ព័ត៌មានជាតិ
សម្ដេចធិបតី យករឿងកងទ័ពថៃឈ្លានពានកម្ពុជាទៅប្រាប់ប្រធានាធិបតីបារាំង និងជំហរកម្ពុជាមិនចង់ធ្វើសង្គ្រាម និងប្ដឹងទៅICJ បន្តធ្វើមិត្តល្អជាមួយថៃ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាន់ ហ្សង់ ហ្វ្រង់ស័រ ឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននាំយករឿងកងទ័ពថៃឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាទៅទៅប្រាប់ប្រធានាធិបតីបារាំង និងប្រាប់អំពីជំហររបស់កម្ពុជាក្នុងការរក្សាសន្តិភាព មិនចង់ធ្វើសង្គ្រាម ការដាក់បណ្ដឹងអំពីវិវាទព្រំដែនទាំងបួនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ វាស់វែងបោះបង្គោលព្រំដែនជាមួយថៃឱ្យចប់ និងបន្តធ្វើជាមិត្តល្អជាមួយប្រទេសថៃ ដើម្បីប្រយោជន៍ប្រជាជន។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយសម្ដេចធិបតីបញ្ចប់ដំណើរទស្សនកិច្ចនៅបារាំង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ អះអាងថាគោលបំណងដែលសម្ដេចប្រាប់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង គឺដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជាហើយគ្មានចេតនា ចង់បានអ្វីពីបារាំងឡើយ។

លោកតាន់ ហ្សង់ហ្វ្រង់ស័រ ប្រាប់អ្នកសារព័ត៌មានដូច្នេះ៖«ជាការពិតសម្ដេចធិបតី បានលើកឡើងពីរឿងរ៉ាវ បច្ចុប្បន្នរវាងកម្ពុជាថៃ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់យ៉ាងទទូច ប្រាប់ថា សម្ដេចមហាបវរធិបតី លើកឡើងពីបញ្ហាកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង Macron ដើម្បីបញ្ជាក់អំពីគោលជំហររបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ គ្មានឡើយគោលដៅផ្សេង។»។

ជាការឆ្លើយតប ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បញ្ជាក់កាន់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ថា បារាំងអាចជួយសម្របសម្រួលតាមរយៈឯកសារចាំបាច់ដល់ភាគីកម្ពុជាផង និងភាគីថៃផង ក្នុងករណីចាំបាច់។ នេះបើតាមការអះអាងរបស់លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាន់ ហ្សង់ហ្វ្រង់ស័រ។

គួរឱ្យដឹងថាមុនប្រាប់ប្រធានាធិបតីបារាំង សម្ដេចធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៦ ខែមិថុនា ក៏បានទូរសព្ទទៅប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ នេះ អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃផងដែរ។

សូមរម្លឹកម្ដងទៀតថា កាលពីវេលាព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានឈ្លានពានដីកម្ពុជា និងលបលួចបាញ់ប្រហារមកលើលេណដ្ឋាន ក្នុងភូមិសាស្ត្រតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីប្រមាណ៣០មុន បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ៤៧ឆ្នាំ បាត់បង់ជីវិតភ្លាមៗ។

ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ, សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានបញ្ជាឱ្យចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។

បើតាមសម្ដេចតេជោ រដ្ឋាភិបាលកម្ពុជា ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ពិសេសតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ដែលស្ថិតក្នុងផែនទីរបស់កម្ពុជា និងប្រាសាទដែលសាង សង់ដោយបុព្វបុរសខ្មែរ ប្រមាណ ២៥ឆ្នាំទៅហើយ តែមិនដាច់ស្រាច់។

ដើម្បីបញ្ហាព្រំដែននេះឱ្យដាច់ស្រាច់ កុំឱ្យថៃឃ្លានពាននិងបំពានបំពានម្ដងហើយម្ដងទៀត រដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីអង្គសមាជព្រឹទ្ធសភា រដ្ឋសភាម្រេចយកវិវាទទាំង៤នេះ ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ ឱ្យតុលាការនៅទីក្រុងឡាអេ ជួយកាត់ក្ដីបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងមានភាពយូរអង្វែង។

ប៉ុន្តែរដ្ឋាភិបាលថៃវិញ ឆ្លើយតបថាខ្លួនមិនចង់មានការប្ដឹងផ្ដល់ទៅតុលាការយុត្តិធម៌ទេ សុំត្រឹមការចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដោយទាមឱ្យរដ្ឋាភិបាលកម្ពុជាដាក់វិវាទព្រំដែនទាំង៤ ទៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ដែលប្រជុំនៅថ្ងៃទី១៤ ខែមិថុនា ជាមួយនឹងការគម្រាមថា បើកម្ពុជាមិនវិវាទទាំង៤ចូលក្នុងកិច្ចប្រជុំ JBC នឹងកាត់ផ្ដាច់ចរន្តអគ្គិសនីតាមព្រំដែនជាមួយកម្ពុជា និងដោះស្រាយតាមគណៈកម្មការព្រំដែនទូទៅ (GBC)។ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឆ្លើយតបវិញថា វិធីនេះមិនបានធ្វើឱ្យកម្ពុជាប្រែជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ។

នៅថ្ងៃទី៦ ខែមិថុនា សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដោយមានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ជាប្រធាន, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជាអនុប្រធាន និងសមាសភាពជាង១០នាក់ផ្សេងទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ