Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យប្រើប្រាស់អគារមានអាយុជាង១០០ឆ្នាំឡើងវិញ ដើម្បីឱ្យកូនខ្មែរបានស្គាល់ពីប្រវត្តិសាស្រ្ត

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានផ្សព្វផ្សាយថា អាជ្ញាធរបានជួសជុល និងរៀបចំឱ្យមានសោភណភាពឡើងវិញ នូវអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា៖ “អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទល់មុខវត្តព្រះឥន្ទកោសីយរហូតដល់សព្វថ្ងៃ”។ នេះ បើតាមអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល បញ្ជាក់ទៀតថា ការប្រើប្រាស់អគារអភិរក្សទី១ឡើងវិញ គឺចង់ឱ្យកូនខ្មែរជំនាន់ក្រោយ និងភ្ញៀវទេសចរទាំងឡាយ បានយល់ដឹងពីប្រវត្តិសាស្ត្រ និងដំណើរនៃការជួសជុលអង្គរ កាលពីសម័យមុន តើប្រព្រឹត្តទៅយ៉ាងណា? ហើយតើគេប្រើប្រាស់ឧបករណ៍អ្វីខ្លះ? និងប្រើប្រាស់បច្ចេកទេសបែបណា?។ ម៉្យាងទៀត លោកថា អគារនេះក៏នឹងត្រូវបានរៀបចំជាកន្លែងប្រគល់សម្ភារ ឬរបស់របរផ្សេងៗដែលភ្ញៀវទេសចរជ្រុះ ឬភ្លេចនៅតាមប្រាសាទ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម