Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអញ្ជើញ​ទៅចូលរួម​កិច្ចប្រជុំកំពូលមួយ​នៅ​ប្រទេស​ចិន

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជាសម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ចេញ​ដំណើរ​ចាកចេញពី​ព្រះរាជាណាចក្រកម្ពុជា​ឆ្ពោះ​ទៅ​សាធារណរដ្ឋប្រជាមានិត​ចិន​នៅព្រឹកថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ២០២៥នេះ ដើម្បី​ចូល​រួម​កិច្ចប្រជុំ​កំពូល​មួយ​ឈ្មោះ កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្ត​ហោះពិសេស​នៃ​រាជរដ្ឋាភិបាល​កម្ពុជាបានជូន​ដំណើរ​សម្ដេច​និង​គណៈប្រតិភូ​ហោះ​ចេញពីព្រលាន​យន្ត​ហោះ​អន្តរជាតិ​ពោធិ៍​ចិនតុន​នៅម៉ោង៨ព្រឹក​ថ្ងៃសៅរ៍នេះ។

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំខាង​មុខសម្ដេច​ក៏​នឹង​ឡើង​ថ្លែង​សុន្ទរកថា​មួយ​ផងដែរ ហើយ​ក្រៅពី​នោះ​សម្ដេច​ក៏​នឹង​មាន​ជំនួបជាមួយ​ប្រធានាធិបតី ស៊ី ជីនពីង ដើម្បីពង្រឹង​ និង​ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត​នូវភាព​ជា​ដៃ​គូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ និង​កិច្ច​សហប្រតិបត្តិការឈ្នះ-ឈ្នះរវាង​ប្រទេស​ទាំង​ពី​រផងដែរ។

កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO)  ឆ្នាំ២០២៥​នេះ រៀបចំ​នៅ​ទី​ក្រុង​ Tianjin ចាប់បី​ថ្ងៃទី​៣១ ខែ​សីហា ដល់​ថ្ងៃទី​១ ខែកញ្ញា​ខាង​មុខ ដោយ​មាន​មេដឹក​នាំចូល​រួម​ពី​២០​ប្រទេស និង​ប្រធាន​អង្គការ​ចំនួន​១០ ក្រោមប្រធានបទ វិបុលភាពរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ បានបន្តវិវឌ្ឍជាវេទិកាថាមវន្ត សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដោយ​ផ្តោតលើកិច្ចសហប្រតិបត្តិការ២ធំៗ រួមមានកិច្ចសហប្រតិបត្តិការឌីជីថល និងយុទ្ធសាស្រ្តសន្តិសុខសៀងនិងថាមពល។

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ គឺជាសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និង សន្តិសុខតំបន់អាស៊ី-អឺរ៉ុប ដែលវិវត្តចេញពី «ក្រុមប្រទេស៥សៀងហៃ (S5G)» ដែលបង្កើតឡើងនៅថ្ងៃ២៦ ខែមេសា ឆ្នាំ១៩៩៦ ដែលមានសមាជិកចំនួន៥ ប្រទេសគឺចិន កាហ្សាក់ស្ថាន កៀកហ្គីស្ថាន រុស្សី និង តាហ្ស៊ីគីស្ថាន ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងគាំទ្របំពេញឱ្យគ្នាទៅវិញទៅមក ក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងសន្តិសុខ។

អង្គការតំបន់នេះ ត្រូវបានប្រកាសឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមេដឹកនាំ៦ប្រទេសគឺ ចិន កាហ្សាក់ស្ថាន កៀកហ្គីស្ថាន រុស្សី តាហ្ស៊ីគីស្ថាន និង អ៊ុចបេគីស្ថាន។ ការបង្កើតអង្គការនេះ ជាផ្លូវការតាមរយៈធម្មនុញ្ញនៃអង្គការសហប្រតិបត្តិការសៀងហៃ បានចុះហត្ថលេខានៅ ខែ មិថុនា ឆ្នាំ២០០២ និង ចូលជាធរមាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម