នយោបាយ
លោក កឹម សុខា ជួបសន្ទនាជាមួយទូតថ្មីនៃប្រទេសកាណាដាប្រចាំកម្ពុជា
លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស បាននិងកំពុងដំណើរការសវនាការ នៅតុលាការនោះ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញ បានជួបសន្ទនាជាមួយលោកស្រី Sarah Taylor ឯកអគ្គរាជទូតថ្មី នៃប្រទេសកាណាដា ប្រចាំកម្ពុជា ថៃ និងឡាវ មាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ជំនួបធ្វើឡើងនៅគេហដ្ឋានរបស់លោក កឹម សុខា ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានឲ្យដឹងថា “នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរាជទូត បានលើកឡើងថា ប្រទេសកាណាដាបានជួយកម្ពុជាកន្លងមក ក្នុងការស្វែងរកសន្តិភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ហើយកាណាដានៅតែចង់ជួយដល់ប្រជាពលរដ្ឋខ្មែរបន្តទៀត”។
បើតាមលោក មុត ចន្ថា កាណាដាបាននិងកំពុងតាមដានអំពីស្ថានភាពនានាក្នុងប្រទេសកម្ពុជា ក៏ដូចជាតាមដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការសវនាការ និងសិទ្ធិសេរីភាពនយោបាយរបស់លោក កឹម សុខា។ ក្នុងឱកាសនោះដែរ លោក កឹម សុខា បានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរាជទូត ដែលទើបតែថ្វាយសារតាំងដល់ព្រះមហាក្សត្រ ដើម្បីបំពេញបេសកនៅកម្មជា។

លោក មុត ចន្ថា អះអាងថា កាណាដា គឺជាប្រទេសមហាអំណាចប្រជាធិបតេយ្យ មានសេដ្ឋកិច្ចចម្រើនជឿនលឿន ជាមិត្តរបស់កម្ពុជា ដូចជាសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ ដែលរហូតបមកដល់បច្ចុប្បន្ននេះ នៅតែទទួលបានផលប្រយោជន៍ពីប្រទេសប្រជាធិបតេយ្យទាំងនេះ សម្រាប់សេដ្ឋកិច្ចយើង រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈទីផ្សារទំនិញពីប្រទេសកម្ពុជា ដូចជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកង់ជាដើម ដែលបង្កើតការងារឲ្យកម្មករខ្មែរ រាប់លាននាក់មានការងារធ្វើ និងមានប្រាក់ចំណូលសព្វថ្ងៃនេះ និងអាចប្រសើរឡើងទៀតទៅអនាគត បើយើងមានទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយគ្នា ដោយគោរពគុណតម្លៃគ្នាទៅវិញទៅមក។
លោក កឹម សុខា បានឲ្យដឹងដែរថា ការសិក្សាស្វែងយល់ អំពីលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស ឬការទំនាក់ទំនង ជាមួយមិត្តរបស់កម្ពុជា គឺមិនមែនជាអំពើក្បត់ជាតិ ឬការបង្ករមហន្តរាយដល់ជាតិ និងប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ គឺជាគុណតម្លៃរបស់មនុស្ស ដែលមានកេរ្តិ៍ឈ្មោះ សាយភាយនាំឲ្យញាតិ មិត្តជិតឆ្ងាយ គោរពរាប់អានដោយសារធ្វើអំពើល្អ មានគោលជំហរត្រឹមត្រូវ មានភាពស្មោះត្រង់ មានការលះបង់អត់ធ្មត់ គឺជាការចូលរួមចំណែកដែលអាចនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
លោក មុត ចន្ថា បញ្ជាក់ថា លោក កឹម សុខា កំពុងរស់នៅក្រោមដំបូលព្រះរាជាណាចក្រកម្ពុជា និងរួមរស់រួមសុខទុក្ខជាមួយប្រជាពលរដ្ឋខ្មែរ ហើយលោកកំពុងតែធ្វើកិច្ចការតាមដែលអាចធ្វើទៅបាន ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ជាក់ស្តែងការធ្វើអន្តរកម្មទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងឱកាសការងារធ្វើសម្រាប់ កម្មករ-កម្មការិនីខ្មែរ៕ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


