Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃឱ្យពលរដ្ឋប្រយ័ត្នអន្ទាក់នយោបាយខ្មាំង តាមការញុះញង់ឱ្យឈប់ប្រើទំនិញបរទេស

បានផុស

នៅ

ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងរបស់ខ្លួន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកលល្បិចរបស់សត្រូវក្បែរខាង ដែលកំពុងព្យាយាមបង្កើតរឿង ហើយទាញទៅជាសង្គ្រាមសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមរយៈសកម្មភាពញុះញង់មិនឱ្យប្រើទំនិញបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរផ្ទុះការខឹងសម្បា ហើយប្រកាសពហិការលើផលិតផលកូកាកូឡា ព្រោះរឿងផ្តាច់កុងត្រាជាមួយតារារ៉េបវណ្ណដា។ រឿងពហិការនេះ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីបារម្ភ ហើយបានស្នើពលរដ្ឋខ្មែរត្រូវពិចារណាឱ្យបានល្អិតល្អន់ចំពោះបញ្ហានេះ ដើម្បីកុំឱ្យចាញ់កលសត្រូវ នាំឱ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍កម្ពុជា។

ដើម្បីបញ្ចៀសអន្ទាក់នយោបាយសត្រូវ និងការទទួលខុសត្រូវចំពោះមុខច្បាប់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ក៏បានលើកពន្យល់អំពីបទល្មើស«ញុះញង់ឱ្យមានការរើសអើង»ឱ្យពលរដ្ឋបានឈ្វេងយល់ផងដែរ។ មាត្រា៩៤ នៃក្រមព្រហ្មទណ្ឌ បានពន្យល់ពីនិយមន័យនៃការញុះញង់ ដែលសំដៅដល់ពាក្យសម្ដី សំណេរ ឬគំនូរ ពិសេសមធ្យោបាយគ្រប់ប្រភេទនៃប្រព័ន្ធទំនាក់ទំនងសង្គម និងបណ្ដាញផ្សព្វផ្សាយ ដែលបានប្រកាស និងផ្សព្វផ្សាយជាសាធារណៈដោយបុគ្គល ឬក្រុមណាមួយ។

អំពើញុះញង់ឱ្យមានការរើសអើង បើតាមការលើកឡើងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គឺអំពើទាំងឡាយដូចបានរៀបរាប់ខាងលើដែលនាំឱ្យមានការប្រព្រឹត្តនូវការរើសអើង ការគុំគួន ឬអំពើហិង្សាលើបុគ្គលណាម្នាក់ ឬ ក្រុមណាមួយដោយមូលហេតុបុគ្គលណាមួយនោះ គឺជាបទល្មើសព្រហ្មទណ្ឌ។ បទល្មើសព្រហ្មទណ្ឌនេះ យោងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដោយដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៤លានរៀល។

ក្នុងន័យនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអំពើញុះញង់នេះ ដែលអាចធ្លាក់ចូលអន្ទាក់នយោបាយរបស់សត្រូវ ហើយក៏ដើម្បីបញ្ចៀសការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ប្រុងប្រយ័ត្ន ក៏ព្រោះថា បន្ទាប់ពីការប្រឈមនឹងសង្គ្រាមឈ្លានពានពីប្រទេសជិតខាង គឺក្នុងកាលៈទេសៈចំពោះមុខនេះ កម្ពុជាក៏កំពុងប្រឈមនឹងសង្គ្រាមចិត្តសាស្ត្រ រាប់ទាំងឈានដល់សង្គ្រាមសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលសត្រូវកំពុងបង្កើតរឿង ដើម្បីឱ្យកម្ពុជាចូលទៅក្នុងអន្ទាក់របស់ពួកគេ។

អ្នកនាំពាក្យរង សង្កត់ធ្ងន់ថា ខ្មាំងក្បែរខាងកម្ពុជា កំពុងរុញចលនាឱ្យមានការរើសអើងជាតិសាសន៍ ឱ្យស្អប់សាសន៍នេះ ឬសាសន៍នោះ បុគ្គលនោះ ឬក្រុមនោះ ជាដើម ពិសេសគេរុញឱ្យមានចលនារើងអើងចំពោះផលិតផល មុខទំនិញរបស់ប្រទេសណាមួយនោះ។ សម្រាប់លោក ចំណុចទាំងអស់នេះហើយ ដែលជាអន្ទាក់នាំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងជាតិខ្មែរ ហើយនឹងនាំកម្ពុជាក្លាយជាសត្រូវជាមួយនឹងបណ្ដាប្រទេសជាមិត្ត ដែលកំពុងមានទំនាក់ទំនងល្អជាមួយគ្នា។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានអំពាវនាវយ៉ាងទទូចឱ្យប្រជាជាតិខ្មែរប្រមូលនូវស្មារតីត្របាញ់វេញជាធ្លុងមួយជួយបង្កើតជាចំណងសាមគ្គីជាតិដ៏រឹងមាំ ធ្វើយ៉ាងណាកុំឱ្យចាញ់កលខ្មាំង តាមខ្សែញាក់របស់ពួកគេដាច់ខាត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម