ព័ត៌មានជាតិ
កម្ពុជា ថា មិនបានដាក់មីនថ្មីតាមព្រំដែន ដូចការចោទរបស់ថៃឡើយ
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ ឬដាក់គ្រាប់មីនថ្មីនៅតាមខ្សែបន្ទាត់ព្រំដែន ដូចការចោទប្រកាន់របស់ភាគីថៃនោះឡើយ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជានេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុង។

ប្រតិកម្មតបក្នុងសន្និសីទសារព័ត៌មាន នាវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែសីហានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត»។ លោកស្រីបន្តថា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។

ការបញ្ជាក់ជាថ្មីដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គឺក្រោយមានការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ថា បានពាក់ព័ន្ធនឹងការដាក់មីនថ្មីតាមព្រំដែន រហូតបង្កឱ្យមានការរងរបួសដល់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃនេះ។
លោកស្រី ម៉ាលី សុជាតា ថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការណាមួយ ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ខណៈជារឿយៗ កម្ពុជាតែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារ ថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់។ ហេតុដូច្នេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ធ្វើយ៉ាងណាបញ្ចៀសការភាន់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី។

ក្នុងន័យនេះ លោកស្រី ម៉ាលី សុជាតា បានអះអាងអំពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ និងយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ដោយកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កម្ពុជាក៏ទាមទារឱ្យភាគីថៃចូលរួមគោរពនូវលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាខាងលើដូចគ្នាផងដែរ ពិសេសការរក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង និងមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀត ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


