Connect with us

ព័ត៌មានជាតិ

ក្រសួងការងារនឹងជំរុញការផ្ដល់សេវា ប.ស.ស តាមប្រព័ន្ធអនឡាញឱ្យបានច្រើន

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងជំរុញការផ្ដល់សេវារបស់ក្រសួង តាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញឱ្យបានច្រើនសម្រាប់សេវា ប.ស.ស ដូចទៅនឹងសេវាស្វែងរកការងារ។ នេះជាការថ្លែងឱ្យដឹងដោយរដ្ឋមន្ត្រី​ ហេង សួរ ដែលនេះបង្ហាញពីការប្ដេជ្ញាចិត្ត និងការគិតគូរបស់ក្រសួងក្នុងការផ្តល់នូវសេវាកាន់តែលឿន រហ័ស និងងាយស្រួលដល់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ បញ្ជាក់ថា ទៅថ្ងៃមុខ ក្រសួងនឹងព្យាយាមធ្វើយ៉ាងណាដាក់ឱ្យដំណើរការនូវសេវាតាមប្រព័ន្ធអនឡាញឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋអាចប្រើប្រាស់សេវាអនឡាញនេះ ដោយមិនចាំបាច់មកកន្លែងណាមួយផ្ទាល់ក៏បាន។

តាមលោករដ្ឋមន្ត្រី ក្រសួងកំពុងតែអភិវឌ្ឍន៍ដោយធ្វើយ៉ាងណាឱ្យការផ្ដល់សេវាកម្មរបស់ក្រសួងការងារកាន់តែផ្ដល់ភាពងាយស្រួលទៅដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាកម្ម ប.ស.ស ។ ការលើកឡើងដូច្នេះរបស់លោករដ្ឋមន្រ្តីក្រសួងការងារបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (អ៊ីអន៣)។

ការជំរុញសេវា ប.ស.ស តាមប្រព័ន្ធអនឡាញនេះ លោករដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា ដូចអ្វីដែលក្រសួងកំពុងធ្វើពាក់ព័ន្ធនឹងប្រព័ន្ធស្វែងរកការងារធ្វើ តាមលេខ១២៩៧ សម្រាប់ផ្ដល់ព័ត៌មាន ២៤ម៉ោង បម្រើដល់ការស្វែងរកទីផ្សារការងារធ្វើរបស់ប្រជាពលរដ្ឋ ហើយក្រសួងការងារ នឹងប្រើយន្តការនេះដូចគ្នានឹងសេវា ប.ស.ស ផងដែរ។

គិតត្រឹមខែសីហា ឆ្នាំ២០២៥ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានទទួលសមាជិកកើនឡើងដល់៣,២លាននាក់ ហើយក្រសួងក៏ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិក ប.ស.ស ជាមួយនឹងការពង្រីកសេវាកម្ម និងសាខា ដើម្បីផ្ដល់ភាពងាយស្រួលទៅដល់សមាជិក ប.ស.ស៕ ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម