ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មន្ទីរព័ត៌មានត្រូវបង្កើនទំនាក់ទំនងការងារជាមួយមន្ត្រីជំនាញ ដើម្បីធានាថាពលរដ្ឋទទួលបានព័ត៌មានទាន់ពេល
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីទទួលការងារព័ត៌មាននិងសាធារណមតិ នៃមន្ទីរព័ត៌មាននៅគ្រប់រាជធានី-ខេត្តថា ក្នុងយុគសម័យថ្មីនេះ មន្រ្តីត្រូវតែពង្រឹងការកសាងបណ្តាញ និងបង្កើនទំនាក់ទំនងការងារជាមួយមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្ត ងាយស្រួលរកដំណោះស្រាយចំពោះបញ្ហានានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងតាមរយៈបទអន្តរាគមន៍ ស្តីពី ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងរបត់ថ្មី នៅក្នុងវគ្គបំពាក់បំប៉ន ស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តសៀមរាប។


លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ក្រុមការងារសាធារណមតិ បន្ទាប់ពីទទួលបានព័ត៌មាន ឬសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងពីប្រភពផ្សេងៗ ត្រូវមានវិធានការឆ្លើយតប រកដំណោះស្រាយ និងបំភ្លឺតាមករណីនីមួយៗ ដោយមិនត្រូវទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ឬរំខានដល់ការរស់នៅ បង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ឬបង្អាក់ដំណើរការនៃការអភិវឌ្ឍក្នុងសហគមន៍ ដែលកំពុងប្រព្រឹត្តទៅស្របនឹងគោលដៅ និងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ក្នុងការគ្រប់គ្រងព័ត៌មាន ក្រុមការងាររបស់មន្ទីរព័ត៌មានត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយបែបឌីជីថល ដើម្បីធានាការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋទាន់ពេលវេលា តាមសេចក្តីត្រូវការប្រចាំថ្ងៃ។ ការណ៍នេះ ទាមទារឱ្យក្រុមការងារមន្ទីរព័ត៌មាន ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ហ្វេសប៊ុក តេឡេក្រាម យូធូប Tiktok និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដែលទទួលបានការចូលចិត្តពីប្រជាពលរដ្ឋ ក្នុងគោលបំណងផ្តល់ព័ត៌មានតាមគ្រប់ទម្រង់ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក។

លោក បន្ថែមថា ក្នុងយុគសម័យថ្មីនេះ អ្វីដែលមានប្រសិទ្ធភាព និងរហ័សនោះ គឺការបង្កើតបណ្តាញផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅ គ្រប់កម្រិតក្នុងសហគមន៍ ទាំងថ្នាក់ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងដោយមានការចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត ដើម្បីបំភ្លឺ ផ្តល់ព័ត៌មាន រួមចំណែកដោះស្រាយរាល់មន្ទិល និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម។
សូមបញ្ជាក់ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិរាជធានីខេត្ត ប្រៀបបានទៅនឹងស្ពានដែលភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយទៅថ្នាក់ដឹកនាំខេត្ត ហើយពីថ្នាក់ដឹកនាំខេត្ត មកប្រជាពលរដ្ឋវិញ តាមរយៈការគ្រប់គ្រងមធ្យោបាយផ្តល់និងទទួលព័ត៌មាន លឿន ប្រកបដោយគុណភាព ស្របតាមការវិវត្តក្នុងសង្គម និងតម្រូវការព័ត៌មានបែបឌីជីថលបច្ចុប្បន្ន។



ក្នុងន័យនេះដែរ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ឱ្យបន្តស្រាវជ្រាវដើម្បីទទួលបានពុទ្ធិ និងទទួលបានជំនាញថ្មីៗស្តីពីបច្ចេកវិទ្យា និងបច្ចេកទេសឌីជីថល ក៏ដូចជាបន្ត ដុសខាត់ជំនាញដែលខ្លួនមានស្រាប់ សម្រាប់បម្រើឱ្យការអនុវត្តការងារប្រចាំថ្ងៃ។
ជាមួយគ្នានោះដែរ លោក ទេព អស្នារិទ្ធ បានណែនាំបន្ថែមដល់មន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវបន្តតាមដានរាល់ព័ត៌មានមិនពិត ពិសេសត្រូវសកម្មក្នុងការទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលលើបណ្តាញសង្គម និងបន្តចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទប់ស្កាត់បាននូវរាល់ទង្វើអសកម្មនានា ហើយធានាបានការរក្សាស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងសហគមន៍ ខេត្ត ក៏ដូចជាសង្គមជាតិទាំងមូល៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


