ព័ត៌មានជាតិ
ប្រជាសហគមន៍ការពារធម្មជាតិចំបក់ ខេត្តកំពង់ស្ពឺ អាចរកចំណូលក្នុងរង្វង់១០ម៉ឺនរៀល ក្នុង១ថ្ងៃ ពីរបរដកហូតឬស្សីធម្មជាតិ
ឬស្សីដែលដុះតាមទីធម្មជាតិ ដ៏សម្បូរបែបនៅ សហគមន៍ការពារធម្មជាតិចំបក់ ស្ថិតនៅក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺបានក្លាយជាប្រភពរកចំណូលដ៏សំខាន់មួយទៀតរបស់ប្រជាពលរដ្ឋសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់។ដើមឬស្សីតូចធំ និងពិសេសដើមឬស្សីឃ្លៃ ឬស្សីឃ្លិច ដែលជាប្រភេទឬស្សីរឹងមាំនោះកំពុងត្រូវបានក្រុមហ៊ុន កែច្នៃឬស្សីមកពីក្រៅប្រទេសប្រមូលទិញដើម្បី ធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ បានធ្វើការកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងកសិកម្មថែមទៀតផង។

ដោយសារតែដើមឬស្សីមានតម្លៃល្អ និងមានតម្រូវការរៀងរាល់ថ្ងៃ ទើបធ្វើឱ្យប្រជាសហគមន៍ការពារធម្មជាតិចំបក់បានរួមគ្នាអភិរក្សយ៉ាងយកចិត្តទុកដាក់ និងបាននាំគ្នាដាំបន្ថែមដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឱ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដទៀតផង។

ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ លោក ទូច ម៉ន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣៣៨២ ហិចតា ហើយក្នុងនេះមានផ្ទៃដីឬស្សី១២៦២ហិកតា។ក្នុងចំណោមឬស្សីទាំងអស់មានឬស្សី៤មុខដែលផ្តល់នូវប្រាក់ចំណូលរបស់ប្រជាសហគមន៍ច្រើនបំផុតក្នុងចំណោមឬស្សីជិត២០ប្រភេទនេះមានដូចជាឬស្សី ឃ្លៃ ឬស្សីឃ្លិច ឬស្សីព្រៃ និងឬស្សីទ្រនំ។

លោកថាគម្រោងគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានទាញដៃគូមកវិនិយោគនៅសហគមន៍ដោយផ្ទាល់តែម្តង។ដោយសារការវិនិយោគនៅកន្លែងនេះហើយទើបធ្វើឱ្យតម្លៃទីផ្សារឬស្សីមាននិរន្តភាព។ពេលនេះការ រកចំណូលពីឬស្សីខ្ពស់ណាស់ដែលពលរដ្ឋអាចប្រមូលខួបប្រាំង ខួបវស្សា។ក្នុងនេះសហគមន៍បានកំណត់ច្បាស់លាស់ទៅតាមទីតាំងនីមួយៗដែលត្រូវប្រមូលដោយក្នុងនេះបានកំណត់ឆ្នាំនេះត្រូវប្រមូលនៅទីតាំងណាមួយ និងឆ្នាំក្រោយប្រមូលនៅទីតាំងណាមួយទៀតជាដើម។

លោកចាត់ទុកថាការប្រមូលដោយច្ចេកទេសគឺបានជួយឱ្យឬស្សីមាននិរន្តភាពមែនទែន។ហេតុនេះហើយទើបឬស្សីត្រូវបានអភិរក្សយ៉ាងយកចិត្តទុកដាក់។ឬស្សីនេះដែរចាត់ទុកថាជាមុខរបរទី២យ៉ាងសំខាន់បន្ទាប់ពីកសិកម្មធ្វើស្រែ ចំការរបស់ពលរដ្ឋសហគមន៍។

លោក ទូច ម៉ន ឱ្យដឹងថា៖«អ្នកទៅប្រមូលឬស្សីក្នុងមួយថ្ងៃយ៉ាងហោចណាស់បានថវិការជិត៣០ដុល្លារ។មួយបាច់តម្លៃ៥៥០០រៀលក្នុងនេះមួយថ្ងៃប្រមូលបាន២០បាច់ក៏ឃើញលុយបានច្រើនដែរ។ក្រៅពីនេះប្រជាសហគមន៍បានធ្វើការឱ្យក្រុមហ៊ុន ដោយក្នុងនេះពួកគាត់អាចរកចំណូលតាមរយៈស្ងោរ និងពុតឬស្សី ដែលនេះជាប្រាក់ចំណូលរបស់ពួកគាត់តាមរយៈការធ្វើការងារឱ្យក្រុមហ៊ុនមួយផ្នែកទៀត»។

លោក Richard Dansey នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន leopaBamboo ដែលជាក្រុមហ៊ុនកែច្នៃឬស្សីមកពីក្រៅប្រទេសបានប្រាប់ថាឬស្សីដែលបានកែច្នៃនេះមានចំនួន២០ភាគរយ យកមកធ្វើជា គ្រឿង សង្ហារឹម ក្រៅពីនេះបានកែច្នៃធ្វើជាធ្យូង។សម្រាប់ធ្យូងឬស្សីនេះទៀតសោត វាក៏មានសារៈសំខាន់យ៉ាងច្រើនទៀតក្នុងនេះគេអាចប្រើវាក្នុងដំណាំកសិកម្ម និងម្យ៉ាងធ្យូងឬស្សីផ្ទុកដោយកាបូន ហើយវាអាចស្រូបទាញឧស្ម័នពុលផ្សេងៗពីបរិយាកាសបានទៀតផង។

លោកថាក្រៅពីបម្លែងជាធ្យូងក្រុមហ៊ុនបានលាយធ្យូងនេះជាមួយសារជាតិមួយចំនួនទៀតសម្រាប់ធ្វើជាជីកសិកម្មជំនួសជីគីមី និងក៏បាននាំយកទៅដាក់តាមទីធម្មជាតិសម្រាប់ស្រូបទាញឧស្ម័នមានសារជាតិពុល។

ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) លោក ឃិន ម៉េងឃាង ឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន១៩៤សហគមន៍ ក្នុងនេះមាន៥៣សហគមន៍ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរគឺមានចំនួន១៥សហគមន៍ដែលទទួលបានការគាំទ្រទាំង ទេសចរណ៍ ការដាំស្តាព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវ៉ាញ ។គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន២០២៣-២០២៨។

គួរបញ្ជាក់ថាសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅក្បែរ ឧទ្យានជាតិ គិរីរម្យ ខេត្ត កំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ១០៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាទីល្បីឈ្មោះទឹកធ្លាក់ និងទីនេះកំពុងបានក្លាយជាទីកន្លែងទទួលស្គាល់ និងផ្តល់ការស្នាក់នៅរបស់អ្នកទេសចរទាំងពលរដ្ឋកម្ពុជា និងក៏ដូចជាអ្នកទេសចរបរទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


