ព័ត៌មានជាតិ
គណបក្សថ្មីមួយទៀត ដែលបង្កើតដោយអតីតបក្សប្រឆាំង នឹងចេញជារូបរាង នៅចុងខែនេះ
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ (CNRP) រួមជាមួយអតីតថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនទៀត បានសម្រេចចិត្តបង្កើតគណបក្សថ្មីមួយ ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត នាពេលខាងមុខ ហើយគ្រោងដាក់ពាក្យស្នើសុំបង្កើតបក្សទៅក្រសួងមហាផ្ទៃនាពេលឆាប់ៗខាងមុខនេះ។

លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២០ ខែមករា មុននេះបន្តិចថា មកដល់ពេលនេះ យើងកំពុងជជែកគ្នា ដើម្បីដាក់ថ្ងៃ យកលិខិតទៅក្រសួងមហាផ្ទៃ ហើយក៏មិនឲ្យផុតខែមករានេះដែរ។ ចំពោះឈ្មោះគណបក្ស លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា មានចំនួន២ តែមិនទាន់សម្រេចយកមួយណានោះទេ ដោយរង់ចាំជជែកគ្នាជាមួយថ្នាក់ដឹកនាំបន្ថែមទៀត ប៉ុន្តែប្រភពមួយចំនួនបានទម្លាយថា គណៈបក្សនោះមានឈ្មោះ “គណបក្សកែទម្រង់ជាតិ”។
លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា អ្វីដែលជំរុញឲ្យយើងបង្កើតគណបក្សនេះ គឺក្រោយពីមានការពិភាក្សាគ្នាពីថ្នាក់ដឹកនាំជាច្រើន។ ក្នុងនោះក៏មានលោក សុន ឆ័យ ផងដែរ តែមកដល់ពេលនេះ លោកស៊ុន ឆ័យ នៅមិនទាន់ត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែលោកនឹងពិភាក្សាបន្ថែមជាមួយលោក សុន ឆ័យ នៅខែក្រោយ បន្ទាប់ពីលោកត្រឡប់មកពីប្រទេសអូស្ត្រាលី។ លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងដែរថា ការសម្រេចបង្កើតគណបក្សនេះ ក៏មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានចូលរួមផងដែរ ប៉ុន្តែនៅមានបញ្ហាខ្លះទាក់ទងទៅនឹងសិទ្ធិធ្វើនយោបាយ ដោយសារតែពួកគាត់កំពុងតែជាប់បំរាម តែទោះបីជាយ៉ាងណាក៏ដោយ នឹងមានការចូលរួមច្រើន នៅពេលក្រោយ។ លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ដែរថា អ្វីដែលយើងសម្រេចដាក់ពាក្យបង្កើតគណបក្សនៅពេលនេះ គឺកុំឲ្យយឺតពេល ក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ តែនៅសល់ប្រមាណជិត២ឆ្នាំប៉ុណ្ណោះ ដូច្នេះយើងត្រូវការពេលវេលាខ្លះ ដើម្បីរៀបចំខ្លួនចូលរួមនៅក្នុងការបោះឆ្នោតនេះ។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន គោលនយោបាយសំខាន់របស់គណបក្ស ដែលលោកបម្រុងបង្កើតនេះ ទាក់ទងទៅនឹងការឯកភាព ជាតិ ដោយសារតែលោកមើលឃើញអំពីជម្លោះរវាងខ្មែរគ្នាឯង ហើយទីពីរទៀត ដោយមើលឃើញនៅមានបញ្ហា នៅក្នុងស្ថាប័នមួយចំនួន ដែលត្រូវធ្វើការកំណែទម្រង់ ដោយភ្ជាប់ជាមួយនូវលក្ខខណ្ឌជាក់លាក់។ បញ្ហាសំខាន់មួយទៀត គឺមើលឃើញអនាគតរបស់កម្ពុជា សម្រាប់រយៈពេល២០-៣០ឆ្នាំទៀត តើត្រូវគ្រប់គ្រងខ្លួនឯងរបៀបម៉េច ? ជាពិសេសការចោទប្រកាន់គ្នា ពីការហូរចូលនៃនិគមជនបរទេស ដែលមានជន ជាតិចិន ជនជាតិយួនជាដើម និងមានការចោទប្រកាន់ថា អាចនឹងមកគ្រប់គ្រងប្រទេសកម្ពុជាជាដើម។ ដូច្នេះយើងនឹងធ្វើគោលនយោបាយមួយជាក់លាក់ ដើម្បីធានាថា វាសនាកម្ពុជាត្រូវបានគ្រប់គ្រងដោយប្រជាពលរដ្ឋខ្មែរពិតប្រាកដ មិនថាគណបក្សណានោះទេ។

សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ស្ថិតនៅក្នុងចំណោមអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវហាមឃាត់ធ្វើនយោបាយចំនួន១១៨ រូប ប៉ុន្តែលោកបានសុំសិទ្ធិធ្វើនយោបាយ និងទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ហើយក្រៅពីលោក អ៊ូ ច័ន្ទរ័ត្ន ក៏មានអតីតមន្ត្រីជាន់ខ្ពស់មួយ ចំនួនផ្សេងទៀត ក៏ទទួលបាននីតិសម្បទាឡើងវិញ ផងដែរ។ ក្នុងចំណោមអ្នកទទួលបាននីតិសម្បទាឡើងវិញវិញទាំងនោះ ក៏មានអតីតថ្នាក់ដឹកនាំមួយចំនួនចេញទៅបង្កើតគណបក្សផ្សេងផងដែរ ដែលមានដូចជា លោក ជីវ កត្តា បានបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ និងលោក រៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្សនិយម ចំណែកលោក គង់ គាំ បានទៅធ្វើជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


