Connect with us

ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ច ដាក់ឱ្យអនុវត្តក្របខណ្ឌស្តង់ដារគុណភាពសម្រាប់ការផ្តល់សេវាសង្គមកិច្ច

បានផុស

នៅ

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចរបស់ក្រសួងសង្គមកិច្ច បានដាក់ឱ្យអនុវត្តក្របខណ្ឌស្តង់ដារគុណភាពសម្រាប់ការផ្តល់សេវាសង្គមកិច្ច ក្នុងគោលបំណងសម្របសម្រួលការងារផ្តល់សេវាកម្មអោយបានល្អប្រសើរជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ថា ក្របខណ្ឌស្តង់ដារគុណភាពសម្រាប់ការផ្តល់សេវាសង្គមកិច្ច ជាឯកសារដែលរៀបចំឡើងដើម្បីផ្តល់ជាមគ្គុទេសបង្ហាញផ្លូវ និងជាគោលការណ៍ស្តង់ដារសម្រាប់ការបន្តផ្តល់សេវាកម្មសង្គមកិច្ច អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុសញ្ញាអង្គការសហប្រជាជាតិពាក់ព័ន្ធសម្រាប់មជ្ឈមណ្ឌល មណ្ឌល និងកន្លែងផ្តល់សេវាសង្គមកិច្ចទាំងអស់។

លោក យៀប ម៉ាលីណូ បន្តទៀតថា ក្របខណ្ឌស្តង់ដារគុណភាពសម្រាប់ការផ្តល់សេវាសង្គមកិច្ចនឹងជួយសម្របសម្រួលដល់ការងារផ្តល់សេវាកម្មសង្គមកិច្ចអោយបានល្អប្រសើរជាងមុន និងផ្តោតលើការជួយជនរងគ្រោះអោយចាកផុតពីភាពរងគ្រោះ និងងាយរងគ្រោះលឿនបំផុត តាមដែលអាចធ្វើទៅបាន មាននិរន្តរភាពសម្រាប់ការរស់នៅរយៈពេលវែង។ ម៉្យាងទៀត សម្រាប់មន្រ្តីសមត្ថកិច្ច និងអ្នកផ្តល់សេវាសង្គមកិច្ច នឹងជួយស្ថាប័នផ្តល់មូលនិធិ ឬម្ចាស់ជំនួយយល់ដឹងរបៀបការផ្តល់សេវា ឬផ្តល់ជំនួយតាមរយៈអ្នកសង្គមកិច្ចអាជីព អ្នកស្ម័គ្រ ឬស្ថាប័នឯកជនស្របច្បាប់។ កន្លងមក មានការខ្វះចន្លោះរបស់មន្រ្តីមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធចំពោះការអនុវត្តផងដែរសម្រាប់ការផ្លាស់ទីជនរងគ្រោះចេញពីទីតាំងគ្មានសុវត្ថិភាពទៅរកសវាថែទាមានសុវត្ថិភាព។

ក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តក្របខណ្ឌស្តង់ដារគុណភាពជាតិសម្រាប់ការផ្តល់សេវាសង្គមកិច្ច លោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្តកោះកុង បង្ហាញការគាំទ្រចំពោះការដាក់ឱ្យអនុវត្តក្របខណ្ឌស្តង់ដារគុណភាពជាតិសម្រាប់ការផ្តល់សេវាសង្គមកិច្ច ក្នុងគោលបំណងដើម្បីផ្តល់សេវាសង្គមកិច្ច មានគុណភាព ប្រក្រតីភាព និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធានាសិទ្ធិមនុស្ស និងសុខុមារភាពអ្នកទទួលសេវា និងបង្កើតវិធានការវាយតម្លៃ និងត្រួតពិនិត្យ ដែលអាចវាស់វែងបានរួមនិងការពង្រឹងទំនាក់ទំនង រវាងអាជ្ញាធរ មណ្ឌល និងអង្គការពាក់ព័ន្ធ។

ទាក់ទិននឹងវិស័យសង្គមកិច្ច លោកស្រីអភិបាលស្តីទីខេត្ត ត្រូវបានមើលឃើញថា វិស័យសង្គមកិច្ច បច្ចុប្បន្នខេត្តមានមណ្ឌលកុមារកំព្រារដ្ឋចំនួន ១ មណ្ឌល មានកុមារសរុបចំនួន ១៣ នាក់ ស្រី ៦នាក់។ គិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៥ ជនចាស់ជរា គ្រួសាររងគ្រោះ ទីទ័លក្រ ដោយ គ្រោះធម្មជាតិ និងគ្រោះអន្តរាយដោយយថាហេតុ នៅតាមសហគមន៍ បានទទួលជំនួយសង្គ្រោះ បន្ទាន់ពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ១០៩ គ្រួសារ។

បច្ចុប្បន្នខេត្តកោះកុង មានសមាគមមនុស្សចាស់ ចំនួន ៥ឃុំ ២សង្កាត់ស្មើនឹង ១១ភូមិ ដែលកំពុង ដំណើរការ ទៅតាមស្ថានភាពជាក់ស្តែងនៃឃុំ សង្កាត់នីមួយៗ។ សមាគមមនុស្សចាស់ មានសមាជិក ចំនួន ៥៦៧នាក់ ស្ត្រីចំនួន ៣៥៦នាក់ គិតមកដល់ពេលនេះសមាគម មានថវិកាចំនួនជាង៤លានរៀល។ ថវិកាទាំងនេះបានមកពីប្រាក់ភាគទានបង់ប្រចាំខែ របស់សមាជិក នៃសមាគម។

ក្រៅពីនេះ ក៏មានវិស័យស្តារសម្បទា សាខាមូលនិធិជនពិការ និងសាខាមូលនិធិជាតិជំនួយសង្គមផងដែរ។
ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលបានលើកឡើងខាងលើ លោកស្រីអភិបាលស្តីទីខេត្តកោះកុង អះអាងថា ក៏នៅមានបញ្ហាប្រឈម ជា ច្រើនទៀតដូចជាភាពក្រីក្រ នៅក្នុងខេត្តកោះកុង ដែលយើងត្រូវបន្តយកចិត្តទុកដាក់ជួយសង្គ្រោះ និងបង្កឱកាសឱ្យពួកគាត់ អាចស្តារ និងកសាងជីវភាពគ្រួសារបានប្រសើរឡើង។ ការប្រែប្រួល អាកាសធាតុ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយសង្គមផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង បានបង្កើតឱ្យមានភាពងាយរងគ្រោះ ដូចជាការចំណាកស្រុក ជនអនាថា ជនចាស់ជរាក្រីក្រគ្មានទីពឹង ជនពិការក្រីក្រ កុមារកំព្រា និងកុមារងាយរងគ្រោះ។ល។ ដែលកំពុងរង់ចាំទទួលសេវាសង្គមកិច្ច និងជំនួយសង្គម។

ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រដ្ឋបាលខេត្ត នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល សមាគមពាក់ព័ន្ធនានា ដើម្បីសម្របសម្រួល និងផ្តល់សេវា ដល់មុខសញ្ញា ដែលជាជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងភូមិសាស្ត្ររបស់ខេត្តកោះកុង៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

ក្រសួងសង្គមកិច្ច ដាក់ឱ្យអនុវត្តក្របខណ្ឌស្តង់ដារគុណភាពសម្រាប់ការផ្តល់សេវាសង្គមកិច្ច

ព័ត៌មានជាតិ៨ នាទីutes មុន

វាលស្មៅនៅឧទ្យានជាតិវីរៈជ័យ ប្រែពណ៌ខៀវស្រងាត់ នារដូវវស្សាទាក់ទាញភ្ញៀវទេសចរ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត ថា ខ្លួនស្ម័គ្រចិត្តបម្រើជាតិ បើត្រូវការកងទ័ព

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ្នកវិទ្យាសាស្រ្ត ព្រមានពីការផ្ទុះភ្នំភ្លើងយក្ស ដែលអាចបង្កមហន្តរាយនៅអឺរ៉ុប

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ភ្លើង​ឆេះ​ព្រៃ​ជាង​២០ម៉ឺនហិកតា នៅ​​កាណាដា ​​មនុស្ស​ជិត​២ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​

Sokha Hotels

ព័ត៌មានពេញនិយម