Connect with us

នយោបាយ

ថៃ​ឡាំប៉ាមិនឱ្យអាយប៉ា​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមលើរឿង​ជម្លោះព្រំដែនជាមួយ​កម្ពុជា

បានផុស

នៅ

ប្រតិភូ​សភា​កម្ពុជា​ដែលដឹក​នាំ​ដោយ​ប្រធានសភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​បង្ហាញ​ការពិត​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃទៅ​កាន់​ថ្នាក់​ដឹក​នាំ​សភា​នៅ​តំបន់​អាស៊ាន និង​ដៃគូ បង្កើត​បាន​ជាសំឡេង​គាំទ្រមួយចំពោះ​កម្ពុជា​ ខណៈ​ថៃ​ឡាំ​ប៉ា​មិន​ឱ្យ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមនោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈកម្មការ​កិច្ច​ការ​បរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​រដ្ឋសភា​លោក សួស យ៉ារ៉ា បាន​ថ្លែង​ក្នុង​វីដេអូ​ពិសេសនៅ​ថ្ងៃទី​១៧ ខែកញ្ញាថា ពេល​នេះ​សំឡេង​ត្រូវ​ការ​សន្ដិភាពរបស់​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​អាស៊ាន និង​ប្រទេស​ជា​មិត្តអាស៊ានបាន​ដឹង​ឮព្រមទាំង​បាន​ឡើង​ថ្លែង​ជា​បន្តបន្ទាប់​ពី​ចំណាប់​អារម្មណ៍​ពួកគេ​លើ​បញ្ហា​ព្រំដែន​កម្ពុជា ហើយ​មាន​តែ​ថៃ​មួយ​ទេ​ដែល​ជំទាស់​មិន​ឱ្យចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​។

លោក​ថា៖ «បណ្ដាប្រទេស​ដែល​ជាសមាជិក​សភា​អាស៊ាន​ឯកឧត្តម​លោក​ជំទាវ​ដែល​ជា​សមាជិក​ផ្សេង​ៗ​លោក​បាន​ថ្លែង​គាំទ្រ​ធ្វើ​មិចឱ្យ​ប្រទេស​ទាំង​ពីរ​រក្សា​បទ​បាញ់​ឱ្យ​បាន​ជា​គោល​ការណ៍​ ហើយ​និងអនុវត្តន៍​បទ​ឈប់បាញ់​ឱ្យ​បាននៅ​តំបន់​។ មិនគួរ​មាន​ព្រឹត្តិការណ៍កើតឡើងដូច​ថ្ងៃ​នេះ​បន្តទៀត​ទេ​! ពួកគេ​នឹង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ទោះ​បី​ជា​មាន​ការ​ប្រកែក​និង​ជំទាស់​ពី​ប្រតិភូ​ថៃ​ក្នុង​ការ​ចេញ​នូវ​សេចក្ដី​ថ្លែង​ការ​ណ៍រួម​ក៏័ដោយ​»។

បើទោះ​បី​ជា​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ក្ដីបើ​តាម​លោក​ សួស យ៉ារ៉ា ថាបញ្ហា​នេះនឹងត្រូវ​សមាជិក​សភាតំបន់​អាស៊ាន​នឹង​បន្ត​យក​ចិត្ត​ទុកដាក់​។

ប្រតិកម្មរបស់​សមាជិក​សភា​អាស៊ានលើ​ថៃ​នេះ​កើតឡើង​ស្រប​ពេល​ដែល​​ទាហាន​ថៃ​បាញ់ចូល​មក​រាយលួស​បន្លា បាញ់​គ្រាប់​ជ័រ និង​ឧស្ម័នបង្ហូរទឹក​ភ្នែកលើ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមាន​ជ័យ​កាលពី​ថ្ងៃ១៧ ខែ​កញ្ញាម្សិលមិញផងដែរ។ លោក សួស​ យ៉ារ៉ា ​ថាពេល​នេះ​ភាព​អត់​ធ្មត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​បញ្ហា​ព្រំដែន​ត្រូវ​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ពិសេស​ ហើយ​អន្តរជាតិ​កំពុង​តែ​ចូលរួម​និង​តាម​ដាន​លើ​ករណីនេះ​ហើយ​។

អ្នក​តាមដាន​ភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច ប្រាប់​កម្ពុជា​ថ្មី​ថាថ្វីត្បិត​តែ​អាស៊ាន​មាន​គោលការណ៍​កុង​សង់ស៊ីស​ដែល​ត្រូវ​ការ​សំឡេង​រួម​ដើម្បីចេញ​សេចក្ដី​ថ្លែង​ការណ៍​ តែ​សកម្មភាពរបស់​ថៃបានបង្ហាញ​ថា​ប្រទេស​នេះ​កំពុង​ខ្លាច​ស្រមោល​ខ្លួន​ឯង និង​ព្យាយាមមិនឱ្យ​អន្តរជាតិ​ដឹង​ឮនោះទេ។

លោកថា៖ «ដូច្នេះ​ពេល​នេះ​អន្តរជាតិ​អាច​មើល​ឃើញ​ហើយ​ថា ​ភាគី​ណា​ជា​អ្នក​គោរព​នូវ​ច្បាប់​អន្តរជាតិគោរព​នូវ​កិច្ច​ព្រមព្រៀង​។ [..] កម្ពុជា​ជា​ប្រទេស​ដែល​គោរព​នូវ​ច្បាប់​អន្តរជាតិ និង​កិច្ច​ព្រមព្រៀង​ហើយ​តែង​តែ​លើ​ក​បញ្ហា​នេះ​ទៅ​ភាគី​ទី៣​ និង​អន្តរជាតិ​ដើម្បី​ចូលរួម​ដោះស្រាយ​ទាំង​អស់​គ្នា​តែ​ថៃ​ផ្ទុយ​ពី​នេះ»។

គួរ​ឱ្យ​ដឹង​ផងដែរ​ ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភាធិបតី ឃួន សុដារី បាន​ដឹក​នាំប្រតិភូ​កម្ពុជា​ទៅ​ចូល​រួម​មហាសន្និបាត​អន្តរសភាអាស៊ាន (អាយប៉ា) លើក​ទី​៤៦ នៅ​ទីក្រុង​គួឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ីចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី២១ ខែ​កញ្ញា​នេះ។ ថ្លែង​ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាសម្ដេច​បាន​ឡើង​ថ្លែង​ដោយ​ជំរុញ​ដល់​អាយប៉ាគួរ​តែ​មាន​ភាពរហ័ស​រហួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​សម្ដេច​ស្នើឱ្យអាយប៉ាដាក់បញ្ជូល ការ​លើក​កម្ពស់​សន្ដិភាព និង​សន្ដិសុខ សាមគ្គី​ភាពទៅក្នុងសេចក្ដី​សម្រេច​របស់​មហាសន្និបាត​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម