នយោបាយ
មកដល់ពេលនេះ កម្ពុជា និងឥណ្ឌូនេស៊ី បានកសាងទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេល៦៤ឆ្នាំហើយ
នៅព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា បន្ទាប់ពីមកដល់កម្ពុជាកាលពីព្រលប់ថ្ងៃអង្គារ ម្សិលមិញ។ បើក្រឡេកទៅមើលពីទំនាក់ទំនងទ្វេភាគី គឺកម្ពុជា និងឥណ្ឌូនេស៊ី ជាមិត្តចាស់ដែលបានទាក់ទងគ្នាអស់រយៈពេល៦៤ឆ្នាំមកហើយៗ ឥណ្ឌូនេស៊ី គឺជាប្រទេសដែលជួយកម្ពុជាច្រើនក្នុងការស្វែងរកសន្តិភាពផងដែរ។
កម្ពុជា និងឥណ្ឌនេស៊ី បានបង្កើតទំនាក់ទំនងការទូតនឹងគ្នានៅក្នុងឆ្នាំ១៩៥៧ ហើយមានលក្ខណៈជាផ្លួវការនៅក្នុងឆ្នាំ១៩៦០ ដោយបានដាក់ទូតនៅប្រទេសផងគ្នាទៅវិញទៅមក។ នៅពេលនោះ សម្តេច ព្រះនរោត្តម ព្រះសីហនុ និងលោកស៊ូការណូ ដែលជាប្រធានាធិបតីឥណ្ឌូនេស៊ី អាចនិយាយថា គឺជាមិត្តល្អដែលបង្កើតឱ្យមានទំនាក់ទំនងល្អរវាងប្រជាជាតិកម្ពុជា និងឥណ្ឌូនេស៊ី។ នៅក្នុងឆ្នាំ១៩៥៦ ប្រទេសឥណ្ឌូនេស៊ី បានទទួលស្គាល់កម្ពុជាជាប្រទេសឯករាជ្យ បន្ទាប់ពីសម្តេច ព្រះនរោត្តម សីហនុ បានតស៊ូទាមទារយកឯករាជ្យឱ្យប្រជាជាតិកម្ពុជារហូតទទួលបានជោគជ័យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
នៅក្នុងរជ្ជកាលគ្រប់គ្រងរបស់លោកប្រធានាធិបតី ស៊ូការណូ នាទសវត្ស១៩៦០ លោកស៊ូការណូ និងសម្តេច ព្រះនរោត្តម សីហនុ តែងតែបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជាបន្តបន្ទាប់។ ក្នុងនោះ នៅក្នុងឆ្នាំ១៩៦៤ សម្តេច ព្រះនរោត្តម សីហនុ និងសម្តេចម៉ែបានយាងទៅធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីស៊ូការណូ។
ក្រោយរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំ ប្រទេសឥណ្ឌូនេស៊ី បានតួនាទីសំខាន់នៅក្នុងការជួយស្វែងសន្តិភាពជូនប្រទេសកម្ពុជា។ ឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលតែងតែគាំទ្រកម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាព ហើយក៏បានបញ្ជូនកងទ័ពតាមរយៈអង្គការសហប្រជាជាតិមកជួយរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជាក្នុងសម័យអ៊ុកតាក់ផងដែរ។ ជាមួយគ្នានេះ ឥណ្ឌូនេសស៊ីក៏បានគាំទ្រការកសាងសមត្ថភាពធនធានមនុស្ស និងជាពិសេស គឺបានគាំទ្រកម្ពុជាចូលជាសមាជិកអាស៊ាននៅក្នុងឆ្នាំ១៩៩៩។ ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ក៏ជាសមាជិកនៃចលនាប្រទេសមិនចូលបក្សសម្ព័ន្ធដូចគ្នាថែមទៀត។
ឈានចូលសម័យសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីចំនួន២លើក គឺក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩។ នៅឆ្នាំ២០១៩នេះដែរ អនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក ម៉ូហាម៉េដ យូសុហកាឡា ក៏បានមកទស្សនកិច្ចនៅកម្ពុជា ដោយបានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។ គឺនៅពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា ដោយបានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់នៅប្រទេសឥណ្ឌូណេស៊ី និងធ្វើជាសហប្រធាននៃសន្និសីទក្រុងប៉ារីសជាមួយនឹងប្រទេសបារាំងថែមទៀតផង។
ក្រៅពីមានទំនាក់ទំនងការទូតល្អនឹងគ្នា កម្ពុជា និងឥណ្ឌូនេស៊ី ក៏មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាផងដែរ ត្បិតថា មិនសូវល្អ ដោយសារតែវិបត្តិកូវីដ១៩ក៏ដោយ។ នៅក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីសម្រេចបានជាង ៥១៣លានដុល្លារ គឺបានធ្លាក់ចុះជាង១១ភាគរយ។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ឥណ្ឌូនេស៊ីមានទំហំទឹកប្រាក់ ២៦.៣៨ លានដុល្លារអាមេរិក។ កម្ពុជានាំចេញទៅឥណ្ឌូនេស៊ី មានដូចជា កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្រដាស ក្រដាសកាតុង សម្លៀកបំពាក់ ស្បែកជើង ស្រោមជើង អាលុយមីញ៉ូម និងសម្ភារៈអគ្គិសនីជាដើម។
រីឯ ឥណ្ឌូនេស៊ីនាំចូលទំនិញមកកម្ពុជាវិញ មានដូចជា សម្ភារធ្វើពីថ្ម ម្នាងសិលា ស៊ីម៉ង់ត៍ ផលិតផលកុលភាជន៍ ស្បែកជើង ស្រោមជើង សំលៀកបំពាក់ ត្បូង គ្រឿងអលង្ការកាឡៃ ដែកអាលុយមីញ៉ូម គ្រឿងចក្រកសិកម្ម និងគ្រឿងសង្ហារឹម។ ទំនិញទាំងអស់នេះ គឺឥណ្ឌូនេស៊ីសម្រេចបានជាទឹកប្រាក់ចំនួនជាង ៤៨៧ លានដុល្លារអាមេរិកនៅក្នុងរយៈពេល១០ខែ នៃឆ្នាំនេះ។ ដោយឡែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីនៅក្នុងឆ្នាំ២០២០វិញ គឺសម្រេចបានប្រមាណ៥៧៨លានដុល្លារអាមេរិក៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង