Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​រម្លឹក​អ្នក​កាសែតពីព្រំដែន​នៃ​សិទ្ធិ និងកិច្ច​ការពារសន្ដិសុខជាតិ

បានផុស

នៅ

អនុរដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បាន​រម្លឹកដល់​អ្នក​កាសែត​កម្ពុជា​ទាំង​អស់​ពី​ការ​អនុវត្តនូវ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​មនសិការការពារ​​សន្ដិសុខ​ជាតិ។ ការ​រម្លឹក​នេះ​ក្នុងពេល​ដែល​កម្ពុជា​កំពុង​បន្ត​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​ជា​ថៃដោយ​សន្ដិភាព​និយម និង​គោលការណ៍​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​៩ ខែ​កញ្ញានេះ​ លោក​ ទេព អស្នារិទ្ធ បានលើក​ឡើង​ថា ក្នុង​ពេល​ដែល​មាន​ការ​បន្ត​ដោះស្រាយ​វិវាទ​ព្រំដែនជាមួយ​ថៃ អ្នក​សារព័ត៌មាន​បាន​ដើរ​តួរយ៉ាង​សំខាន់ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ពី​ជម្លោះព្រំដែន និង​ព្រឹត្តិការណ៍​ជុំវិញ ដែល​ត្រូវ​អនុវត្តន៍​ដោយ «វិជ្ជាជីវៈ និងក្រមសីលធម៌ សំដៅធានាការផ្តល់ព័ត៌មានសុក្រឹតត្រឹមត្រូវជូនដល់សហគមន៍ជាតិ និងអន្តរជាតិ ដោយមិនបង្កមហន្តរាយដល់សន្តិសុខជាតិ»

លោកបាន​បន្ថែម​ថា សិទ្ធិ​របស់​អ្នក​កាសែតត្រូវ​ផ្សាភ្ជាប់​ជាមួយកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងក្របខណ្ឌច្បាប់ និងដោយមនសិការជាតិ។ 

លោកថា៖ «ដូច្នេះទាំងសម្រាប់ស្ថានភាពបច្ចុប្បន្ន និងតទៅមុខ សូមអំពាវនាវជារួម ថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ទាំងប្រពៃណី និងទំនើប ត្រូវស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយត្រូវអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយ អនុលោមតាមក្របខណ្ឌច្បាប់កំណត់»  

 លោកថា ជាមួយគ្នានេះ អ្នកសារព័ត៌មាន ត្រូវមានមនសិការ និងចូលរួមតម្កល់ លើកតម្កើងឧត្តមប្រយោជន៍របស់ជាតិ និងត្រូវប្រតិបត្តិតាមក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ មិនត្រូវផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ឬប៉ះពាល់ដល់ស្ថិរភាពនយោបាយសង្គម។ 

លោកបន្ថែម​ថា៖ «អ្នកសារព័ត៌មានចាំបាច់ត្រូវស្វែងយល់ឱ្យបានច្បាស់ជាមុនពីគោលការណ៍គ្រឹះ និងវិធាននៃការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងចូលរួមរក្សាសុវត្ថិភាព របស់ប្រជាជនរស់នៅក្នុងសហគមន៍ដែលខ្លួនចុះទៅយកព័ត៌មាន នៅពេលរាយការណ៍ព័ត៌មានអំពីស្ថានភាពជម្លោះព្រំដែន ឬស្ថានភាពវិបត្តិ»

កាលពីថ្ងៃទី ១ ខែសីហា ក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំមួយដោយបានហាម​ឃាត់រាល់ការផ្សាយព័ត៌មានទាក់ទងនឹងទីតាំងកងទ័ព ការចល័តទ័ព ទីតាំងលេណដ្ឋាន គ្រឿងសព្វាវុធ និងយុទ្ធសាស្ត្រសម្ងាត់នានា ដែលអាចបង្កគ្រោះថ្នាក់ដល់កងទ័ព និងសន្តិសុខជាតិ។ ជាពិសេសរាល់ការផ្សព្វផ្សាយត្រូវធានាថាមិនប៉ះពាល់ដល់សន្តិសុខជាតិ ឯកភាពជាតិ ការបាក់ទឹកចិត្តកងទ័ព និងទំនាក់ទំនងអន្តរជាតិ។ ក្នុង​នោះក្រសួងក៏ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលមិនគោរពតាមសេចក្ដីណែនាំផងដែរ៕ 

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម