សន្តិសុខសង្គម
មេពន្ធនាគារ ជំរុញឱ្យមន្រ្តីពន្ធនាគារខេត្តពង្រឹងសន្តិសុខ បង្ការអ្នកទោសរត់ចេញពីពន្ធនាគារ
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្រ្តីពន្ធនាគារខេត្តព្រះសីហនុ ពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពពន្ធនាគារ ដើម្បីបង្ការអ្នកទោសរត់គេចចេញពីពន្ធនាគារ។
ការជំរុញនេះធ្វើឡើងនាឱកាស លោក ឈន សាណាត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោកបានក្រើនរំឭកដល់មន្រ្តីពន្ធនាគារត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការងារគ្រប់គ្រងបញ្ជីវត្តមានមន្រ្តី និងអនុវត្តការងារដឹកនាំគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់តាមតួនាទីភារកិច្ច និងបែងចែកការទទួលខុសត្រូវ ដើម្បីធានាបានការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព។ លោកបានសង្កត់ធ្ងន់ថា៖«ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេសបង្ការចៀសវាងមានសកម្មភាពរត់គេចខ្លួន ដោយបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យឆែកឆេររកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ»។

លោកក៏បានណែនាំឱ្យមន្រ្តីទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងមានទម្លាប់ធ្វើការងារជាក្រុម ជាពិសេសត្រូវរួបរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការងារតូចក្តី ធំក្តី ដោយរាយការណ៍អំពីសច្ចភាព តម្លាភាព ភាពស្មោះត្រង់ និងភាពជឿទុកចិត្តគ្នា។
លោក ឈន សាណាត បានផ្តល់អនុសាសន៍ដល់មន្រ្តីពន្ធនាគារគ្រប់រូប គប្បីមានអកប្បកិរិយាសុភាពរាបសារថ្លៃថ្នូរដោយប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌បទវិន័យមន្រ្តីពន្ធនាគារ ចៀសវាងភាពអសកម្មនានា និងមិនត្រូវយកឥទ្ធិពល ឬអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធិជនជាប់ឃុំ ឬជនដទៃឡើយ។

ការណែនាំនេះ បន្ទាប់ពីមានជនជាប់ឃុំជនជាតិវៀតណាមឈ្មោះ ង្វៀង តុងហ្វឹង កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ បានធ្វើសកម្មភាពរត់គេចចេញពីពន្ធនាគារខេត្តស្វាយរៀង។ ក្រោយរត់គេចខ្លួនបានប៉ុន្មានថ្ងៃ ជនជាប់ឃុំរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញ ដើម្បីអនុវត្តទោសតាមនីតិវិធីច្បាប់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


