ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ម៉ាឡេស៊ីពីជំហររបស់កម្ពុជាក្នុងការរុញរឿងព្រំដែនជាមួយថៃទៅតុលាការ ICJ
អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីជាន់ខ្ពស់របស់ម៉ាឡេស៊ីអំពីជំហររបស់កម្ពុជា ដែលរក្សាយន្តការដោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយភាគីថៃ ផ្អែកលើច្បាប់អន្តរជាតិ គឺយន្តការដោះស្រាយតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ក្នុងជំនួបនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ជាមួយលោក Dato SRI Tiong King Sing ដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពន្យល់អំពីស្ថានភាពពិតប្រាកដនៃការកើតឡើងជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលសម្ដេច អះអាងថា ជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក្នុងជំនួបសន្ទនានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការគំរាមផ្សេងៗពីភាគីថៃមកលើកម្ពុជា ដូចជាការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោ ក៏បានភ្ជាប់ការលើកឡើងពីយន្តការរបស់កម្ពុជា ដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញតំបន់ជម្លោះចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

ក្នុងន័យនេះ សម្ដេចតេជោ បានប្រាប់ដល់លោករដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ជួយបន្តនាំសាររបស់សម្ដេចទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដូចសម្ដេចបានរៀបរាប់ខាងលើ ដើម្បីប្រាប់ទៅដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ាននៅឆ្នាំនេះផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ហើយលោករដ្ឋមន្ត្រី ក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

គួរជម្រាបដែរថា កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងប្រាប់ទៅកាន់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ អំពីជំហរ ៤ចំណុចរបស់កម្ពុជា ទាក់ទងនឹងបញ្ហាព្រំដែនជាមួយភាគីថៃ ផងដែរ។ ខណៈនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ក៏បានទូរសព្ទទៅលោក Anwar ដូចគ្នានេះផងដែរ។
កិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Anwar Ibrahim សម្តេចធិបតី បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ គឺកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ជុំវិញកិច្ចការព្រំដែន កម្ពុជាប្រកាន់ជំហរបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ លើកលែងតែបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី គឺកម្ពុជា បានសម្រេចចិត្តយកសំណុំរឿងនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធី ឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហានៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


