Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន សន្យាចាប់ដៃគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

បានផុស

នៅ

កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) បានព្រមព្រៀងគ្នាថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគួរតែ នៅតែជាអាទិភាពកំពូលក្នុងតំបន់ ខណៈដែលភាគីទាំងពីរបានស្វែងយល់ពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌ ឬគោលការណ៍ណែនាំរួមអាស៊ាន-ចិន ដើម្បីដោះស្រាយបញ្ហារួម។ការណ៍ព្រមព្រៀងនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងលោក Wang Yan អនុប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ (IPR) នៃ ACC នៅក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ រវាងរដ្ឋសមាជិកអាស៊ាន និងប្រទេសចិន ដោយយកចិត្តទុកដាក់ជាពិសេសចំពោះគំនិតផ្តួចផ្តើម ការកសាងសមត្ថភាព ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើសកម្មភាពរួមគ្នានាពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាព័ត៌មានក្លែងក្លាយ ការផ្សាយព័ត៌មានមិនពិត និងការគំរាមកំហែងតាមអ៊ីនធឺណិត ហើយបានទទួលស្គាល់តម្រូវការបន្ទាន់ សម្រាប់ផែនការសកម្មភាពជាក់ស្តែង និងកម្មវិធីបណ្តុះបណ្តាលក្នុងតំបន់ ដើម្បីបង្កើនភាពធន់នៃប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ។

ជាផ្នែកនៃកិច្ចសហការដែលបានស្នើឡើង ACC បានគូសបញ្ជាក់អំពីផែនការចាប់ផ្តើមសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ជាបន្តបន្ទាប់ និងដំណើរទស្សនកិច្ចផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ ដោយចាប់ផ្តើមពីប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងនាំអ្នកជំនាញសារព័ត៌មានចិនមកកម្ពុជា សម្រាប់វគ្គចែករំលែកចំណេះដឹង ទន្ទឹមនឹងនោះក៏បង្កើតឱកាសសម្រាប់អ្នកសារព័ត៌មានកម្ពុជា ទៅទស្សនាប្រទេសចិនជាផ្នែកនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងវិជ្ជាជីវៈផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសិក្ខាសាលាថ្នាក់តំបន់ ក្នុងការកសាងជំនាញរបស់អ្នកជំនាញសារព័ត៌មាននៅទូទាំងអាស៊ាន និងប្រទេសចិន។ បន្ថែមពីលើការផ្តោតសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំបានលើកឡើងពីសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍។

ភាគីទាំងពីរបានពិភាក្សាអំពីសក្ដានុពល នៃការរៀបចំដំណើរផ្សព្វផ្សាយព័ត៌មាន ក្នុងអំឡុងព្រឹត្តិការណ៍ជាតិ ដូចជាពិធីបុណ្យអុំទូក របស់ប្រទេសកម្ពុជា នាពេលខាងមុខនៅក្នុងខែវិច្ឆិកា។ ACC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការភ្ជាប់សកម្មភាពទាំងនេះ ជាមួយនឹងឆ្នាំទេសចរណ៍អាស៊ាន-ចិន ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០១៧ ដើម្បីជំរុញទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាងតំបន់ទាំងពីរ។

ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីពី ការយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពក្នុងតំបន់ ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការក្នុងយុគសម័យឌីជីថល ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការជំរុញសហគមន៍អាស៊ាន-ចិន ដែលមានការបរិយាបន្ន ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានភាពធន់៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម