Connect with us

ព័ត៌មានជាតិ

ម្នាស់ទឹកឃ្មុំមានទីផ្សារល្អ ខណះកសិករ​ចាប់ផ្តើម​ប្រមូលផល តម្លៃលក់​មួយផ្លែ ៨០០ ទៅ ៩០០ រៀល

បានផុស

នៅ

កសិករនៅតាមបណ្តាស្រុកគោលដៅកសិកម្មក្នុង​ខេត្តបាត់ដំបង​ បានសម្រុកប្រមូលទិន្នផលផ្លែម្នាស់ជាបណ្តើរៗ ដើម្បីចូលទីផ្សារខណះផ្លែម្នាស់ប្រភេទទឹកឃ្មុំ កំពុងពេញនិយមពីអតិថិជនបរិភោគ និងខ្លះទៀតយកទៅកែច្នៃតាមដែលអាចកែច្នៃរៀងៗខ្លួន ដូចជាធ្វើជាទឹកម្នាស់ ឬធ្វើជាល្បាយលាយជាមួយផ្លែធម្មជាតិផ្សេងៗជាដើម បង្កើតជាទឹកក្រឡុកឬបង្អែម ផ្លែឈើគ្រប់មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលទិន្នផលផ្លែម្នាស់នេះ គេសង្កេតឃើញមាននៅលើស្រុកចំនួន ៣ នៃខេត្តបាត់ដំបង ក្នុងនោះមានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី។

កសិករដាំម្នាស់ទឹកឃ្មុំលើផ្ទៃដីច្រើនជាង ១ ហិកតា បានអះអាង​ថាផ្លែម្នាស់ទឹកឃ្មុំមានទីផ្សារក្នុងស្រុកធំទូលាយ និងមាននាំចេញទៅលើទីផ្សារតាមបណ្តាខេត្តនានាមួយចំនួនទៀតផង។

កសិកររស់នៅក្នុងឃុំរការ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លោក ម៉ម កាត់ បាន​ឲ្យដឹងថា លោកបានដាំ​ដំណាំម្នាស់ពូជទឹកឃ្មុំ លើទំហំដីជិតមួយហិកតា ស្ថិតក្នុងភូមិតានួត ឃុំរការ ស្រុកគាស់ក្រឡ ពេលនេះចាប់ផ្តើមប្រមូលផលហើយ ខណះ​ផ្លែម្នាស់ទាំងអស់មិនមានការ​ខូចខាត ឬចុះខ្សោយគុណភាពនិងបរិមាណនោះទេ គឺបានហុចផលបានល្អស្រុះគ្នាទាំង​អស់។

សម្រាប់​លោក ម៉ម កាត់​ បាន​អះអាង​ថា ការប្រមូលផលនេះ លោកមិនបារម្ភលើបញ្ហាទីផ្សារនោះទេ ដោយមួយផ្នែកដាក់លក់លើទីផ្សារក្នុងខេត្ត ហើយមួយផ្នែកទៀតមានម៉ូយមកយកដល់ចម្ការ ហើយមួយផ្នែកទៀតលោកដឹកទៅលក់​ដល់ខេត្តតាកែវផងដែរ។

“ផ្លែម្នាស់ទឹកឃ្មុំ ដែលខ្ញុំបានប្រមូលផលនៅពេលនេះ សម្រាប់ទីផ្សារក្នុងស្រុកមិនមានការប្រ ឈម​និងការកកស្ទះនោះទេ។ អ្វី​ដែលខ្ញុំសោកស្តាយនោះ គឺមិនបាន​គ្រប់​តាម​តម្រូវទីផ្សារ ដោយសារតែផ្ទៃដីខ្ញុំវាតិចតួចពេក ហើយតម្លៃដែលខ្ញុំបានដាក់លក់លើទីផ្សារក្នុងខេត្ត បើគិតជាផ្លែ ក្នុងមួយផ្លែលក់បានចន្លោះពី ៨០០ ទៅ ៩០០ រៀល តែបើលើកម៉ៅ​គឺក្រោមតម្លៃនេះ ព្រោះយើងចែករំលែកកម្រៃចំណេញឲ្យគ្នាខ្លះ”។ លោក ម៉ម កាត់​ បញ្ជាក់បន្ថែម។

បើតាមលោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បានប្រាប់កម្ពុជាថ្មីថា ដំណាំម្នាស់នៅទូទាំងខេត្តបាត់ដំបង មាននៅលើស្រុកចំនួន ៣ ប៉ុណ្ណោះ ដែលប្រជាកសិករបានដាំដុះច្រើនជាងបណ្តាស្រុកមួយចំនួនទៀត ក្នុងនោះមាន ស្រុកមោងឫ ស្សី ស្រុករុក្ខគីរី និងស្រុកគាស់ក្រឡ ក្នុងនោះស្រុកមោងឫស្សីច្រើនជាងគេ។ ប៉ុន្តែលោកថា ផ្ទៃដីកសិករដាំម្នាស់លោកមិនទាន់បានគណនាបាននៅឡើយទេ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម