Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី០១ សីហា ខេត្តក្រចេះ មានតម្រូវការកម្លាំងពលកម្មជាង ៦ ពាន់កន្លែង

បានផុស

នៅ

គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ខេត្តក្រចេះ មាន​តម្រូវ​ការពលកម្មផ្នែកកសិកម្មសរុប ចំនួន ៦,៤៣០ កន្លែង។ នេះ​យោង​តាមការ​ឱ្យដឹង​ពីរដ្ឋបាលខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្រូវការកម្លាំង​ពលកម្ម​បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថាន ក្នុង​ខេត្តក្រចេះ កំពុងជ្រើសរើសកម្លាំងពលកម្ម មានចំនួន ១៥ សហគ្រាស គ្រឹះស្ថាន​។ ក្នុង​នោះ រួមមាន ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ឺរ (ខេមបូឌា), ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺរ ២ ខមភេនី លីមីតធីត, ហ្វាយអឺម៉ាក់ស៍ (ខេមបូឌា) ថាយអឺរ ឯ.ក, សុវណ្ណវទ្ធី ខូអិលធីឌី, ញូប៊ូស្ដារ (ខេមបូឌា) ថាយអឺរ ឯ.ក, ភូរៀង ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ, ដូវ ទឺ សាយហ្គន-ប៊ិញហ្វឿក (អេសប៊ីខេ), ដុង ភូ ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ, ខមភេនី លីមីធីត (វីខេតធី), ស្វីហ្វ រីសសស៍ (ខេមបូឌា) លីមីធីត, ខេមបូឌាន បាណាណា អេហ្គ្រីខលឈ័រ ឯ.ក, ត្រាចញៀម ហ៊ូណាន ដូវទឺ-ហ្វាតទ្រៀង ដាយណាម (ខេមបូឌា), ឈុន ហុង រ៉ាប់ប៊ើរ បេតថឺរ, កសិកម្ម យុវជន ស្វាយរៀង ឯ.ក, និងក្រុមហ៊ុន ដុង ណាយ ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ។

លោក សួន វណ្ណនី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ បានឱ្យដឹងថា ចាំតាំង​ពីពេល​ពលករត្រឡប់​មក​ពីថៃ​ដល់​ខេត្តក្រចេះ​វិញភ្លាម មន្ទីរការងារ និងបណ្ដុះបណ្តាលវិជាជីវៈខេត្ត បាន​ចុះផ្សព្វផ្សាយ​ទាំងយប់​រាល់​ពេល​ពលករត្រឡប់មកដល់ខេត្ត នៅទីតាំងសាលាខេត្តក្រចេះ និងបាន​យកឯកសារ​ការងារ​ជូន​ពួកគាត់ នៅពេលពួកគាត់​ចង់​ធ្វើការ​នៅ​កន្លែងណា ទីណា បានឆាប់រហ័ស។ បន្ថែម​ពីនេះ ក៏បាន​ណែនាំ​យកពលករ​ទៅ​កាន់​ក្រុមហ៊ុន ដើម្បី​រកការងារជូនពួកគាត់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ/ស្រុក ត្រូវទាក់ទង​មកមន្ទីរការងារខេត្ត ដើម្បីរៀបចំឯកសារ និងធ្វើប័ណ្ណ បសស ជូនពួកគាត់កាន់តែ​ងាយស្រួល​រក​ការងារ​ធ្វើ​នៅតាម​ក្រុមហ៊ុន​ដោយឥតលក្ខខ័ណ្ឌ។

រហូតមកដល់ពេលនេះ មន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ នៅពុំទាន់​បូកសរុប​ចំនួនពលករ​ដែលទទួល​បាន​ការងារធ្វើនៅតាមក្រុមហ៊ុននីមួយៗនៅឡើយទេ។ ម្យ៉ាងវិញទៀត ពលករមួយចំនួន បានចុះឈ្មោះជាមួយក្រុមហ៊ុនរួចហើយ ប៉ុន្តែពួកគាត់បានកំណត់ពេលវេលាធ្វើការជាមួយក្រុមហ៊ុន ដោយ​រងចាំពេល​សភាពការណ៍ស្ងប់ស្ងាត់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នឹងចុះ​ទៅយក​តួរលេខតាម​ក្រុមហ៊ុន ថាតើ​ពលករបានធ្វើការនៅក្រុមហ៊ុនណាខ្លះ និងមានចំនួនប៉ុន្មាននាក់។

លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ចំពោះ​ពលករដែលត្រឡប់មកពីថ្ងៃ គឺអាជ្ញាធរខេត្តក្រចេះ ដែលមានលោក វ៉ា ថន ជាអភិបាលខេត្ត គឺបានគិតគូរ​យ៉ាង​យកចិត្ត​ទុកដាក់ខ្ពស់​​ជាពិសេស​តែម្តង ទាំង​ការធ្វើដំណើរ សុខមាលភាព មធ្យោបាយក្នុងការធ្វើដំណើរ ការស្នាក់នៅ និង​អាហារ​ហូបចុក ព្រមទាំង​ទទួល​យកពួកគាត់​ឱ្យចូលធ្វើការដោយឥតលក្ខខ័ណ្ឌ ទោះមានឯកសារ ឬគ្មានឯកសារក៏ដោយ គឺក្រុមការងារចាំរៀបចំជូនតាមក្រោយ ដូច្នេះទិន្នន័យ និងតួរលេខនៅពុំទាន់ជាក់លាក់នៅឡើយទេ៕

អត្ថបទ៖ ប្រុញ វិធិន១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម