នយោបាយ
មន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់រាជធានី-ខេត្ត កំពុងប្រជុំដាក់ផែនការឃោសនាបោះឆ្នោតហើយ
មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស បាននិងកំពុងជួបប្រជុំពិភាក្សាអំពីផែនការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះហើយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៨ ខែឧសភានេះថា សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បាននិងកំពុងជួបប្រជុំដាក់ផែនការហើយ។ នៅពេលដល់ថ្ងៃ គឺសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្ដើមឃោសនាតែម្ដង។
លោកថា «គណបក្សខេត្ត គ្រប់ខេត្ត គេកំពុងតែប្រជុំ ថ្នាក់ស្រុក ថ្នាក់ឃុំ ដើម្បីណែនាំអំពីដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតហ្នឹងឯង ឥឡូវយើងនៅសល់ប៉ុន្មានថ្ងៃទៀតមិនទាន់ដល់ អញ្ចឹងគេប្រជុំឲ្យហើយ បន្ទាប់មកពីថ្ងៃទី ២១ ទៅគេអនុវត្តគោលការណ៍ហ្នឹងហើយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងបន្តថា សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺគណបក្សប្រជាជនកម្ពុជា ប្រគល់ភារកិច្ចនេះឲ្យក្រុមការងារប្រចាំស្រុកនីមួយៗ ជាអ្នកអនុវត្ត ដែលដឹកនាំដោយប្រធានក្រុមការងារ ចុះជួយស្រុកនោះតែម្ដង។
លោក សុខ ឥសាន បានបញ្ជាក់ថា «អត់ទេពីព្រោះការបោះឆ្នោត គឺការបោះឆ្នោតឃុំ-សង្កាត់ ចឹងទេប្រគល់ការងារឲ្យក្រុមការងារ នៅតាមស្រុកហ្នឹងធ្វើ ដើម្បីប្រមូលផ្ដុំឃុំគ្រប់ឃុំនៅក្នុងស្រុកហ្នឹងមកណែនាំ ហើយហែរក្បួនចេញទៅតាមឃុំនីមួយៗ»។
លោកបញ្ជាក់ទៀតថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានការចូលរួមពីសមាជិក-សមាជិកាច្រើន ឬតិច អាស្រ័យលើការចាត់ចែង របស់ក្រុមការងារស្រុកនីមួយៗ។ សម្រាប់អ្នកចូលរួមឃោសនាបោះឆ្នោត នឹងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយក៏ត្រូវគោរពតាមសេចក្ដីណែនាំរបស់ គ.ជ.ប ផងដែរ។
សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ចំណែកឯការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


