Connect with us

ព័ត៌មានជាតិ

ម៉ាឡេស៊ីបង្កើតក្រុមសង្កេតការណ៍លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន

បានផុស

នៅ

នៅក្នុងជំនួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា ​នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ថា នឹងបង្កើតក្រុមសង្កេតការណ៍ ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី គឺជាប្រធាន ដើម្បីចេញសង្កេតការណ៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃស្អែកនេះ ក្រោយមានបទឈប់បាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបអគ្គមេបញ្ជាការកងទ័ពប្រទេសកម្ពុជា និងម៉ាឡេស៊ី នៅពេលនេះ លោកនាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំប្រតិភូបំពេញទស្សនកិច្ចការងារនៅកម្ពុជាដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ ក្រោយមានការប្រយុទ្ធគ្នាដោយទ័ពកម្ពុជា និងថៃ អស់រយៈពេល៥ថ្ងៃកន្លងមក។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំណូមពរនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។

ឆ្លើយតបនឹងសំណើរបស់កម្ពុជា នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាពេលនេះ ក្នុងគោលបំណងសំខាន់ គឺធ្វើឱ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។

លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ីប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍ នៅថ្ងៃស្អែកនេះ។

បើតាមខ្លឹមសារចុះផ្សាយលើទំព័រហ្វេសប៊ុករបស់កងយោធពលខេមរភូមិ គឺបន្ទាប់ពីកិច្ចពិភាក្សានេះរួច អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចុះទៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះតែម្ដង ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ របស់កម្ពុជា។

ជាការកត់សម្គាល់ បន្ទាប់ពីមានបទឈប់បាញ់ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ នឹងដឹកនាំបណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស ចុះទៅតំបន់ព្រំដែន ដើម្បីពិនិត្យពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃ បានបញ្ជាក់ថា ដំណើរទៅតំបន់ព្រំដែនកម្ពុជា-ថៃ របស់អង្គទូត និងអនុព័ន្ធយោធាបរទេសនេះ គឺធ្វើឡើងស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយក៏បង្ហាញឆន្ទៈដ៏ភាពម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការអនុវត្តបទឈប់បាញ់ និងស្វែងរកសន្តិភាពពិតប្រាកដឡើងវិញតាមព្រំដែន។

ក្រៅពីបានឯកភាពទៅលើបទឈប់បាញ់ជាបន្ទាន់មួយដោយឥតលក្ខខណ្ឌ កាលពីម៉ោង១២យប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា និងថៃ បានឯកភាពឱ្យមានការជួបជាមួយអនុព័ន្ធយោធាប្រទេសនានា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានផងដែរ សម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់នេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម