Connect with us

នយោបាយ

កម្ពុជា-ចិន ឯកភាពនូវការបន្ស៊ីគ្នាជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែរក្រវ៉ាត់ និងផ្លូវ

បានផុស

នៅ

កម្ពុជា-ចិន បានឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នាជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ ផ្ដោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន០៦ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន សម្រេចបាននូវការអភិវឌ្ឍរួមប្រកបដោយចីរភាព និងគុណភាពខ្ពស់។ នេះបើតាមសេចក្ដីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន កម្រាស់៦ទំព័រ ចេញដោយក្រសួងការបរទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសរួមដដែល ភាគីទាំងពីរបានផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគ និងសមត្ថភាពផលិត ជាមួយនឹងទស្សនៈវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូនៃតំបន់សេដ្ឋកិច្ចពហុបំណង រួមគ្នាធ្វើការសិក្សាលើ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” នៅកម្ពុជា។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញបន្ថែមនូវសហគ្រាសចិនដែលមានសមត្ថភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ខណៈលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេសទាំងពីរលើវិស័យកសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី ថាមពល និងកម្មន្តសាល។

ជាមួយគ្នានេះ ភាគីចិន គាំទ្រការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា និងរួមគ្នាធ្វើការសិក្សាលើការរៀបចំផែនការបឋម និងការ រចនា ក៏ដូចជា ការសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ច ខណៈធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់ ប្រព្រឹត្តកម្មទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំពារជាច្រើនទៀត ក៏ដូចជា កិច្ចសហប្រតិបត្តិការអគ្គិសនី និងបណ្ដាញថាមពល។

លើសពីនេះ កម្ពុជា-ចិន ក៏បានយល់ព្រមពន្លឿនវឌ្ឍនភាពនៃច្រករបៀងមច្ឆា និងអង្ករ ដោយផ្តោតសំខាន់លើកសិផល ដូចជា តី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើន ទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និងអង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម គួរផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់នានាដែលបង្ហាញពីកសិកម្មទំនើប នឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរកសិកម្មឌីជីថល ក៏នឹងត្រូវបានអនុវត្ត។

បន្ថែមពីនេះ ភាគីទាំងពីរ បានយល់ព្រមធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងចត្តាឡីស័ករវាងប្រទេសទាំងពីរ។ ស្វែងរកការផ្លាស់ប្តូរព័ត៌មានឆ្លងដែនផងដែរ តាមរយៈ “ច្រកចេញចូលតែមួយ» ខណៈធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការចត្តាឡីស័ករុក្ខជាតិ និងសត្វ សុវត្ថិភាពម្ហូបអាហារ និងពន្លឿនការចរចាលើពិធីសារចត្តាឡីស័កសម្រាប់ការនាំផលិតផលកសិកម្ម និងម្ហូបអាហារទៅចិន។

ផ្តល់ឱ្យគណៈកម្មាធិការសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-ចិន នូវតួនាទី ដឹកនាំពេញលេញ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មដែលផ្ដល់ផល ប្រយោជន៍ទៅវិញទៅមករវាងបណ្តាសហគ្រាសនៃប្រទេសទាំងពីរ។ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ខណៈទាញយកឱ្យបានពេញលេញនូវសក្តានុពលនៃពាណិជ្ជកម្មទ្វេភាគី និង ធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៃផលិតផលកម្ពុជានៅក្នុងប្រទេសចិន តាមរយៈយន្តការ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកទ្វេភាគី ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំ ចេញ-នាំចូលចិន ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ពិព័រណ៍អាស៊ាន-ចិន។ល។ លើកកម្ពស់ការអនុវត្តប្រកបដោយគុណភាពខ្ពស់នូវកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ព្រមទាំងជំរុញការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។

បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង ដែលមានស្ថិរភាព និងអាចទុកចិត្តបាន ជំរុញការបង្កើតគម្រោងតំបន់បង្ហាញការបញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុនៅខេត្តព្រះសីហនុ អនុវត្តកិច្ចសហប្រតិបត្តិក្នុងកិច្ចសន្ទនាគោលនយោបាយ ការស្រាវជ្រាវរួម និង ការកសាងសមត្ថភាពដោយផ្តោតសំខាន់លើការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការបំពុល បរិស្ថាន និងសេដ្ឋកិច្ចចរន្ត អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រយោជន៍រួមដូចជាការ គ្រប់គ្រងធនធានទឹកឱ្យបានគ្រប់ជ្រុងជ្រោយ ការបង្ការគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ និង សុវត្ថិភាពទឹកបរិភោគនៅតាមជនបទ។

ភាគីចិនបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា តាមរយៈការអនុវត្តបន្ថែមទៀតនូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ សកល និងគម្រោងនានាដូចជា ផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។ ភាគី កម្ពុជាសូមថ្លែងអំណរអរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ចិន។

ភាគីចិន បានប្រកាសបន្តគាំទ្រយុវជនកម្ពុជាទៅសិក្សានៅប្រទេសចិន។ លើកកម្ពស់ផ្ទះយុវជនសម្រាប់មិត្តភាព កម្ពុជា-ចិន ឱ្យក្លាយជាវេទិកាសម្រាប់ពង្រឹងការផ្លាស់ប្ដូរ និងបណ្តុះបណ្តាលយុវជនរវាងប្រទេស ទាំងពីរ ជំរុញការបង្កើតវិទ្យាស្ថានខុងជឺ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការអប់រំ ភាសាចិននៅកម្ពុជា។ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិកាលើការអប់រំវិជ្ជាជីវៈ ក្នុងក្របខណ្ឌ នៃសម្ព័ន្ធអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ខណៈលើកកម្ពស់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃស្តង់ដារចុះឈ្មោះជំនាញវិជ្ជាជីវៈ។ ភាគីចិននឹងបន្តផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលចិនដល់និស្សិតកម្ពុជា។

ជាពិសេស បង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រួមទាំងឱសថបុរាណចិន និងវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិន ជំរុញការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការឱសថបុរាណ កម្ពុជា-ចិន។ ភាគីចិននឹងបន្តបញ្ជូនក្រុមគ្រូពេទ្យឱសថបុរាណចិនមកកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម