សន្តិសុខសង្គម
ក្រុមបាញ់រះជាង២០០គ្រាប់នៅភ្នំគិរីរម្យ៤នាក់បានចូលខ្លួនសារភាព ខណៈម្ចាស់ទីតាំងកំពុងគេចខ្លួន
មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ហើបប្រាប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ក្រុមមុខជនសង្ស័យដែលបង្កការបាញ់បោះសេរីយ៉ាងអាណាធិបតេយ្យក្នុងតំបន់ចំការតែលើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» កាលពីសប្តាហ៍មុនល្បីល្បាញកក្រើកពេញផ្ទៃប្រទេសនោះ បានចូលខ្លួនបង្ហាញមុខចំពោះសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដោយនាំយកមកទាំងវត្ថុតាងផងដែរ។

តាមប្រភពព័ត៌មាន បានឱ្យដឹងបន្ថែមទៀតថា «ក្រុមខ្មាន់កាំភ្លើងចំនួន៤នាក់ ដែលបាញ់បោះសេរីក្នុងកម្មវិធីផឹកស៊ីសប្បាយអបអរសាទរថ្ងៃខួបកំណើត ស្ថិតក្នុងដីចំការលំហែរផ្ទះក្រហមលើឧទ្យានជាតិ ព្រះកុសមៈ គិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននាំយកទាំងអាវុធជាវត្ថុតាងចូលខ្លូនមកសារភាពកំហុស នៅការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ»។

លោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មិនទំនាក់ទំនងសុំការបញ្ជាក់បន្ថែម ករណីជនពាក់ព័ន្ធក្នុងការបាញ់បោះសេរីលើខ្នងភ្នំគិរីរម្យនោះបានឡើយ។ ដោយឡែក លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដឹងថា ករណីនេះ នគរបាលកំពុងបន្តនីតិវិធី មិនទាន់បានបញ្ជូនខ្លួននរណាម្នាក់ទៅតុលាការនោះទេ ដោយមានអ្នកពាក់ព័ន្ធចំនួន៤នាក់ចូលខ្លួនមកសារភាពរួមជាមួយអាវុធ ៣ដើម ហើយមេក្លោងជាម្ចាស់ផ្ទះលំហែ ទីតាំងកើតហេតុការណ៍បាញ់បោះសេរីនេះ ក៏ជាកម្មសិទ្ធរបស់ឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន។

តាមប្រភពព័ត៌មានពីមន្ត្រីតុលាការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រុមជនបង្កការបាញ់បោះសេរី ក្នុងតំបន់ចំការតែ លើឧទ្យាជាតិ ព្រះកុសមៈ គិរិរម្យ កាលកន្លងទៅថ្មីនេះ ពិតជាមានបានចូលសារភាពពិតប្រាកមែន តាមដីកាបង្គាប់ឱ្យចូលខ្លួន ប៉ុន្តែអត្តសញ្ញាណយើងមិនទាន់អាចបង្ហាញជាសាធារណបាននោះទេ ព្រោះកំពុងស្ថិតក្នុងការតាមដាន ហើយពេលនេះ ជនទាំង៤នាក់នាក់សមត្ថកិច្ចជំនាញផ្នែកសន្តិសុខកំពុងសាកសួរតាមនិតិវិធី។

សូមរំឭកថា កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្នុងទីតាំងដីចំការលំហែ ផ្ទះក្រហម ស្ថិតក្នុងតំបន់ចំការតែលើឧទ្យានជាតិ «ព្រះកុសមៈ គិរីរម្យ» មានរៀបចំកម្មវិធីខួបកំណើតរបស់ម្ចាស់ចំការមានឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ជាមន្ត្រីនគរបាល នៃអគ្គស្នងការនគរបាលជាតិ ដោយមានការជួបជុំគ្នាផឹកស៊ីសប្បាយយ៉ាងគគ្រឹកគគ្រេងចាក់ធុងបាស់រហូតដល់ស្រវឹង ស្រាប់តែនៅយប់នោះមានឮសំឡេងផ្ទុះអាវុធយ៉ាងច្រើនគ្រាប់បង្កឱ្យប្រជាពលរដ្ឋភ័យខ្លាច ប៉ុន្តែមិនរំខានសមត្ថកិច្ចនោះទេ ដោយក្រុមនេះប្រហែលបាញ់បោះពីយប់មិនអស់ចិត្ត និងចង់បង្ហាញឥទ្ធិពលរបស់ខ្លួនព្រឹកថ្ងៃទី១២ វិច្ឆិកា បានផ្ទុះអាវុធបន្ថែមទៀត។

ក្រោយការផ្ទុះអាវុធបាញ់បោះសេរីល្បីល្បាញពេញផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចម្រុះចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុសាកសួរសាក្សី និងប្រមូលសំបកគ្រាប់កាំភ្លើងវែងខ្លីប្រមាណជាង ២០០គ្រាប់ និងបានកំណត់អត្តសញ្ញាណក្រមជនបង្កដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

គិតត្រឹមរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមអ្នកសារព័ត៌មាន ព្យាយាមទំនាក់ទំនងសុំអត្តសញ្ញាក្រុមជនបង្កទាំង៤នាក់ដែលចូលខ្លូនមកសារភាព ប៉ុន្តែមិនទាន់មានការបញ្ជាក់ប្រាប់នោះទេ ព្រោះសមត្ថកិច្ចអះអាងកំពុងស្ថិតក្នុងការស្រាវជ្រាវ និងតាមដាននៅឡើយ៕
អត្ថបទ៖ ភួង រដ្ឋា



-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ភ័យស្លន់ស្លោ ក្រោយឃើញផ្លែប៉ោមមួយផ្លែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
រដ្ឋមន្រ្តីក្រសួងសាធារណការ បង្ហាញពីវឌ្ឍនភាពការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ផ្លូវល្បឿនលឿនពីព្រលានយន្តហោះថ្មីមកក្រុងសៀមរាប នៅមិនទាន់កំណត់ថ្ងៃបើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ម្ចាស់ Miss Universe ថៃ ដាក់ឯកសារប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់