Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន ប្រាប់ប្រមុខUN ថា កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាមិនឈ្លានប្រទេសណាឡើយ ទោះតូចជាងក៏ដោយ

បានផុស

នៅ

កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាមិនប្រើអំណាច ឬកម្លាំងទៅឈ្លានពានប្រទេសណាមួយឡើយ ទោះបីជាប្រទេសនោះតូចជាងកម្ពុជាយ៉ាងណាក៏ដោយ ពីព្រោះថាកម្ពុជា បានហែលកាត់សង្គ្រាមឆ្អែតឆ្អន់ប្រមាណ៣០ឆ្នាំ និងការរងទុក្ខវេទនាដោយសារអំពើកាប់សម្លាប់សាសន៍ឯង ដូច្នេះហើយកម្ពុជាយល់អំពីផលវិបាកដែលជាមរតកនៃសង្គ្រាម។ សកម្មភាពដែលបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព គឺស្ដែងឡើងតាមរយៈការបញ្ជូនកងទ័ពមួកខៀវទៅថែរក្សាសន្តិភាពក្នុងពិភពលោក។ នេះគឺជាការគូសបញ្ជាក់របស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres  ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២៦ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា នៅទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស  គូសបញ្ជាក់ទៅកាន់លោកAntónio Guterres ថា ៖«កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ ដូច្នេះ យើងបានយល់ច្បាស់ពី សង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សា សន្តិភាព។»។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការ សន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក និងបានប្រាប់លោក ប្រាក់​ សុខុន ប្រមុខការទូតកម្ពុជា ថា លោកបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ។

ជាការឆ្លើយតប លោក ​ប្រាក់ សុខុន  អរគុណលោក António Guterres   ដែលបានធ្វើសេចក្តីថ្លែងការណ៍អំពាវនាវឱ្យកម្ពុជា -ថៃ ឈប់ប្រើប្រាស់កម្លាំង និងជួយបន្ធូរបន្ថយភាពតានតឹង។ លោក ប្រាក់ សុខុន ក៏បាន ស្នើឱ្យប្រមុខអង្គការសប្រជាជាតិ បន្តអំពាវនាវឱ្យថៃឈប់ប្រើប្រាស់កងកម្លាំងលើកម្ពុជា ដោយសន្យាថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាពក្នុងទំនាក់ទំនងជាមួយប្រទេសថៃឡើងវិញ។

ក្រៅពីបញ្ហាជម្លោះជាមួយប្រទេស រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ក៏ប្រាប់ប្រមុខអង្គការសហប្រជាជាតិថា  កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រងនិងដោះស្រាយវិវាទដោយ សន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ឆ្លើយតបនឹងការកោតសរសើរពីសំណាក់លោក António Guterres    ថា កម្ពុជាដៃគូរដ៏ល្អរបស់អង្គការសហប្រជាជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលត្រីភាគី  លោក ប្រាក់ សុខុន  ក៏បានបញ្ជាក់ជាសារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង សកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណាមួយដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម