នយោបាយ
សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ
ថ្លែងចេញពីមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងយ៉ាងច្បាស់នូវគោលជំហរក្នុងការមិនអនុញ្ញាតជាដាច់ខាតការតាំងមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជា។

តាមរយៈសុន្ទរកថាមានរយៈពេលប្រមាណ១៥នាទី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសប្រឆាំងជាដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។
នៅចំពោះមុខលោកប្រធានមហាសន្និបាត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាមេដឹកនាំនៃរដ្ឋជាសមាជិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងយ៉ាងច្បាស់ថា៖ «កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ»។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី ចង់បញ្ជាក់ថា កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀតឡើយ។ សម្ដេច សង្កត់ធ្ងន់ថា កម្ពុជា នឹងខិតខំបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់ពិភពលោក។

ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសហគមន៍អន្ដរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ ហើយពង្រឹងសាមគ្គីភាពសកលឡើងវិញ។
ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ សម្ដេចធិបតី បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព ហើយកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ចំពោះប្រតិបត្តិការរក្សាសន្ដិភាពនេះ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


