Connect with us

ព័ត៌មានជាតិ

កម្ពុជាថ្កោលទោសអំពើឈ្លានពានដោយទ័ពថៃ និងទទូចអន្តរជាតិថ្កោលទោសទង្វើខុសច្បាប់របស់ថៃលើកម្ពុជាបែបនេះ

បានផុស

នៅ

សកម្មភាពឈ្លានពានដោយកងទ័ពថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នាថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិកម្ពុជាបានប្រកាសលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកម្រោលដោយកងទ័ពថៃ។ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ក៏បានទទូចឱ្យសហគមន៍អន្តរជាតិថ្កោលទោសទង្វើខុសច្បាប់របស់ថៃលើកម្ពុជាបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកប្រកាសថ្កោលទោសនេះ គឺបន្ទាប់ពីកងទ័ពថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយបានលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា គឺភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី ហើយនៅវេលាម៉ោង០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារនៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ។

ឆ្លើយតបនឹងការបាញ់ប្រហារដោយកងទ័ពថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះទេ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អះអាងថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃនិងដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ ទន្ទឹមនេះ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។

លោកស្រី ម៉ាលី សុជាតា គូសបញ្ជាក់ថា«ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់និងការទូត ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ពីការត្រៀមខ្លួនពេញលេញរបស់កងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យភាព និងប្រជាជនរបស់ព្រះរាជាណាចក្រកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ»។ យោងតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារក្សាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន ហើយឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ។

លោកស្រី បានសង្កត់ធ្ងន់ថា កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព។ តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏បញ្ជាក់ឡើងវិញនូវសិទ្ធិអធិបតេយ្យជាតិខ្លួន ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។ លោកស្រី ប្រកាសយ៉ាងម៉ឺងម៉ាត់ថា «កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយ»

«រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ»

ភ្ជាប់ជាមួយនឹងការឆ្លើយតបទៅភាគីថៃ ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានអំពាវនាវកុំឱ្យមានការចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬ ព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម