Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់កម្ពុជា និងអង្គការជប៉ុន ចុះហត្ថលេខាបោសសម្អាតមីនក្នុងខេត្តចំនួន២ជាប់ព្រំដែនថៃ

បានផុស

នៅ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC និងអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD)នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូលើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចនៅតាមព្រំដែនឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនាថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០២៥​ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ រវាងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា និង លោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍ (IMCCD)។ កិច្ចសហការនេះ​ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលនឹងផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

លោក ហេង រតនា បញ្ជាក់ថា គម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយានយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ​។ លោកបន្តថា កិច្ចសហការនេះនឹងឆ្លើយតបគោលនយោបាយដែលរាជរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ​ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ​ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណាដែលមានមនុស្សរស់នៅ និងប្រើប្រាស់ដីធ្លី​ ដើម្បីធានាសុខសុវត្ថិភាពនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គម​។ លោកបញ្ជាក់ថា​៖«ដូចនេះឃុំតាសែន​ ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន​ អាចត្រូវបានបោសសម្អាតទាំងស្រុង» ។

សូមជម្រាបថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាព CMAC តាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ។ គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។

តាមរយៈគម្រោង IMCCDនេះ បានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម។ សូមរំលឹកថា​ លោកTakayama Ryori ជាអតីតកងទ័ពជប៉ុន និងបានចូលរួមចំណែកក្នុងបេសសកម្មUNTACនៅកម្ពុជាក្នុងឆ្នាំ១៩៩៣​ និងបានចូលរួមចំណែកក្នុងវិស័យសកម្មភាពកម្ចាត់មីនជាង២៥ឆ្នាំមកហើយ​។​ នៅដើមឆ្នាំ២០០០​ CMAC និង IMCCD បានផ្តួចផ្តើមការដោះមីននៅឃុំដែលមានគ្រាប់មីនច្រើននិងមនុស្សរស់នៅច្រើនដែរ​ គឺជ្រើសរើសសយកឃុំតាសែន​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ជាឃុំមានគ្រាប់មីនច្រើននិងស្ថិតជាប់ជាមួយព្រំដែនថៃ​។

ស្ថាប័នទាំងពីរខាងលើបានបោសសម្អាតគ្រាប់មីនផង​ ចលនាសប្បុរជនកសាងសាលារៀនផង​ និងជាពិសេសលោក​ Takayama បានចូលរួមកៀរគរអ្នកវិនិយោគជប៉ុន​ បានកសាងរោងចក្រខ្នាតមធ្យមចំនួន៥រោងចក្រនៅតំបន់ដាច់ស្រយាល​ រហូតបានផលិតសុរាខ្មែរផលិតពីដំឡូងនិងស្វាយកែវម្មៀត​ ទៅប្រឡងជាប់ថ្នាក់ស្រាល្អនៅប្រទេសបារាំងទៀតផង។ តាមរយៈការខិតខំទាំងនះ បានចូលរួមប្រែក្លាយពីដីសំបូរគ្រាប់មីនទៅជាដីប្រកបដោយសក្តានុពលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម