ព័ត៌មានជាតិ
ហេតុការណ៍រាយលួសបន្លានៅភូមិជោគជ័យ អ្នកនាំពាក្យ ថា កម្លាំងកម្ពុជាក៏ឈរជើងចាំការពារពលរដ្ឋដែរ
ការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋខ្មែរជាមួយកងកម្លាំងយោធាថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ គឺកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងទ្រព្យសម្បត្តិរបស់ពួកគាត់។នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា ហើយក្នុងហេតុការណ៍នេះ លោកស្រី ថា កងកម្លាំងកម្ពុជាក៏នៅឈរជើងចាំការពារពលរដ្ឋដែរ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា កងកម្លាំងយោធាថៃ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានព្យាយាមប៉ុនប៉ងយកលួសបន្លាមករាយបន្ថែមទៀតចូលដៃកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិ Nong Chan ក្នុងស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានពលរដ្ឋខ្មែរដែលជាម្ចាស់ដី និងពលរដ្ឋផ្សេងៗទៀតរារាំងទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ។

លើកឡើងនាព្រឹកថ្ងៃទី២៦ ខែសីហានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា ការប៉ះទង្គិចនេះកើតឡើងដោយសារតែប្រជាពលរដ្ឋការពារទ្រព្យសម្បត្តិរបស់ពួកគាត់ពីការរំលោភយកដោយយោធាថៃ តាមរយៈការាយបន្លាលួស និងដាក់កង់ឡានខុសច្បាប់ ដែលផ្ទុយពីបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
លោកស្រីអ្នកនាំពាក្យ គូសបញ្ជាក់ដូច្នេះថា «ចាប់តាំងពីយប់ថ្ងៃទី២៥ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហានេះ ប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីធ្វើការឆ្លើយតប គឺស្ដែងចេញពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថា គឺជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់»។

តាមអ្នកនាំពាក្យដដែលនេះ ក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះកម្ពុជាដែលឈរជើងប្រចាំនៅតំបន់នោះ ក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ប៉ុន្តែកងកម្លាំងរបស់កម្ពុជា មិនមានអាវុធក្នុងដៃឡើយ ដោយរក្សាភាពអត់ធ្មត់ គោរពតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់។
លោកស្រី ម៉ាលី សុជាតា បន្តថា កងកម្លាំងកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌបទឈប់បាញ់ ដូចបានឯកភាពក្នុងកិច្ចប្រជុំពិសេសរវាងប្រមុខដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីឯកភាពគ្នានូវគោលការណ៍១៣ចំណុចក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ក្នុងន័យនេះ តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាអំពាវនាវយ៉ាងទទូចឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ជាពិសេសគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ RBC នាពេលថ្មីៗនេះ ដោយកុំពង្រីកភូមិសាស្ត្រនៃជម្លោះ និងជៀសវាងនូវទង្វើដែលនាំទៅដល់ការកើតឡើងវិញនៃភាពតានតឹងតាមព្រំដែនប្រទេសទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


