សន្តិសុខសង្គម
រដ្ឋមន្រ្តីបរិស្ថាន ជំរុញឲ្យប្រជាសហគមន៍ ដាំដើមឈើ ដើម្បីបង្កើនប្រាក់ចំណូល
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។

ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយមិនមានទៀតទេនូវការកាប់រានព្រៃ ឬការដកហូតអនុផលព្រៃឈើលើសលប់។
លោក ទេព ម៉ាឡា បន្ថែមថា តំបន់នេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ ទេសភាពដងព្រែក ភូមិបុរាណ និងការជិះទូកលេងកម្សាន្ត ដែលធ្វើឲ្យប្រជាសហគមន៍ ទទួលបានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ យ៉ាងណាក្ដី ទន្ទឹមនឹងមានការគាំទ្រពីភ្ញៀវទេសចរលើធនធានធម្មជាតិ កត្តាផ្លូវ ចំណតឡាន ទឹកស្អាត និងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់ភ្ញៀវទេសចរ ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀតរបស់សហគមន៍ផងដែរ។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើ គឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់កាបូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ។

សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ នេះ និងមានសមាជិកចំនួន ១៧៧គ្រួសារ រស់នៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។ សហគមន៍មានផ្ទៃដីសរុបចំនួន ៩៧,៣ហិកតា ដែលមានសក្តានុពលធម្មជាតិ ដូចជាព្រៃឈើ ព្រៃកោងកាង ទឹកធ្លាក់ ទេសភាពតាមដងព្រែក ភូមិបុរាណ រួមនឹងការនេសាទសមុទ្រ ដែលកំពុងទទួលបានការចាប់អារម្មណ៍អ្នកទេសចរមកទស្សនាជាបន្តបន្ទាប់។
គួររម្លឹកដែលថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូល ពីការលក់កាបូននេះ គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយ ភាពធន់ និងវិបត្តិនានា៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


