Connect with us

ព័ត៌មានជាតិ

អាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា

បានផុស

នៅ

កកម្ពុជាប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតរាល់គ្រប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក។ នេះគឺជាការអះអាងរបស់លោក កុយ គួងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ ចំណែកឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក ក៏បញ្ជាក់ត្រឡប់មកវិញថា អាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាកាន់តែរឹងមាំ និងរីកធំធាត់មួយថែមទៀត។ អ្នកការទូតទាំងពីរថ្លែងដូច្នេះក្នុងជំនួបពិភាក្សាតាមទូរសព្ទកាលពីថ្ងៃទី២៨ ខែសីហា ហើយលទ្ធផលនៃជំនួបនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែសីហា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននាវេលាម៉ោង ០៤ រសៀល លោក ជុំ សុន្ទរី ដកស្រង់ការគូសបញ្ជាក់របស់អ្នកការទូតកម្ពុជា ដូច្នេះ៖«ឯកឧត្ដមឯកអគ្គរាជទូត កុយគួង ក៏បានគូសបញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយភាគីអាមេរិកឱ្យកាន់តែប្រសើរបន្ថែមទៀត។»។ លោក ជុំ សុន្ទរី ក៏បានដកស្រង់ការអះអាងរបស់អ្នកការទូតសហរដ្ឋអាមេរិក យកមកថ្លែងដូច្នេះ៖«សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក។»។

កម្ពុជា និងសហរដ្ឋអាមេរិក បានចងភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅក្នុងឆ្នាំ១៩៥០ ដែលគិតមកដល់ឆ្នាំ២០២៥នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរបានដល់វ័យ៧៥ឆ្នាំហើយ។ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានគេកត់សម្គាល់ឃើញថា ហាក់មិនសូវស៊ីសង្វាក់គ្នា ដែលកើតចេញពីយល់ច្រឡំរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា។

កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរដ្ឋកាលលោក ចូ បៃដិនថា ទំនាក់ទំនងពិសេសរវាងកម្ពុជា និងអាមេរិក មិនអាក្រក់ពេកនោះទេ បើប្រៀបធៀបនឹងអតីតកាល ប៉ុន្តែកន្លងមកអាមេរិក-កម្ពុជា ខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ដើម្បីពង្រឹងទំនាក់ទំនងទៅបានភាគីទាំងពីរត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន គ្រប់គ្រងភាពខុសគ្នា ទស្សនៈខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឱ្យភាគីមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

យ៉ាងណាក៏ដោយចូលមកដល់រដ្ឋកាល លោក ត្រាំ ដឹកនាំអាមេរិក នៅពេលដែលប្រទេសកម្ពុជា រងការឈ្លានពាន និងការបាញ់ប្រហារពីសំណាក់កងទ័ពថៃ ដោយប្រើប្រាស់សុទ្ធតែយន្តហោះចម្បាំង Gripen C/D យន្តហោះចម្បាំងF-16 បំពាក់គ្រាប់បែកចង្កោម គ្រាប់បែកទម្ងន់ធ្ងន់ដូចជាMK-82 MK-84 ប្រើប្រាស់ដ្រូនអត្តឃាត និងផ្សែងគីមីពុល កម្ទេចប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ដែលជាទង្វើរបស់ថៃជាទង្វើខុសច្បាប់អន្តរជាតិប្រព្រឹត្តរយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥, លោក ត្រាំ បានចូលខ្លួនមកសម្របសម្រួលជម្លោះព្រំដែនដែលបង្កឡើងពីភាគីថៃមកលើកម្ពុជា និងដឹកនាំឱ្យមានបទឈប់បាញ់មួយកើតមានឡើង។

សកម្មភាពប្រកបដោយមនុស្សធម៌របស់លោក ត្រាំ ត្រូវបានពលរដ្ឋកម្ពុជាជាច្រើនអរគុណ ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើលោកត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពផងដែរ។ ក្រោយពីបានជួយឱ្យកម្ពុជា ថៃ សម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងជជែកតាមទូរសព្ទជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ចំនួនពីរដង និងក្រោយនាយករដ្ឋមន្ត្រីកម្ពុជា ស្នើជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព,លោក ដូណាល់ ត្រាំ ក៏បានផ្ញើលិខិតអរគុណ និងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំឆ្នើម ដែលផ្ដល់តម្លៃលើអាយុជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។ លោក ត្រាំ ប្រធានាធិបតីអាមេរិក ថែមទាំងបានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា៖«ចាប់ពីពេលនេះតទៅ យើងអាចផ្ដោតការយកចិត្តទុកដាក់ជាមួយគ្នាលើកការកសាងវិបុលភាពសម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ។»។

អ្នកវិភាគនៅកម្ពុជា មើលឃើញថា ទំនាក់ទំនងតាមរយៈទូរសព្ទ និងតាមលិខិតរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ គឺជាសញ្ញាវិជ្ជមានមួយ នៃការវិវត្តទៅមុខក្នុងទំនាក់ទំនងការទូតរបស់សហរដ្ឋអាមេរិក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម