអ្នកបច្ចេកទេស មើលថែចិញ្ចឹមសត្វព្រៃ ហើយដើម្បីឱ្យកូនសត្វស្វានេះរស់រានមានជីវិតបន្តទៅទៀត។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា កូនសត្វស្វាព្រៃដែលប្រជាពលរដ្ឋយកមកប្រគល់ជូននេះ ជាប្រភេទសត្វស្វា(ព្រាម )ចំនួន២ក្បាល និង១ក្បាលទៀតប្រភេទសត្វស្វា (ក្ដាម)។
សត្វស្វាព្រាមទាំងពីរក្បាលនេះ តាមឯកសារបច្ចេកទេស របស់មន្ទីរបរិស្ថានគឺជាប្រភេទសត្វស្វាស្ថិតក្នុងចំណោមសត្វស្វាដ៏កម្រ ហើយមានដោយបង្គួរ។ លោក ឌិន ប៊ុនធឿន បានគូសបញ្ជាក់ថា ក្នុងនាមមន្ត្រីនៃមន្ទីរបរិស្ថាន និងមន្ត្រីដែលប្រចាំការនៅតំបន់ការពារធម្មជាតិទាំង៥សម្រាប់ភូមិសាស្ត្រខេត្តមណ្ឌលគិរី សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីរាជការ ក៏ដូចជាសាធារណជន និងភ្ញៀវទេសចរដែលបានមកទស្សនាតំបន់ទេសចរជាច្រើន ដែលមានការទាក់ទាញខ្លាំងក្នុងខេត្តមណ្ឌលគិរីនេះ។
សូមបងប្អូនបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពីកំណាត់ផ្លូវជាតិលេខ៧៦ ពីស្រុកកែវសីមា មកកាន់ស្រុកអូររាំង ព្រោះទីតាំងនៅចំណុចខាងលើនោះ សម្បូរទៅដោយសត្វគ្រប់ប្រភេទ ឆ្លងកាត់នៅ តំបន់នោះ។

ជាពិសេសគឺសត្វស្វាគ្រប់ប្រភេទព្រោះវាតែងតែចេញមករកចំណីរក្បែរដងផ្លូវជាប្រចាំ។ លើសពីនោះក៏សូមបញ្ឈប់ការបរបាញ់សត្វព្រៃ និងដាក់អន្ទាក់សត្វព្រៃដោយខុសច្បាប់រួមទាំងការទទួលទានសត្វព្រៃផងដែរ។ រូបភាពទាំងនេះ គឺជាទង្វើមួយដែលខុសនឹងច្បាប់ ដូចជាក្រមបរិស្ថានធម្មជាតិដែលមានចែងក្នុងមាត្រាទី៨៥០មានក្នុងច្បាប់។
ដូច្នេះសូមបងប្អូនចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិជាពិសេសសត្វព្រៃ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី របស់យើងឱ្យបានគង់វង្សយូរអង្វែងទៅថ្ងៃអនាគត។ ហើយបើបងប្អូនប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខេត្តមណ្ឌលគិរី បានប្រទះឃើញសត្វព្រៃ ដែលអាចប្រគល់ជូនមន្ទីរបរិស្ថានទៅសង្គ្រោះសូមទាក់ទងតាមរយៈលេខទូរសព្ទ០៩០៥២៣៤៥៦៕
អត្ថបទ ៖ រៀម សុខហេង


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ