ព័ត៌មានជាតិ
កម្ពុជាគ្មានជំនួបដាច់ដោយឡែកណាជាមួយថៃក្នុងកិច្ចប្រជុំ AIPA Caucus ទេ
នាយខុទ្ទកាល័យប្រធានសភា និងជាអគ្គលេខាធិការរងរដ្ឋសភាជាតិលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា ពុំមានជំនួបក្រៅផ្លូវការណាមួយរវាងអ្នកនយោបាយកម្ពុជា និងថៃក្នុងកិច្ចប្រជុំ AIPA Caucus ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅវេលាថ្ងៃត្រង់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នៅវិមានរដ្ឋសភា លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាក្រៅពីប្រជុំផ្លូវការដើម្បីពិនិត្យលើវឌ្ឍនភាពនិងទិសដៅទៅមុខរបស់ AIPA Caucus នោះគ្មានទេការជួបប្រជុំដាច់ដោយឡែកណាមួយជាមួយភាគីថៃ។
លោកថា៖ «យើងគ្មានជំនួបក្រៅផ្លូវការអីទេ! យើងគ្រាន់តែជជែកគ្នាក្នុងក្របខណ្ឌគ្រួសារអាស៊ានលើការងារសេចក្ដីសម្រេចដែលបានជជែកកាលពីឆ្នាំមុន»។

រដ្ឋសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនឹងកិច្ចប្រជុំអ្នកនយោបាយអាយប៉ាលើកទី១៦ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍អាយប៉ា និងប្រទេសជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍ សរុបមានចំនួនប្រមាណជិត ៣០០នាក់។ តំណាងប្រទេសថៃគឺលោកស្រី ភីយ៉ារ៉ាត់ ធីយ៉ាផារ៉ាត់ (Piyarat TIYAPAIRT ) ដែលជាលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីទំនាក់ទំនង ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថលនៃរដ្ឋសភាថៃ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ AIPA Caucus ព្រឹកថ្ងៃទី១៥ ខែកក្កដានេះ សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា បច្ចុប្បន្នក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងបញ្ហានៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយម បែកខ្ញែកសេដ្ឋកិច្ច វិវាទនៃអធិបតេយ្យ និងជម្លោះប្រដាប់អាវុធដែលត្រូវរកមធ្យោបាយរួមគ្នាទប់ស្កាត់។
សម្ដេចបន្ថែមដោយរម្លឹកនូវតម្លៃរួមរបស់អាស៊ាន ដោយជំរុញនូវការប្រកាន់ខ្ជាប់ធម្មនុញ្ញអាស៊ាន គោរពសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងសេចក្ដីប្រកាសស្ដីពីតំបន់សន្ដិភាព សេរីភាព និងអព្យាក្រឹត ព្រមទាំងគោរពដល់អង្គការសហប្រជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិជាចាំបាច់ផងដែរ។
សម្ដេចថា៖ «វាគឺជាការចាំបាច់បំផុត ដែលអាស៊ានត្រូវរក្សាគុណតម្លៃ និងគោលការណ៍រួមរបស់យើងទាំងអស់នេះ»។

គួរឱ្យដឹងផងដែរថាកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ដែលធ្វើឡើងនៅកម្ពុជាឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា»។ ការរៀបចំប្រធានបទនេះគឺក្នុងពេលដែលបញ្ហាក្នុងពិភពលោក និងតំបន់បានបង្កផលប៉ះពាល់ជាខ្លាំងដល់ស្ថិរភាព និងសន្ដិភាព ហើយកម្ពុជានិងថៃក៏កំពុងប្រឈមនឹងបញ្ហាព្រំដែនជាមួយគ្នាផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


