Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ៖ ការបកប្រែសិលាចារឹកភាសាសំស្ក្រឹត និងភាសាបាលី ដើម្បីឱ្យកូនខ្មែរស្គាល់ពីប្រវត្តិសាស្រ្តកាន់តែច្រើន

បានផុស

នៅ

បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកចំណុចសំខាន់ៗចំនួន៥ ដែលរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដំណើរការគម្រោង ស្តីពីការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី ក្នុងគោលបំណងឱ្យកូនខ្មែរគ្រប់រូបបានដឹងពីប្រវត្តិសាស្ត្រខ្មែរឱ្យបានច្រើន ចៀសវាងការលួចយកពីសាសន៍ដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបើកដំណើរការគម្រោង ស្តីពី ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

មូលហេតុដែលនាំឱ្យបកប្រែសិលាចារឹកភាសាសំស្រឹ្កត និងបាលីនេះ លោក បណ្ឌិត យង់ ពៅ ដែលជាប្រធានគម្រោងការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី លើកឡើងថា មានមូលហេតុចំនួន ៥ចំណុច។ ចំណុច ទី១ ស្គាល់ភាពជាខ្មែរ ដោយលោកបណ្ឌិតចង់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ស្គាល់ថាអ្វីទៅភាពជាខ្មែរ? មានគោលការណ៍អ្វីខ្លះ? និងត្រូវសិក្សាឱ្យបានយល់គ្រប់ជ្រុងជ្រោយ ពីឫសគល់ដែលបុព្វបុរសខ្មែរបានកត់ត្រានៅលើផ្ទាំងសិលា។ ទី២ បកស្រាយអាថ៌កំបាំង ភាពអស្ចារ្យរបស់ដូនតាខ្មែរ ដើម្បីឱ្យយុវជន កូនខ្មែរជំនាន់ក្រោយបានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រខ្មែរថា ហេតុអ្វីបានជាខ្មែរអស្ចារ្យនៅសម័យមហានគរ។

លោកបណ្ឌិតបាននិយាយថាដូច្នេះហើយ គឺយើងត្រូវតែស្រាយអាថ៌កំបាំងហ្នឹង ដើម្បីរៀនសូត្រពីភាពខ្លាំងរបស់ខ្មែរ ជាពិសេស ក្នុងទិដ្ឋភាពបច្ចុប្បន្ននេះ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ទាំងស្ថានភាពពិភពលោក ទាំងស្ថានភាពតំបន់ និងស្ថានភាពដោយឡែក កម្ពុជា-ថៃ

គោលបំណងទី៣ ការចងក្រងបណ្តុំទស្សនវិជ្ជាខ្មែរ ដែលមានបំណងបង្ហាញ ឆ្លុះបញ្ចាំង ពីការកត់ត្រាទស្សនវិជ្ជាក្នុងការដឹកនាំរដ្ឋ មានភាសាក្សត្រ ភាសាសាសនាជាដើម។ ទី៤ លោកបណ្ឌិតថា ចង់បង្ហាញពីកេតនភណ្ឌជាតិ ដែលខ្មែរមានតាំងពីបុរាណកាលមក ពោល គឺបកប្រែឱ្យកូនខ្មែរបានស្គាល់ពីកេតនភណ្ឌជាតិខ្មែរ ចៀសវាងប្រទេសជិតខាងយកទៅបកប្រែ និងចង់បានធ្វើជាកម្មសិទ្ធិរបស់ខ្លួន។​ ចំណុចទី៥ ស្មារតីជាតិ ស្មារតីដូនតា មានន័យថា ត្រូវតែឱ្យកូនខ្មែរដឹងពីប្រវត្តិសាស្ត្រដែលបានចារលើសិលាចារឹក ដើម្បីឱ្យមានជាតិនិយម ស្គាល់ពីទឹកដីខ្លួនឯង ជាតិខ្លួន​ឯង និងសាសន៍ខ្លួនឯងដែលមានរាប់ពាន់ឆ្នាំមកហើយ។

ចំណុចទាំងអស់នេះ លោកបណ្ឌិត យង់ ពៅ ថា គឺជាភាពចាំបាច់របស់រាជបណ្ឌិត្យសភាកម្ពុជាត្រូវធ្វើ ដើម្បីបានជាប្រយោជន៍ជាតិ ផ្តល់ជាចំណេះដឹងដល់អ្នកជំនាន់ក្រោយ និងទទួលបានពរជ័យពីដូនតាមហានគរខ្មែរ។ លោកបណ្ឌិត ក៏បានប្តេជ្ញាខ្ពស់ ក្នុងការដឹកនាំគម្រោង ស្តីពីការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី ឱ្យទទួលបានជោគជ័យ។

សូមជម្រាបថា គម្រោងនេះ ចាប់ផ្តើមដំណើរការស្រាវជ្រាវតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ សម្រាប់ពិធីបើកថ្ងៃទី៩ ខែកក្កដានេះ មានការចូលរួមពីវាគ្មិនកិត្តិយស ៥រូប បកស្រាយលើប្រធានបទចំនួន៥។ ប្រធានបទទី១ ផ្តោតពីទិដ្ឋភាពទូទៅនៃសិលាចារឹកភាសាសំស្ត្រឹត និងនីតិវិធី ការងារ ដែលបកស្រាយដោយ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ និងជាសមាជិកគម្រោង។ ប្រធានបទទី២ អត្ថបទ និងអត្ថរសរបស់កំណាព្យសំស្ក្រឹតនៅលើសិលាចារឹក ដោយលោក កំ វណ្ណារា សមាជិកគម្រោង។ ប្រធានបទទី៣ ឥទ្ធិពលភាសាសំស្ក្រឹតលើសង្គមខ្មែរ ដោយបណ្ឌិត លន់ ឡាយ សមាជិកគម្រោង។ ប្រធានបទទី៤ ភាពសម្បូរបែបនៃពាក្យពេចន៍អប់រំក្នុងភាសាសំស្ក្រឹត ដោយលោក ជួនចេវ សមាជិកគម្រោង និងប្រធានបទទី៥ សារៈសំខាន់នៃការធ្វើសំណៅផ្តិតសិលាចារឹក ដោយលោក រិន ពេជ្ជរជ្ឋ សមាជិកគម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម