ព័ត៌មានជាតិ
រដ្ឋាភិបាលសម្រេចផ្អាកបុណ្យអុំទូកដើម្បីផ្តោតការដោះស្រាយបញ្ហាពលរដ្ឋ និងពង្រឹងសេដ្ឋកិច្ចក្នុងពេលដែលប្រឈមនឹងថៃ
រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដើម្បីយកចិត្តទុកដាក់ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរដែលធ្វើការនៅថៃដែលវិលត្រលប់មកកម្ពុជាវិញ។ ទោះជាយ៉ាងណាការរៀបចំពិធីនេះនៅតាមបណ្ដាខេត្តនានាអាចប្រព្រឹត្តិទៅជាធម្មតា។

យោងតាមសារាចរចុះថ្ងៃទី២៧ ខែសីហា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែកញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្រេចផ្អាកនេះបានបញ្ជាឱ្យក្រុមការងាររាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ដោះស្រាយបញ្ជាជូនជនភៀសសឹក សម្របសម្រួលដល់ពលករខ្មែរដែលត្រលប់ពីថៃ ផ្សព្វផ្សាយពីឱកាសការងារជូនដល់ពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន។ បន្ថែមលើនេះទៀតអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងនិងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ គាំទ្រការផលិតក្នុងស្រុក ដោះស្រាយនូវបញ្ហាដែលរាំងស្ទះដល់សកម្មភាពផលិតកម្មអាជីវកម្ម ធុរកិច្ច និងវិនិយោគ។
ក្នុងស្ថានភាពប្រឈមនឹងគ្រោះទឹកជំនន់ក្នុងរដូវវស្សានេះនាយករដ្ឋមន្ត្រីក៏បញ្ជាទៅមន្ត្រីថ្នាក់ក្រោមឱ្យបន្តការងារត្រៀមបង្កា សង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ ព្រមទាំងបន្តអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

អ្នកស្រាវជ្រាវ និងជាអ្នកជំនាញផ្នែកទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត ឈត ប៊ុនថង យល់ឃើញថាការប្រារព្ធពិធីបុណ្យអុំទូកអាចផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ផ្ដល់ភាពរីករាយដល់ពលរដ្ឋ ក៏ដូចជារក្សា និងបង្ហាញប្រពៃណីដល់បរទេសឱ្យបានឃើញផងដែរ តែទោះជាយ៉ាងណាក្នុងស្ថានភាពដែលប្រទេសកំពុងមានការលំបាក និងប្រឈមនឹងការឈ្លានពានពីបរទេស ការសម្រេចផ្អាកនេះគឺជារឿងសមហេតុផល។
លោកថា៖ «ការឈប់បណ្ដោះអាសន្នមិនមែនមានន័យថាឈប់ពិធីហ្នឹងរហូតទេ! អ៊ីចឹងវាមិនជាប៉ះពាល់ទេ វាបង្ហាញឱ្យឃើញថាជាការគិតត្រឹមត្រូវដែលកម្ពុជាកំពុងមានការលំបាកមានទុក្ខព្រួយដោយសារការឈ្លានពានរបស់ថៃដែលនេះជារឿងត្រឹមត្រូវ។ សុំកុំបងប្អូនការច្រលំ ឬបកស្រាយថារដ្ឋាភិបាលលុបលំបាត់បុណ្យជាតិអីជាហូរហែនេះជាការយល់មិនត្រឹមត្រូវទេ។ ខ្ញុំគាំទ្រការសម្រេចរបស់រដ្ឋាភិបាល ហើយនៅពេលណាស្ថានការមានភាពប្រក្រតីសេដ្ឋកិច្ចនឹងនរ ការប្រព្រឹត្តិទៅនៃបុណ្យអុំទូកនឹងប្រព្រឹត្តិទៅជាប្រក្រតីវិញហើយ»។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាព្រះរាជពិធីមួយក្នុងបុណ្យទ្វាទសមាស ដែលតែងតែប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី១៤កើត ១៥កើត និង១រោច ខែកត្តិក នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ភ្នំពេញ។ ក្នុងឆ្នាំ២០២៥នេះ ព្រះរាជពិធីបុណ្យនេះនឹងត្រូវរៀបចំនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ទោះបីជាមានការផ្អាកយ៉ាងណាក្ដីការឈប់សម្រាកគឺនៅដដែល ខណៈរដ្ឋាភិបាលអនុញ្ញាតដល់បណ្ដាខេត្តនានាអាចរៀបចំបានតាមលទ្ធភាពជាក់ស្ដែងរបស់ខ្លួន៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


