ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្ដេជ្ញាមិនឱ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះជាថ្មីឡើយពាក់ព័ន្ធអំពើសម្អាតប្រាក់
ពីវេទិកានៃពិធីបិទសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសប្ដេជ្ញាមិនឱ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មីឡើយ ពាក់ព័ន្ធនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។

ជុំវិញការងារប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលពេលនោះ មានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ជាសេនាធិការ គឺបានបង្កើតនូវយន្តការ ទាំងយន្តការច្បាប់ និងយន្តការអនុវត្តការងារជាច្រើន រហូតឈានដល់ការរំដោះប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ដែលដាក់ដោយអង្គការហ្វាត (FATF)។

អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា ហ្វាត (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយកខ្វក់ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ អង្គការហ្វាត ធ្លាប់ដាក់កម្ពុជាឱ្យស្ថិតក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ អស់រយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩។

បើទោះបីជាកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះក៏ដោយ ក៏ប៉ុន្តែលោកប្រមុខក្រសួងមហាផ្ទៃ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការទៅលើការងារមួយចំណែកនៃការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៅតែបន្តមានឆន្ទៈខ្ពស់ក្នុងការធានាមិនឱ្យប្រទេសកម្ពុជា រអិលចូលទៅក្នុងបញ្ជីប្រផេះជាថ្មីទៀតឡើយ។ ផ្ទុយទៅវិញ លោក ថា មានតែបន្តប្រឹងប្រែង ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធឡាយ និងជួញដូរមនុស្ស ដែលជាបទល្មើសមានការប្រឈមជាសកល។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការងារប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្ស បន្តការខិតខំប្រឹងប្រែងធ្វើការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាជាងមានក្តីទោមនស្សចំពោះការវាយតម្លៃពីក្រុមអ្នកស្រាវជ្រាវ ឬរបាយការណ៍ចេញពីស្ថាប័នណាមួយដែលមិនឆ្លុះបញ្ចាំងពីការពិតអំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ។

ជាក់ស្ដែង សិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ ពេលនេះ ត្រូវបានលោក ចាត់ទុកជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្សព្វផ្សាយទ្រឹស្ដី និងបទពិសោធនៃការអនុវត្តការងារ ទាំងជុំវិញពិភពលោក រួមទាំងបទពិសោធដែលកម្ពុជាបានធ្វើ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មានការយល់ដឹង និងបន្តរួមគ្នាធ្វើការនានាបានល្អប្រសើរថែមទៀតលើការប្រឆាំងការសម្អាតប្រាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


