នយោបាយ
លោក នេត ភក្រ្តា៖ តុលាការខ្មែរក្រហម រំពឹងប្រកាសសាលដីកាស្ថាពរបញ្ចប់ការតវ៉ា លើជនជាប់ចោទ ខៀវ សំផន នៅចុងឆ្នាំ២០២២
សំណុំរឿង ០០២/០២ ដែលនៅសល់តែជនជាប់ចោទលោក ខៀវ សំផន រំពឹងថានឹងប្រកាសសាលដីកាស្ថាពរបញ្ចប់ការតវ៉ា នៅចុងឆ្នាំ ២០២២ នេះ។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានប្ដឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។

បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម នួន ជា និងខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំក្នុងសំណុំរឿង ០០២/០១ និងរកឃើញមានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២ ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ (សហករណ៍ ការដ្ឋានការងារ ការធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិក ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំជាដើម) ឧក្រិដ្ឋកម្មសង្គ្រាម (មន្ទីរសន្តិសុខ ការបោសសម្អាតផ្ទៃក្នុង ការធ្វើទុកបុកម្នេញលើអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋ ជម្លោះប្រដាប់អាវុធជាដើម) និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម។
ដោយឡែកសំណុំរឿង ០០២/០២ នៅសល់តែជនជាប់ចោទ ខៀវ សំផន ម្នាក់គត់ មានអាយុ៩០ ឆ្នាំ រំពឹងថានឹងប្រកាសសាលដីកាស្ថាពរបញ្ចប់ការតវ៉ា នៅអំឡុងចុងឆ្នាំ ដែលអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរូបនេះបានប្តឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។
សំណុំរឿង០០២/០២ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយផ្ដោតលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ប្រព្រឹត្តឡើងនៅតាមទីកន្លែងនានានៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងប្រទេសដោយរបបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ មករា ឆ្នាំ១៩៧៩។ ក្រោយដំណើរការកាត់សេចក្ដីអស់រយៈពេល៤ឆ្នាំ ពោលគឺនៅថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៨ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានសម្រេចផ្ដន្ទាទោសជនជាប់ចោទលោក ខៀវ សំផន និងលោក នួន ជា ដាក់ពន្ធនាគារអស់មួយជីវិត។
ដោយសារតែលោក នួន ជា អតីតបងធំទីពីរនៃរបបខ្មែរក្រហមបានស្លាប់ អំឡុងពេលជាប់ឃុំខ្លួនក្នុងខែសីហា ឆ្នាំ២០១៩ បទចោទនិងដំណើរការនីតិវិធីប្រឆាំងរូបលោកក្នុងសំណុំរឿង ០០២/០២ ត្រូវផុតរលត់ និងនៅសល់លោកខៀវ សំផន មិនសុខចិត្តចំពោះការសម្រេចនេះ ហើយបានប្រើសិទ្ធិប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល។
នៅក្នុងបណ្ដឹងសាទុក្ខរបស់ខ្លួន ជនជាប់ចោទ ខៀវ សំផន បានដាក់សំណើចំនួន ៣ ចំណុចទៅកាន់តុលាការ៖ ទី១ ជាចម្បង ធ្វើមោឃភាពសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលបានប្រកាសនៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ២០១៨ ដោយសំអាងហេតុពីការរំលោភលើវិធានផ្ទៃក្នុង។ ទី២ ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ។ និងទី៣ ជាបន្ទាប់បន្សំបំផុត កែប្រែការផ្ដន្ទាទោស និងប្រកាសដាក់ទោសឲ្យជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ។
លោក ខៀវ សំផន ដែលជាអតីតមេខ្មែរក្រហមថ្នាក់ខ្ពស់តែម្នាក់គត់ដែលនៅរស់រាន ធ្លាប់ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិតរួចមកហើយ ក្នុងសំណុំរឿង០០២/០១ ទាក់ទិននឹងការជម្លៀសបណ្ដេញចេញដោយបង្ខំពីទីក្រុងភ្នំពេញ និងតំបន់ផ្សេងទៀត និងការសម្លាប់ ទាហានរបបសាធារណរដ្ឋខ្មែរ ក្រោយខ្មែរក្រហមចូលកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥។
គួរបញ្ជាក់ថា ដោយសារតែការខ្វែងគំនិតគ្នានៅដំណាក់កាលអង្គបុរេជំនុំជម្រះ រវាងភាគីជាតិ និងភាគីអន្តរជាតិលើសំណុំរឿង០០៣ ប្រឆាំងនឹងមេទាហានជើងទឹកខ្មែរក្រហម មាស មុត និងសំណុំរឿង ០០៤ ប្រឆាំងនឹងអតីតលេខាតំបន់១៣របស់ខ្មែរក្រហម យឹម ទិត្យ ដំណើរការចុងក្រោយនៃសំណុំរឿង លោក ខៀវ សំផន នេះ អាចឈានទៅរកទីបញ្ចប់របស់សាលាក្ដីកូនកាត់នេះ ដែលបានចំណាយពេល ១៥ ឆ្នាំ និងចាយប្រាក់អស់៣៣០លានដុល្លារអាមេរិក៕
អត្ថបទ៖ វាសនា
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


