Connect with us

សន្តិសុខសង្គម

ករណី Online Scam នៅសង្កាត់ឃ្មួញ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិន និង ជប៉ុន ៨ នាក់ ក្នុងពន្ធនាគារ PJ

បានផុស

នៅ

កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ ថ្មីៗ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន ៨ នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន ៨ ផ្សេងគ្នា ចេញដោយលោក គុជ តារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទទាំង ៨ នាក់នោះ មានជនជាតិចិន ៣ នាក់ និងជនជាតិជប៉ុន ៥ នាក់ រួមមាន ៖ ១-ឈ្មោះ ZHENG YUSONG ភេទប្រុស ជនជាតិចិន , ២-ឈ្មោះ CUI SHENG XUN ភេទប្រុស ជនជាតិចិន , ៣-ឈ្មោះ WU SHENG LONG ភេទប្រុស ជនជាតិចិន , ៤-ឈ្មោះ MIDORIKAWA AYUMU ភេទប្រុស ជនជាតិជប៉ុន , ៥-ឈ្មោះ NOMOTO KOJI ភេទប្រុស ជនជាតិជប៉ុន , ៦-ឈ្មោះ MATSUMOTO TAKAYUKI ភេទប្រុស ជនជាតិជប៉ុន , ៧-ឈ្មោះ MIYAKUSHI HARUKI ភេទប្រុស ជនជាតិជប៉ុន និង ៨-ឈ្មោះ HAMADA AKIRA ភេទប្រុស ជនជាតិជប៉ុន។

ជនត្រូវចោទទាំងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ: ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង (Online scam) ប្រព្រឹត្តនៅទីតាំង អគារខុនដូ ភ្នំពេញកាឡាក់ស៊ីហ្កាដេន ជាន់ទី ១៣ បន្ទប់លេខ ១៣១៦ និង បន្ទប់លេខ ១៣១៨ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និង មាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣៧៧ បានឱ្យនិយមន័យ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយ ដោយប្រើ ឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬ ដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ: ១-ការប្រគល់មូលនិធិ តម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ , ២-ការផ្គត់ផ្គង់សេវា , ៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។ ចំពោះមាត្រា ៣៨០ បានចែងថា អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះបានប្រព្រឹត្តជាក្រុមមានការចាត់តាំង។

លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបជូនថា ចាប់ពីខែកក្កដា ឆ្នាំ ២០២៥ ដល់ខែមីនា ឆ្នាំ ២០២៦ នេះ ពោលគឺក្នុងរយៈពេល ៩ ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង ២៥០ ករណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួនជាង ៨០ ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណជាង ៧៥០ នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ ដែរ៕
ប្រភព ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម