ព័ត៌មានជាតិ
ត្រឹមឆមាសទី១ ឆ្នាំ ២០២៥ គយ ប្រមូលពន្ធបានប្រមាណ ១ ៤៧៨ លានដុល្លារ កើន ២១%
សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការប្រមូលពន្ធនិងអាករសម្រេចបាន ៦ ០០៩ ប៊ីលានរៀល(ស្មើនឹងប្រមាណ ១ ៤៧៨,២ ដុល្លារអាម៉េរិក) មានកំណើនចំនួន ១ ០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំណូលដែលសម្រចបាននេះត្រូវជាប្រមាណ ៥៨,៦% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល និងដាក់ទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥។

ជាមួយនឹងកំណើននេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តមួយចំនួនមានជាអាទិ៍ ការបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ របស់ អគរ ឱ្យបានជោគជ័យ, ការបន្តពង្រឹង និងកែលម្អប្រព័ន្ធបច្ចេកវិទ្យាគាំទ្រដល់កិច្ចប្រតិបត្តិការគយ, ការសហការជាមួយផ្នែកឯកជនដើម្បីដោះស្រាយបញ្ហា និងជំរុញលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងការបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធគ្រប់មុខសញ្ញា ការកសាង និងអភិវឌ្ឍស្ថាប័ន។
ចំណែកលទ្ធផលនៃការប្រមូលពន្ធនិងអាករក្នុងខែមិថុនា ឆ្នាំ២០២៥ ទទួលបាន ២៥២,៨ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៧,១% ប្រៀបធៀបនឹងចំណូលខែឧសភា ឆ្នាំ២០២៥ និងកើនឡើង ១៤,៤% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២៤។ ប៉ុន្តែជារួមសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការប្រមូលពន្ធនិងអាករ សម្រេចបាន ១ ៤៧៨,២ ដុល្លារអាម៉េរិក មានកំណើនប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។

បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤០,៧%, អាករពិសេសមានប្រមាណ ៣៥,១%, ពន្ធគយមានប្រមាណ ១៥,៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៣,៩% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,៤%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,២%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,២%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៣,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៩%។
ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ១៦ ២៧៨,៩ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលវាយនភណ្ឌជាវត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, ផលិតផលតេលសិលា, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤ ៤១៨,៨ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៦,១% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២២,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិកនិងបង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ផលិតផលប្លាស្ទិក, និងផលិតផលឧស្សាហកម្មផ្សេងទៀត) មានកំណើន ១១,២%, និងកសិផល (មានជាអាទិ៍ ស្រូវ, អង្ករ, ដំឡូង, កៅស៊ូ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ៤,៤%។
បន្ថែមពីលើការងារប្រមូលចំណូល អគរ ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា ការកែលម្អនិងធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, ការងារស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ, ការងារសវនកម្ម និងការគ្រប់គ្រងហានិភ័យ, កិច្ចសហការជាមួយផ្នែកឯកជន, កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


