ព័ត៌មានជាតិ
ព្រឹទ្ធសភា នឹងស្នើវិសោធនកម្មច្បាប់ ដើម្បីដូរមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានីខេត្ត ដូចរដ្ឋសភា
ព្រឹទ្ធសភានឹងស្នើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយកែសម្រូលមណ្ឌលបោះឆ្នោត ពីភូមិភាគ ទៅសមាមាត្ររាជធានីខេត្ត ដូចរដ្ឋសភា។ ការវិសោធនកម្មនេះគឺដើម្បីពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់សមាជិកព្រឹទ្ធសភានៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញបំណងចង់ឱ្យមានការបោះឆ្នោតព្រឹទ្ធសភាមានទម្រង់ដូចទៅនឹងការបោះឆ្នោតរដ្ឋសភា ដោយសម្ដេច ណែនាំឱ្យសិក្សាផ្លាស់ប្តូរពីការបោះឆ្នោតតាមភូមិភាគទៅជាសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ ជំនួសវិញ។
ដោយមានការចង្អុលបង្ហាញដូច្នេះ ព្រឹទ្ធសភា បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យ សិក្សា និងស្រាវជ្រាវទៅលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅអាស៊ី អឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក។

ក្រោយបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោតនេះជាច្រើនលើកច្រើនសារ គណៈកម្មការពិសេស ដឹកនាំរបស់លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា គឺបានសម្រេចជាឯកច្ឆន្ទថា នឹងស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយកែសម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភា។
តាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការព្រឹទ្ធសភាកម្ពុជា គណៈកម្មការពិសេសព្រឹទ្ធសភា នឹងបន្តប្រឹក្សាយោបល់បន្ថែមទៀតជាមួយសមាជិកព្រឹទ្ធសភាមកពីគ្រប់គណបក្សនយោបាយ ក្នុងគណៈកម្មការជំនាញទាំង១០ និងភូមិភាគទាំង៨។

លើកឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជន បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅកាន់បណ្ដាមេដឹកនាំគណបក្សទាំងនោះ ថា គណបក្សប្រជាជនកម្ពុជា កំពុងពិនិត្យសិក្សាស្រាវជ្រាវលើការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខ។ ការណ៍នេះ គណបក្សប្រជាជនកម្ពុជា ក៏ត្រូវការមតិយោបល់ ដែលជាធាតុចូលបន្ថែមពីបណ្ដាបក្សសម្ព័ន្ធភាពដែរ ដើម្បីឈានដល់ការធ្វើវិសោធនកម្មច្បាប់នេះប្រកបដោយភាពត្រឹមត្រូវ។

តាមលោក ជា ធីរិទ្ធ គោលដៅចម្បងនៃការគ្រោងធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីជំរុញយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភា មានគណនេយ្យភាពជាមួយអង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់។ លោក សង្កត់ធ្ងន់ពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមិនចង់ឱ្យសមាជិកព្រឹទ្ធសភាទំនេរពេកនោះទេ ពោលព្រឹទ្ធសភា ក្នុងអាណត្តិដឹកនាំរបស់សម្ដេចតេជោ ជាប្រធាននេះ គឺត្រូវតែធ្វើការដោយសកម្ម។
សម្ដេចតេជោ មានប្រសាសន៍ថា «ត្រូវតែរកការងារធ្វើ មិនអាចរង់ចាំការងាររត់មករកយើងទេ»។ លោក ជា ធីរិទ្ធ បន្ថែមឱ្យដឹងដូច្នេះ។

ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានសមាជិកចំនួន ៦២រូប ដែលសមាជិក ៥៨រូបត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ ដោយឡែក សមាជិក២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសដោយរដ្ឋសភា។
ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។
បន្ថែមពីភារកិច្ចស្នូលខាងលើ ព្រឹទ្ធសភា នីតិកាលទី៥ បានផ្តោតជាអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការប្រាស្រ័យ ទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


