ព័ត៌មានជាតិ
រឿងចូលចតនៅផែរាមបាន តែមិនអាចដើរមើលគ្រប់កន្លែង៖ ប្រមុខការពារជាតិថា ធម្មតាផ្ទះគេ តែងមានកន្លែងខ្លះហាមឃាត់ហើយ
ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា មើលឃើញថា មជ្ឈដ្ឋានអគតិមួយចំនួន បានលើកឡើងថា នាវាបរទេសចូលចតនៅផែរាមបានតែមួយផ្នែក ហេតុអ្វីផ្នែកផ្សេងចូលចតមិនបាន?តើមានអ្វីលាក់បាំង? ចំពោះការលើកឡើងនេះលោក ទៀ សីហា ពន្យល់ថា មូលដ្ឋានសមុទ្ររាម ជាបញ្ជាការដ្ឋានកងទ័ពការពាបូរណភាពទឹកដី ដូច្នេះតំបន់ខ្លះត្រូវតែមានការហាមឃាត់ ហើយការណ៍នេះ គឺដូចនឹងប្រទេសនានាក្នុងពិភពលោកដែរ។

ពីពិធីបិទសមយុទ្ធនាគមាសលើកទី៧ នាព្រឹកថ្ងៃពុធ នេះ ប្រមុខការពារជាតិ ថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ថាមូលដ្ឋានសមុទ្ររាម គឺជាទីបញ្ជាការមួយរបស់កងទ័ពជើងទឹកកម្ពុជា ហេតុនេះហើយវាមានតំបន់ខ្លះដែលយើងអាចមានលទ្ធភាពជូនទៅដល់ភាគីមិត្តចូលទៅទស្សនា ចូលទៅសមយុទ្ធរួមគ្នា។ យើងបានសាងសង់នូវអគារស្នាក់នៅ និងកន្លែងសំចតជូនដល់នាវាចម្បាំង ក៏ដូចជា ភាគីមិត្តចូលមកសម្រាក និងសមយុទ្ធរួមគ្នា។ ហើយអគារខ្លះ គឺជាបញ្ជាការដ្ឋានរបស់កម្ពុជា។ ហេតុនេះហើយគឺយើង មានទីតាំង មានZone របស់យើងក្នុងការការពារ ក៏ដូចជាមានទីតាំងមួយដែលយើងបើកចំហរ ហើយនេះគឺមិនមែនតែប្រទេកម្ពុជាតែមួយគត់ ដែលមានកិច្ចការងារនេះ។ ខ្ញុំជឿជាក់ថាប្រទេសជិតខាង និងពិភពលោកក៏មានកន្លែងដែលហាមឃាត់ ដូចតែមូលដ្ឋានសមុទ្ររាមរបស់យើងផងដែរ។ »។

ពីវេទិកានៅខេត្តកំពង់ឆ្នាំង លោក ទៀ សីហា ប្រមុខការពារជាតិកម្ពុជា លើកជាឧទាហរណ៍សាមញ្ញថា ទោះបីនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ក្រុមហ៊ុនឯកជន ក៏គេមានកន្លែងហាមឃាត់ មិនអនុញ្ញាតឱ្យភ្ញៀវ ដែលគ្មានភារកិច្ចហាមចូល ក្រៅពីបុគ្គលិករបស់ក្រុមហ៊ុនគេដែរ។ ភ្ជាប់នឹងឧទាហរណ៍នេះ លោកប្រមុខការពារជាតិកម្ពុជា ចោទជាសំណួរត្រឡប់វិញថា សូម្បីហាងកាហ្វេតូចតាចក៏នៅមានកន្លែងហាមឃាត់ ចុះហេតុអ្វីមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដែលជាតំបន់រក្សាការសម្ងាត់យោធារបស់កម្ពុជា តំបន់ការពារបូរណភាពទឹកដី បែជាកម្ពុជា មិនអាចហាមឃាត់បរទេសចូលផ្ដេសផ្ដាសនៅទីតាំងមួយចំនួន?

គួរជ្រាបថា មូលដ្ឋានសមុទ្ររាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ដែលមានបំណងចូលចត និងហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ប៉ុន្តែត្រូវស្នើសុំមកកម្ពុជាជាមុនសិន។

ក្រោយសម្ពោធឱ្យប្រើប្រាស់ និងក្រោយការប្រកាសរបស់សម្ដេចធិបតី នាវាជប៉ុនចំនួន២គ្រឿង ជានាវាបរទេសដំបូងបង្អស់ដែលចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់មកនាវាវៀតណាម និងនាវាចិនក៏បានចូលចតជាបន្តបន្ទាប់។
កាលពីពេលថ្មីនេះ សារព័ត៌មាននានា ស្រង់របាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ (CSIS) របស់សហរដ្ឋអាមេរិក ផ្សាយថា ចិនកាន់កាប់ផ្តាច់មុខកន្លែងខ្លះនៃមូលដ្ឋានរាម។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាត ប្រកាសច្រាលចោលទាំងស្រុងចំពោះការផ្សាយនេះ និងចាត់ទុកថា នេះជាការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត។
លោក ឈុំ សុជាត អះអាងថា នាវាជប៉ុន វៀតណាម ចិន ដែលធ្លាប់ចូលចតនៅកម្ពុជា គឺបានប្រើប្រាស់កំពង់ផែសមុទ្ររាមដោយរីករាយ ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។
នៅក្នុងពិធីបិទសមយុទ្ធនាគមាស នាព្រឹកថ្ងៃទី២៨ នេះ ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ថ្លែងថា ត្បិតកម្ពុជាបើកសេរីឱ្យនាវាភាគីមិត្តចូលចតនៅផែរាម ប៉ុន្តែមិនមែនមានន័យថាអ្នកណាក៏អាចចូលចតបានដែរ គ្រប់យ៉ាងគឺពឹងលើលក្ខខណ្ឌពិសេស គឺលក្ខខណ្ឌនៃការទំនាក់ទំនង លក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការកងទ័ព និងកងទ័ព លក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិរវាងកងទ័ពជើងទឹក និងកងទ័ពជើងទឹក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


