Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី! ករណីពលរដ្ឋព័ទ្ធរបងដីសហគមន៍មកធ្វើជាកម្មសិទ្ធិ អាជ្ញាធរបើកកិច្ចប្រជុំដោះ ស្រាយបន្ទាន់

បានផុស

នៅ

ខេត្តរតនគិរី៖ អាជ្ញាធរពាក់ព័ន្ធ​ បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ ដើម្បីរកស្វែងរកដំណោះស្រាយករណីទំនាស់ដីធ្លី ខណៈពលរដ្ឋមួយចំនួនបានកាត់ឆ្វៀលដីរបស់សហគមន៍ ដែលត្រូវបានទទួលស្គាល់ថា (ទីទួលសុវត្ថិភាព) ជាកន្លែងសម្រាប់ពលរដ្ឋក្នុងភូមិជម្លៀសពីទឹកជំនន់មកស្នាក់នៅទីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីទួលសុវត្ថិភាពនេះ ស្ថិតនៅភូមិកាឡឹម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ត្រូវអាជ្ញាធរមូលដ្ឋាន ចាត់ទុកជាសម្បត្តិសមូហភាព  ត្រូវបានចុះបញ្ជីសារពើភណ្ឌរបស់ឃុំបានចំនួន៣ ឆ្នាំមកហើយ ដោយពុំអនុញ្ញាតឱ្យពលរដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើប្លង់រឹង ឬព័ទ្ធរបងឡើយ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមួយចំនួនបានឆ្លៀតឱកាសទៅកាប់ព្រៃនៅទីទួលសុវត្ថិភាព ព័ទ្ធរបងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបបង្កឱ្យមានទំនាស់ ដែលទាមទារឱ្យមានបើកកិច្ចប្រជុំដោះស្រាយបន្ទាន់។

លោក ខាំសង ភឿន អនុភូមិកាឡឹម បានប្រាប់កម្ពុជាថ្មីថា ពីដូនតាមកធ្លាប់ប្រជុំគ្នាជាមួយអ្នកភូមិ ចាស់ទុំនិងធ្លាប់ធ្វើជាប្លង់ត្រឹមឃុំ ទុកជាសម្បត្តិភូមិរួមគ្នា សម្រាប់ជម្លៀសពលរដ្ឋចេញពីទឹកជំនន់ ដែលហូរមកពីទន្លេសេសាន។ លោកថា៖« ប៉ុន្តែពី១ឆ្នាំទៅ១ឆ្នាំ អ្នកភូមិបាននាំទៅកាប់ព្រៃឈើធំចោល ធ្វើចម្ការរួចព័ទ្ធរបងធ្វើជាចម្ការរៀងខ្លួន អ្នកខ្លះទៅដាំដំណាំ ធ្វើរបងមិនអនុញ្ញាតឱ្យអ្នកភូមិផ្សេងទៀតចូលបាន»។

លោកបានសំណូមពរទៅដល់អាជ្ញាធរដែនដីចុះទៅហាមឃាត់ប្រជាជនដោយផ្ទាល់បើពុំដូច្នេះទេ នៅថ្ងៃអនាគតមិនមានទីទួលសុវត្ថិភាពសម្រាប់ជម្លៀសទៅស្នាក់អាស្រ័យ គេចផុតពីគ្រោះទឹកជំនន់ ដែលអាចឈានមកដល់ឆាប់ៗនេះ។ លោកសម្តែងក្តីបារម្ភថា បើអាជ្ញាដែនដីដោះស្រាយមិនទាន់ពេលនោះទេ ពលរដ្ឋមួយចំនួននឹងធ្វើរបងព័ទ្ធយកដីនោះ ទោះបីជាមិនអាចធ្វើប្លង់កម្មសិទ្ធិបានក៏ដោយ។

លោក ប្រណាំង ទី ជនជាតិដើមភាគតិច ដែលមានចម្ការនៅក្បែរទីទួលសុវត្ថិភាពនោះ ប្រាប់ថា លោកបានឃើញអ្នកភូមិខ្លះទៅកាប់ព្រៃវាទីព័ទ្ធរបងនៅទីនោះ ដែលធ្វើឱ្យលោកពិបាកឆ្លងកាត់ទៅចម្ការរបស់ខ្លួន។ លោកសំណូមពរឱ្យមេឃុំជួយសម្រួល និងដោះស្រាយឱ្យអ្នកព័ទ្ធរបងបើកផ្លូវវិញ ដើម្បីងាយស្រួលដេញគោក្របី ទៅស្រែចម្ការដូចដើមវិញ។

ចំណែក លោក អុំ មាន ក្រុមប្រឹក្សាកាចូន បានប្រាប់ថា ដើម្បីដោះស្រាយជម្លោះនេះ លោកបានផ្តល់ជម្រើស២ ទៅដល់មេភូមិ ទី១ ដោះស្រាយជាភាគីទំនាស់ទាំងសងខាងនៅត្រឹមភូមិសិន ឬម្យ៉ាងវិញទៀត មេភូមិអាចទៅធ្វើកំណត់ហេតុ ប្តឹងទៅឃុំដោះស្រាយ ។ លោកក៏បានសំណូមទៅដល់ពលរដ្ឋដែលព័ទ្ធរបងយកដីសហគមន៍នេះ ត្រូវបញ្ឃប់ជាបន្ទាន់ ចៀសវាងប្រឈមមុខច្បាប់ ដោយបន្ថែមថា ដីនោះទោះចង់ធ្វើប្លង់ក៏គ្មានអាជ្ញាធរចុះហត្ថលេខាឱ្យដែរ។

លោក ខាំ កាប៊ីន មេឃុំកាចូន បានលើកឡើងថា ជុំវិញបញ្ហានេះលោកកំពុងជំរុញឱ្យមេភូមិ អ្នកចាស់ទុំភូមិ ដោះស្រាយគ្នាសិន បើពុំអាចដោះស្រាយបានទើបឃុំសម្របសម្រួលម្តងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម