ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យទម្លាក់មន្ត្រីពីថ្នាក់កណ្ដាលទៅប៉ុស្តិ៍នគរបាលឱ្យបានច្រើន
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងមហាផ្ទៃពិនិត្យក្នុងការទម្លាក់មន្ត្រីពីថ្នាក់កណ្ដាលទៅថ្នាក់មូលដ្ឋានឱ្យបានច្រើនដើម្បីប្រសិទ្ធភាពការងារបម្រើពលរដ្ឋ និងពង្រឹងដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ថ្លែងក្នុងពិធីអបអរខួប៨០ឆ្នាំនៃទិវាកំណើតនគរបាលជាតិនៅក្នុងខេត្តកណ្ដាល ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ឱ្យក្រសួងមហាផ្ទៃមានការត្រួតពិនិត្យកែសម្រួលនគរបាលនៅថ្នាក់កណ្ដាល ដោយទម្លាក់ទៅកាន់មូលដ្ឋានឱ្យបានច្រើនវិញ។ ការធ្វើបែបនេះដោយសំដៅលើសារៈសំខាន់នៃប៉ុស្តិនគរបាលដែលជាអ្នកធ្វើការផ្ទាល់ជាមួយពលរដ្ឋដែលត្រូវពង្រឹងការងារឱ្យមានប្រសិទ្ធភាព។
សម្ដេចថា៖ «ខ្ញុំសូមឱ្យមានការកែសម្រួលក្របខណ្ឌនគរបាលថ្នាក់កណ្ដាលឱ្យបានសមស្របដោយទម្លាក់ក្របខណ្ឌទៅឱ្យមូលដ្ឋានឱ្យបានច្រើនដោយសារតែប៉ុស្ដិនគរបាលរដ្ឋបាលគឺជាប្រតិបត្តិករនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជាកម្លាំងបង្អែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព»។

ជាមួយគ្នានេះសម្ដេចក៏បានលើកពីគុណសម្បត្តិរបស់មន្ត្រីនគរបាលផងដែរដោយថារាល់ការតែងតាំង តម្លើងស័ក្កិ គឺត្រូវធានានូវសមត្ថភាពបំពេញភារកិច្ចជាកម្លាំងមួយដែលមានទាំងគុណភាព និងបរិមាណគ្រប់នគរបាលទាំងអស់។
ក្រសួងមហាផ្ទៃមានបំណងបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍នៅតាមឃុំ សង្កាត់ឱ្យបានយ៉ាងតិច១០នាក់ ក្នុងឆ្នាំ២០២៥-២០២៦ បន្ទាប់ពីរដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា ឃើញថាបច្ចុប្បន្ន បណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួនមិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ដែលត្រូវឱ្យមន្ត្រីនគរបាលធ្វើការលើសម៉ោងពេលវេលាច្បាប់កំណត់ទៀត។

គួរឱ្យដឹងផងដែរថា ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួនាទីស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតក្រោមការគ្រប់គ្រងបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។
នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គផ្សេងទៀតនៅមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប្រជាការពារ នាយក នាយករង និងគ្រូបង្រៀន ព្រះចៅអធិការវត្តនិងព្រះសង្ឃ និងមណ្ឌលសុខភាព ដែលប្រៀបបាននឹងបណ្ដុំសសរគ្រឹះដែលធានាឱ្យការរស់នៅរបស់ប្រជាជនប្រកបដោយភាពកក់ក្ដៅ ជាពិសេសធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


