ព័ត៌មានជាតិ
អ្នកឧកញ៉ា សំ សុខនឿន៖ «សហគ្រិនខ្មែរបង្ហាញសាមគ្គីភាព ក្លាយជាថាមពលជំរុញសេដ្ឋកិច្ចជាតិ»
អំឡុងពេលមានការប៉ះទង្គិច និងការឈ្លានពានលើអធិបតេយ្យភាពរបស់កម្ពុជាដោយប្រទេសថៃ នៅតំបន់ព្រំដែន សហគ្រិនខ្មែរជាច្រើនបានបង្ហាញនូវការរួបរួមសាមគ្គីភាពខ្លាំងជាងមុនក្នុងការចូលរួមលើកកម្ពស់ និងជំរុញការផលិត ផលិតផលក្នុងស្រុក។ អ្នកឧកញ៉ា សំ សុខនឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបញ្ជាក់ថា នេះជាសញ្ញាដ៏វិជ្ជមានមួយនៃការរីកចម្រើន និងការទទួលខុសត្រូវសង្គមរបស់សហគ្រិនខ្មែរ។

“ប៉ុន្មានខែចុងក្រោយនេះ សហគ្រិនខ្មែរកាន់តែច្រើនចេញមុខ ផលិតទំនិញក្នុងស្រុក ស្ទើរគ្រប់វិស័យ ក្នុងនោះរាប់បញ្ចូលទាំងម្ហូបអាហារ និងរបស់របរប្រើប្រាស់ចាំបាច់មួយចំនួនធំ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន និងក៏ជាការឆ្លើយតបយ៉ាងឆ្លាតវៃ ចំពោះស្ថានភាពនយោបាយប្រឈមមុខដាក់គ្នារវាងកម្ពុជា និងថៃ”។ អ្នកឧកញ៉ា សំ សុខនឿន បន្ថែម។
ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបញ្ជាក់ថា សហគ្រិនខ្មែរមួយចំនួនបានយកការឈឺចាប់ និងការមើលងាយពីសំណាក់ពលរដ្ឋថៃ ទៅជាឱកាសនៃការផ្លាស់ប្តូរ ដោយបើកសហគ្រាសថ្មី បង្កើតម៉ាកយីហោខ្មែរ និងពង្រឹងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក។ នេះជាជំហានមួយដ៏សំខាន់ ក្នុងការបង្កើតការងារ និងពង្រឹងសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំជាងមុន។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារតាមបណ្តាញសង្គមហ្វេសបុក ថ្ងៃទី ៦តុលា ឆ្នាំ២០២៥ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ទិញ និងប្រើប្រាស់ទំនិញថៃ ដើម្បីពង្រឹងសេដ្ឋកិច្ច និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។

សម្តេចបានលើកឡើងថា “ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃ មកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត… ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង”។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាមិនមែនសុំទំនិញថៃមកប្រើទេ ប៉ុន្តែបានយកលុយទៅទិញ។ ដូច្នេះ ការផ្លាស់ប្តូរទិសដៅទៅទិញទំនិញក្នុងស្រុក គឺជាឱកាសដ៏សំខាន់សម្រាប់សហគ្រិនខ្មែរ និងសេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងបរិបទនេះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្មារតីស្រឡាញ់ផលិតផលជាតិ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ សហព័ន្ធបានរៀបចំកម្មវិធីកៀរគរ និងដាក់តាំងផលិតផលខ្មែរ នៅមហាសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»។ កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មបង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្មផងដែរ។

អ្នកឧកញ៉ា សំ សុខនឿន បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការវិនិយោគក្នុងស្រុកកាន់តែត្រូវបានលើកទឹកចិត្តជាពិសេស។ ទាំងនេះត្រូវបានចាត់ទុកជាអាទិភាពសម្រាប់ប្រទេសជាតិ ដែលជួយបង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចេញពីបរទេស។
“ខ្មែរគាំទ្រខ្មែរ ខ្មែររួបរួមគ្នា ខ្មែរខ្លាំង!” អ្នកឧកញ៉ា បន្ថែម៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


